ដោយៈស៊ីវ ម៉េង
ភ្នំពេញៈ នៅសល់រយៈពេលមួយសប្តាហ៍ទៀតប៉ុណ្ណោះ ឆ្នាំ២០២២នឹងចូលមកដល់ តើស្ថាបភាពវិស័យអចលនទ្រព្យ នឹងមានការវិវត្តន៍យ៉ាងដូចម្តេច?។
លោកបណ្ឌិតគីម ហ៊ាងប្រធានKW Cambodiaបានមានប្រសាសន៍ឲ្យដឹងថា ស្ថានភាពវិស័យអចលនទ្រព្យកម្ពុជា ចាប់ផ្តើមមានសញ្ញាល្អប្រសើរបណ្តើរៗហើយ នៅចុងឆ្នាំនេះ ដោយសារសកម្មភាពទិញលក់បានកើនឡើង។
លោកបន្តថា “ខ្ញុំអាចនិយាយថាអចលនទ្រព្យ សំណង់ឆ្នាំ២០២២នឹងល្អប្រសើរ បើទោះវាត្រូវការពេលវេលាខ្លះ ដើម្បីឲ្យវិស័យនេះវិវត្តន៍ល្អប្រសើរពេញលេញដូចមុនវិបត្តិកូវីដក្តី”។
អ្នកស្រីអាន សុធីតាអគ្គនាយិកាក្រុមហ៊ុនPropNex Cambodiaបានមានប្រសាសន៍ឲ្យដឹងផងដែរថា ស្ថានភាពនៃជំងឺកូវីដ១៩ថ្មី ពិតជាពិបាកក្នុងការធ្វើឲ្យយើងអាចព្យាករណ៍បាន ដោយស្ថានភាពពិបាកក្នុងការទស្សន៍ទាញឬវាយតម្លៃ។
អ្នកស្រីបន្តថា “យ៉ាងណាប្រសិនបើស្ថានភាពកូវីដ១៩ មានភាពល្អប្រសើរ វិស័យនេះនឹងងើបឡើងវិញ ប៉ុន្តែវាត្រូវការពេលវេលា ដើម្បីឲ្យទីផ្សារស្រូបយកនូវអសចលនទ្រព្យ ដែលនៅសល់កាលពីឆ្នាំចាស់ ទម្រាំទីផ្សារស្រូបទាញឡើងវិញទាំងតម្រូវការ និងការផ្គត់ផ្គង់”។
រីឯលោកសំ សុខនឿនប្រធានសមាគមអចលនទ្រព្យសកលបានមានប្រសាសន៍ថា ការបិទព្រឹត្តិការណ៍២០កុម្ភៈ ជាសញ្ញាវិជ្ជមានមួយ ប៉ុន្តែមេរោគកូវីដ១៩បំផ្លែងថ្មីជាបន្តបន្ទាប់ ពិតជាធ្វើឲ្យយើងពិបាកទស្សន៍ទាយពីស្ថានភាពជាក់ស្តែង ប៉ុន្តយើងមានភាពសាំក្នុងសហគមន៍រួចហើយ ជំងឺនេះនឹងមិនបង្កផលប៉ះពាល់ធ្ងន់ធ្ងរ ស្ថានភាពរបស់យើងនឹងមានភាពល្អប្រសើរ”។
លោកបន្តថា “បើរដ្ឋាភិបាលបើកចំហគោលនយោបាយ និងលើកទឹកចិត្តបន្ថែមទៀត កម្ពុជានឹងទាក់ទាញលំហូរទុនវិនិយោគ កាន់តែច្រើនពីក្រៅប្រទេសនៅឆ្នាំ២០២២ខាងមុខ”។
ជាមួយគ្នានេះ លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានមានប្រសាសន៍ឲ្យដឹងផងដែរថា កម្ពុជាជាប្រទេសមានយន្តការល្អ សម្រាប់ការអភិវឌ្ឍនៅឆ្នាំ២០២២ ដោយសារប្រទេសយើង ជាប្រទេសមានស្ថានភាពល្អប្រសើរជាងគេ លើភាពប្រឈមនឹងបញ្ហាជំងឺកូវីដ១៩ ដោយសាររដ្ឋាភិបាលបានបើកប្រទេស និងបិទបញ្ចប់ព្រឹត្តិការណ៍២០ កុម្ភៈខាងមុខ។
លោកបន្តថា “ភាពល្អប្រសើររបស់កម្ពុជាលើបញ្ហាកូវីដ នឹងផ្តល់ឱកាសឲ្យកម្ពុជា ក្នុងការទាក់ទាញការវិនិយោគ និងបរិយាកាសអាជីវកម្មកាន់តែមានភាពល្អប្រសើរ”។
ចំណែកអ្នកឧកញ៉ាលី ហួរប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជាបានមានប្រសាសន៍ថា ស្ថានភាពទីផ្សារលំនៅដ្ឋាន និងការវិនិយោគចាប់ផ្តើមមានសញ្ញាល្អឡើងវិញហើយ ដោយសមាជិកសមាគមជាច្រើនបានវិនិយោគគំរោងធំៗឡើងវិញ ដោយសារពួកគេជឿជាក់អ្វីៗនឹងវិលមកកាន់ភាពប្រក្រតី និងតម្រូវការលំនៅដ្ឋាននឹងកើនឡើងវិញ។
លោកបន្តថា “សេដ្ឋកិច្ចនឹងមានកំនើនឡើងវិញ ដោយកំលាំងចលករជម្រុញកំនើនសេដ្ឋកិច្ចមានភាពល្អប្រសើរ ដែលធ្វើឲ្យអំណាចនៃការទិញ លក់អចលនទ្រព្យនឹងកើនឡើងស្របគ្នាផងដែរ”៕