រដ្ឋាភិបាលជប៉ុនគ្រោងបញ្ចេញកញ្ចប់ថវិកាជាតិដ៏ធំបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រសម្រាប់ឆ្នាំសារពើពន្ធ២០២២

0

ដោយ៖ សុខុម

តូក្យូ: រដ្ឋាភិបាលជប៉ុនគ្រោងបញ្ចេញកញ្ចប់ថវិកាជាតិប្រចាំឆ្នាំដ៏ធំបំផុតមិនធ្លាប់មានរបស់ខ្លួនរហូតដល់ទៅ៩៤៣ពាន់លានដុល្លារអាមេរិក នៅថ្ងៃសុក្រ ទី២៤ ធ្នូ ស្អែកនេះសម្រាប់ឆ្នាំសារពើពន្ធ២០២២ ដែលគិតពីខែមេសា ឆ្នាំក្រោយ។

យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters ឱ្យដឹងថា កញ្ចប់ថវិកាជាតិប្រចាំឆ្នាំដំបូង ដែលស្នើឡើងដោយរដ្ឋាភិបាលជប៉ុន ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រី Fumio Kishida នេះគឺសម្រាប់ចំណាយទៅលើវិធានការទប់ស្កាត់ការរីករាលដាលវីរុសកូវីដ-១៩ ការចំណាយលើសន្តិសុខសង្គម ដើម្បីជួយឧបត្ថម្ភដល់ប្រជាជន ដែលមានវ័យចាស់យ៉ាងឆាប់រហ័សរបស់ប្រទេសនេះ និងការចំណាយវិស័យយោធាដើម្បីទប់ទល់នឹងការគំរាមកំហែងពីសំណាក់មហាយក្សចិន។

កញ្ចប់ថវិកាជាតិប្រចាំឆ្នាំដ៏ច្រើនសន្ធឹកសន្ធាប់មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រជប៉ុននេះឆ្លុះបញ្ចាំងពីបញ្ហាប្រឈមដ៏ធំ ដែលធ្វើឱ្យនាយករដ្ឋមន្ត្រី Fumio Kishida ពិបាកនឹងសម្រេចបាន “មូលធននិយមថ្មី” ជាមួយនឹងការជំរុញកំណើន និងភាពសប្បូរសប្បាយ ព្រមទាំងការស្ដារប្រព័ន្ធហិរញ្ញវត្ថុសាធារណៈដែលមានសភាពកាន់តែទ្រុឌទ្រោម។

កញ្ចប់ថវិកាជាតិសម្រាប់ឆ្នាំសារពើពន្ធ២០២២ នេះកើនឡើង១%ពីកម្រិតស្នើដំបូងសម្រាប់ឆ្នាំនេះ ហើយវាជាកំណើនរយៈពេល១០ឆ្នាំជាប់ៗគ្នា។

ខណៈក្រុមអ្នកបង្កើតគោលនយោបាយទូទាំងពិភពលោក រាប់ចាប់ពីតំបន់អឺរ៉ុប រហូតដល់សហរដ្ឋអាមេរិក កំពុងកាត់បន្ថយកញ្ចប់ថវិកាស្ដារសេដ្ឋកិច្ចពីវិបត្តិកូវីដ១៩ ការងើបឡើងដ៏ផុយស្រួលនៃសេដ្ឋកិច្ចជប៉ុន បានធ្វើឱ្យរដ្ឋាភិបាលជប៉ុនបន្តបង្កើនកញ្ចប់ថវិកាជាតិជាលំដាប់កាន់តែច្រើនឡើងៗ រហូតធ្វើឱ្យបំណុលសាធារណៈកើនឡើងលើសទ្វេដងនៃទំហំសេដ្ឋកិច្ចរបស់ខ្លួន៕

LEAVE A REPLY

Please enter your comment!
Please enter your name here