ដោយ: ម៉ាលីស
ភ្នំពេញ៖ វិស័យផ្សារទំនើបបានរីកចម្រើនយ៉ាងខ្លាំងនៅកម្ពុជា គិតមកទល់ពេលនេះ ផ្សារទំនើបបានរីកដុះដាល ស្ទើរគ្រប់បណ្តាខេត្តនិងក្រុង នៅកម្ពុជាដោយមានប្រភេទផ្សេងៗគ្នា។ ប្រភេទផ្សារទំនើបដែលពេញនិយមនៅកម្ពុជា យើងចែកចេញជា៣ប្រភេទមានដូចជា៖
១. ផ្សារទំនើបខ្នាតធំ (shopping malls)៖ ជាប្រភេទផ្សារទំនើបដែលមានបរិវេណធំ ហើយទីតាំងសម្រាប់ជួលធ្វើអាជីវកម្មក៏មានចំនួនច្រើនផងដែរ។ តួយ៉ាងដូចជា ផ្សារទំនើប AEON Mall ជាប្រភេទផ្សារទំនើបដែលមានបរិវេណធំទូលាយ ហើយបច្ចុប្បន្នផ្សារទំនើបនេះមានពីរសាខាកំពុងបើកដំណើរការ និងមួយសាខាផ្សេងទៀតកំពុងសាងសង ហើយត្រៀមបើកដំណើរការនៅឆ្នាំ២០២២ខាងមុខ។
២. ផ្សារទំនើបសហគមន៍ (community malls)៖ ផ្សារទំនើបសហគមន៍ភាគច្រើនផ្តោតលើការផ្តល់សេវាកម្ម ម្ហូបអាហារ និងភេសជ្ជៈ (F&B) សេវាកម្មកម្សាន្ត និងកន្លែងលក់សម្លៀកបំពាក់។ ផ្សារទំនើបប្រភេទនេះកំពុងពេញនិយមក្នុងចំណោមប្រជាជន ហើយគម្រោងជាច្រើនកំពុងសាងសង់ និងត្រៀមបើកដំណើរការនាពេលខាងមុខ។ ប្រភេទផ្សារទំនើបសហគមន៍មានដូចជា MIDTOWN Mall Downtown 93 Noro Mall ។ល។
៣. ផ្សារទំនើប Retail Podium៖ ផ្សារប្រភេទនេះត្រូវបានបង្កើតឡើងក្នុងទីតាំងអគារខុនដូ ឬអគារពាណិជ្ជកម្មផ្សេងៗ ដែលសម្រួលដល់អ្នករស់នៅក្នុងអគារខុនដូ ឬអ្នកធ្វើការនៅក្នុងអគារពាណិជ្ជកម្មនោះ។ សេវាកម្មចម្បងៗនៅក្នុងផ្សារទំនើបប្រភេទនេះគឺផ្តោតលើសេវាកម្មមួយចំនួនដូចជា សម្លៀកបំពាក់ និងគ្រឿងសម្អាងដែលមានយីហោល្បីៗ (fashion) អាហារ និងភេសជ្ជៈ និងសេវាកម្មកម្សាន្ត៕