ដោយ៖ វឌ្ឍនៈ
ភ្នំពេញ ៖ កម្ពុជានៅតែទទួលបានគម្រោងវិនិយោគថ្មីៗជាបន្តបន្ទាប់ ក្នុងរយៈពេល១១ខែនៃឆ្នាំ២០២១នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគទាំងថ្មី និងគម្រោងពង្រីកផលិតកម្មសរុបចំនួន១៦៤គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ៤ពាន់លានដុល្លារអាមេរិកនិងបង្កើតការងារបានជាង១២ម៉ឺននាក់។
លោក ជា វុទ្ធី អគ្គលេខារងនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងនៅព្រឹកថ្ងៃទី២៣ ធ្នូ២០២១នេះ ថា តាមរយៈតួលេខនេះ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នានៅក្នុងឆ្នាំ២០២០ គម្រោងវិនិយោគនៅកម្ពុជាមានការថយចុះ៥៧គម្រោង និងទុនវិនិយោគមានការថយចុះប្រមាណជាង៣ពាន់លានដុល្លារអាមេរិក។
លោកពន្យល់ពីមូលហេតុការធ្លាក់ចុះថា ដោយសារតែ ក្នុងឆ្នាំ២០២១នេះ មិនមានគម្រោងវិនិយោគធំៗដូចក្នុងឆ្នាំ២០២០នោះឡើយ ជាពិសេសក្នុងវិស័យទេសចរណ៍។ លោកមានប្រសាសន៍ថា ”ឆ្នាំមុនយើងទទួលបានទុនវិនិយោគធំៗដូចជាគម្រោងវិនិយោគរប់សក្រុមហ៊ុនណាហ្កា ដែលមានទុនជាង៣ពាន់៥០០លានដុល្លារ តែបើយើងដកតួលេខវិនិយោគរបស់ក្រុមហ៊ុនណាហ្កា យើងឃើញថាចំណែកនៃវិស័យឧស្សាហកម្មកម្មន្តសាល នៅក្នុងឆ្នាំ២០២១ក្នុងរយៈពេល១១ខែ មានការកើនឡើងគួរឱ្យកត់សម្គាល់គឺប្រមាណ៤៣ភាគរយបើធៀបនឹងឆ្នាំ២០២០”។
លោកបន្ថែមថាទុនវិនិយោគក្នុងវិស័យឧស្សាហកម្មកមន្តសាលក្នុងឆ្នាំ២០២០កន្លងទៅ រយៈពេល១១ខែទទួលបានប្រមាណ១២០០លានដុល្លារអាមេរិក ប៉ុន្តែក្នុងឆ្នាំ២០២១រយៈពេល១១ខែដូចគ្នាយើងមានរហូតដល់១៨០០លានដុល្លារអាមេរិក ជាពិសេស កំណើនក្នុងការបោះទុនវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសដែលមានការកើនឡើងយ៉ាងគំហុក។
លោក ប៉ូ អ៊ាវគង់ អ្នកគ្រប់គ្រងក្រុមហ៊ុនអចលនទ្រព្យ Advance ក៏បានឱ្យដឹងផងដែរថា ការវិនិយោគនៅក្នុងវិស័យឧស្សាហកម្មរោងចក្រ ក្នុងវិបត្តិកូវីដ១៩ត្រូវបានមើលឃើញថានៅតែមានសកម្មភាព ដែលធ្វើឱ្យវិស័យនេះ សំខាន់សម្រាប់ទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចប្រទេសកម្ពុជាក្នុងគ្រាដែលមានវិបត្តិ។ ជាការកត់សម្គាល់ វិនិយោគិនជាច្រើនបានស្វែងរកទីតាំងសម្រាប់បោះទីតាំងឃ្លាំងជួល រោងចក្រជួល ដើម្បីបង្កើតខ្សែច្រវ៉ាក់ផលិតផលរបស់ខ្លួន ក្នុងពេលវិស័យផ្សេងៗទៀតបានរងគ្រោះ ព្រោះតែកូវីដ១៩។
រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោកបណ្ឌិត អ៊ិត សំហេង កាលពីពេលថ្មីៗនេះក៏បានមានប្រសាសន៍ផងដែរថា ការវិនិយោគថ្មីៗនៅក្នុងប្រទេសកម្ពុជាបានបង្កើតការងារជាច្រើនដល់ប្រជាពលរដ្ឋ និងបង្កើតបានប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសាររបស់ពួកគេផងដែរ៕