ដោយ៖ វឌ្ឍនៈ
ភ្នំពេញ៖ រាជធានីភ្នំពេញ នៅតែជាតំបន់លេខ១ក្នុងការទាក់ទាញការវិនិយោគក្នុងនិងក្រៅប្រទេស ហើយក្នុងនោះដែរ នៅរាជធានីភ្នំពេញមានតំបន់ចំនួន៣ ដែលមានសក្ដានុពលកំពុងមានការទាក់ទាញវិនិយោគិនបរទេសយ៉ាងខ្លាំង និងជំរុញឱ្យតំបន់ទាំង៣នោះមានតម្លៃអចលនទ្រព្យខ្ពស់។
បើតាមលោក Charles Villar អ្នកគ្រប់គ្រងក្រុមហ៊ុនអចលនទ្រព្យ KW Khmer Real Estate បានមានប្រសាសន៍ថា នៅក្នុងរាជធានីភ្នំពេញ តំបន់ចំនួន៣ត្រូវបានចាត់ថ្នាក់កំពូលសម្រាប់ការបណ្ដាក់ទុនវិនិយោគ ក្នុងនោះយើងដឹងស្រាប់ហើយថាបឹងកេងកងជាតំបន់លេខ១នៅភ្នំពេញ ហើយតម្លៃដីនៅក្នុងតំបន់នេះបានកើនឡើងខ្ពស់ជាបន្តបន្ទាប់។
វិនិយោគិនខ្លះត្រូវរកទីតាំងផ្សេងដើម្បីវិនិយោគគឺ តំបន់លេខ២ ទួលទំពូង ដែលមានការវិនិយោគពីបរទេសច្រើនដែរ។ ចំណែកតំបន់លេខ៣នៅភ្នំពេញ គឺទូលគោក។ ទួលគោកក៏បានមើលឃើញថាកំពុងមានសន្ទុះវិនិយោគខ្ពស់ដែរ ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ជាពិសេសការវិនិយោគដែលផ្ដោតលើជនបរទេស។
លោកបន្ថែមថា តំបន់ទាំងបីជាតំបន់ដែលមានជនបរទេសរស់នៅច្រើន ហើយវិនិយោគិនដែលដាក់ទុនវិនិយោគក្នុងតំបន់ទាំងបីនេះ ផ្ដោតទៅលើការអភិវឌ្ឍអគារខ្ពស់ៗ ជាក់ស្ដែងយើងបានឃើញនៅក្នុងតំបន់ទាំងបីកំពុងមានការសាងសង់អគារខ្ពស់ៗយ៉ាងច្រើនផងដែរ។
លោកបន្តថា”នៅពេលតម្លៃដីកាន់តែខ្ពស់ ការវិនិយោគគឺផ្ដោតលើប្រាក់ចំណេញច្រើន ហើយការអភិវឌ្ឍអគារគឺជាមធ្យោបាយមួយដែលធ្វើឱ្យអ្នកវិនិយោគរកប្រាក់ចំណេញបានច្រើនពីវាដែរ។ គេមិនអាចយកដីដែលមានតម្លៃខ្ពស់ទៅសាងសង់ជាផ្ទះល្វែងឬវីឡាដើម្បីលក់នោះទេ”។
អ្នកឧកញ៉ា សៀ ឬទ្ធី វិនិយោគិនអចលនទ្រព្យដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា បានឱ្យដឹងផងដែរថា ការវិនិយោគអគារខ្ពស់ដូចជាខុនដូ និងការិយាល័យគឺគេរកទីតាំងណានៅកណ្ដាលក្រុង ហើយទីតាំងកណ្ដាលក្រុងតម្លៃដីក៏មានខ្ពស់ដែរ ដូច្នេះការវិនិយោគនៅកណ្ដាលក្រុងគឺត្រូវការចំណាយទុនច្រើន តែក៏អាចចំណេញដែរ បើសិនជាការវិនិយោគច្បាស់លាស់។
លោក សន សៀប ក៏បានលើកឡើងពីការអភិវឌ្ឍនៅកណ្ដាលក្រុងនេះដែរ ដោយលោកបានផ្ដល់ជាយោបល់ដល់អ្នកវិនិយោគដីធ្លីដែលចង់បានប្រាក់ចំណេញមកវិញភ្លាមៗ មិនគួរវិនិយោគនៅជិតក្រុងនោះទេ។ តម្លៃដីនៅក្នុងក្រុងបានឡើងខ្ពស់ទៅហើយ ដូច្នេះវាមិនអាចហក់ឡើងលឿនទៀតទេ តែបើវិនិយោគនៅជាយក្រុង អត្រានៃការឡើងថ្លៃនឹងមានបន្តទៀត នៅពេលមានការអភិវឌ្ឍកាន់តែច្រើន៕