សារនៃសេចក្តីស្រលាញ់
ក្រមសីលធ៌មវិជ្ជាជីវៈជាអំណាច នៃស្នាមញញឹម និងក្តីស្រលាញ់
ពេលវេលារំកិលទៅមុខយ៉ាងលឿន ដូចហេមៈនារដូវរំហើយ។ រយៈពេល៣៦៥ថ្ងៃជិតកន្លងផុតទៅ ជាពេលដែលបានបន្សល់នូវរឿងរ៉ាវជាច្រើននៅឆ្នាំកន្លងមក ដែលមានទាំងសេចក្តីស្រលាញ់ អមជាមួយទុក្ខព្រួយដោយសារជំងឺកូវីដ១៩ ប៉ុន្តែវាបានធ្វើឲ្យយើងទាំងអស់គ្នារ៉ឹងមាំជាងមុន ខិតខំជាងមុន ក្នុងការជម្នះឆ្លងកាត់ពេលវេលាដ៏លំបាក និងសោកសៅ។
ទោះជាឆ្លងកាត់ពេលវេលាដ៏លំបាក សេដ្ឋកិច្ចធ្លាក់ចុះ និងកលយុគផ្លូវចិត្ត តែគេហទំព័រPropertyarea.asia នៅតែបន្តពង្រឹងនូវសមត្ថភាពវិជ្ជាជីវៈ ក្នុងការផ្តល់ព៌តមានរហ័ស មានភាពស៊ីជម្រៅ អាចទុកចិត្តបាន ហើយបន្តឈានឆ្ពោះទៅមុខយ៉ាងរ៉ឹងមាំ ដោយសារយើងប្រកាន់ខ្ជាប់នូវគុណតម្លៃមួយ។
ការឈរក្នុងវិថីសារគមនាគមន៍ ដែលកាន់តែមានភាពប្រកួតប្រជែង គេហទំព័រPropertyarea.asia នៅតែបន្តពង្រឹងការប្តេជ្ញាចិត្ត ក្នុងការផ្តល់ព៌តមានអចលនទ្រព្យ សេដ្ឋកិច្ច ទេសចរណ៍ និងហិរញ្ញវត្ថុឈានមុខគេជាមួយព៌តមានពិត ឥតលំអៀង លឿន រហ័ស និងអាចទុកចិត្តបាន ព្រោះការផ្តល់ព៌តមានពិត លឿននរហ័សជាអំណាចមួយ ដែលផ្តល់ឲ្យអ្នកអាននូវស្នាមញញឹម ផ្តល់ឲ្យអ្នកអាននូវចំណេះដឹង និងនាំមកនូវអំណាចដ៏ស្ងៀមស្ងាត់មួយក្នុងវិជ្ជាជីវៈ។
ជាមួយចំណេះដឹង ជំនាញ បទពិសោធន៍ដ៏ជោគជាំក្នុងវិស័យនេះ គេហទំព័រPropertyarea.asia មិនត្រឹមតែជាស្ថាប័័នផ្តល់ព៌តមានបែបសាមញ្ញៗនោះទេ ប៉ុន្តែយើងបានផ្តល់ព៌តមានមានលក្ខណៈវិភាគស៊ីជម្រៅ សំរាប់អ្នកអាន យកទៅធ្វើជាត្រីវិស័យក្នុងការវិភាគពីសេដ្ឋកិច្ច សង្គម នយោបាយ និងទំនាក់ទំនងអន្តរជាតិលើពិភពលោកផងដែរ។
យើងនៅតែប្តេជ្ញាចិត្ត ក្នុងការបដិសេធជាដាច់ខាតនូវការសរសេរ ឬផ្តល់ព៌តមានណាមួយ ដែលមានលក្ខណៈបំពុល បំប៉ោង បំភ្លៃ បំភ្លើសជាដាច់ខាត ព្រោះវានឹងជាអាវុធដ៏មុតស្រួចសម្លាប់ខ្លួនឯង ប្រសិនជាយើងដើរខុសគន្លងវិជ្ជាជីវៈ និងក្រមសីលធ៌ម។
ពេលវេលាជិត២ឆ្នាំមកនេះ Propertyarea.asia មិនខុសពីស្ថាប័នដទៃទៀតដែរ យើងបានឆ្លងពេលវេលាដ៏លំបាក ការឈឺចាប់នៃការបាត់បង់បុគ្គលិក សហសេវិក ប៉ុន្តែយើងបានហែលក្នុងភាពលំបាករួមគ្នា និងចេះរីករាយក្នុងសេចក្តីទុកព្រួយ។
ជាមួយនឹងដំណើរឆ្ពោះទៅមុខ យើងកំពុងស្ថិតក្នុងពេលវេលាដ៏រីករាយមួយ ដែលយើងមានសហសេវិក ធ្វើការចេញពីក្តីស្រលាញ់ ពោរពេញដោយក្តីស្រលាញ់ និងឆន្ទៈដ៏មោះមុតបានរួមដំណើរជាមួយយើង ហើយយើងកំពុងរួមគ្នា ផ្តល់នូវព៌តមានកាន់តែស៊ីជម្រៅ កាន់តែអាចទុកចិត្តបាន និងកាន់តែជឿជាក់ ដើម្បីផ្តល់ជូនមិត្តអ្នកអាននូវព៌តមានមួយ ដែលអាច យកទៅប្រើប្រាស់ ជាមូលដ្ឋានសំរាប់ការពិចារណា ប្រើប្រាស់ជាចំណេះដឹង និងប្រើប្រាស់ជាមូលដ្ឋាន សំរាប់វិភាគមុនសម្រេចចិត្ត វិនិយោគលើវិស័យអ្វីមួយ។
លើសពីនេះ យើងមិនដែលភ្លេចទេនូវគុណតម្លៃ នៃដៃគូពាណិជ្ជកម្មទាំងអស់ ដែលបាននិងកំពុងបន្តគាំាំទ្រគេហទំព័រនេះ ជារៀងរហូតមក ហើយយើងស្វាគមន៍ដៃគូពាណិជ្ជកម្មថ្មីៗ ដើម្បីជោគជ័យទាំងអស់គ្នា ព្រោះទស្សនវិទ្យារបស់យើង គឺផ្តល់ឲ្យដៃគូរបស់យើង ទទួលបានជោគជ័យជាមុន មុនស្ថាប័នរបស់យើងទទួលបានជោគជ័យ។
ក្នុងនាមថ្នាក់ដឹកនាំគេហទំព័រPropertyarea.asia សូមថ្លែងអំណរគុណជាពិសេសដល់ក្រុមការងារ សហសេវិកទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មទាំងបញ្ញា ស្មារតី ដើម្បីឲ្យស្ថាប័ននេះរីកចម្រើន និងឆ្ពោះទៅមុខដោយស្វាហាប់ ជាមួយនឹងបេសកកម្មធំមួយ គឺប្រែក្លាយស្ថាប័ននេះជាវេទិកាជាតិមួយ ដែលអាចឲ្យអ្នកអានយកព៌តមានរបស់យើង ទៅប្រើប្រាស់ និងអាចយកទៅធ្វើជាចំណេះដឹង វិភាគ ពិចារណា សម្រាប់ការវិនិយោគ ក៏ដូចជាពង្រីកចំណេះដឹងរបស់លោក អ្នក។
ជាមួយនឹងភាពសោកសៅ នៃការបាត់បង់សមាជិកគ្រួសារ ដោយសារជំងឺកូវីដ១៩ និងការបាត់បង់សាច់សារលោហិត យើងសូមឧទ្ទិសនូវមរណៈទុក្ខ និងសេចក្តីសោកស្តាយ និងសេចក្តីក្រៀមក្រំ ជាមួយទឹកភ្នែកដ៏សោកសៅ។
ប៉ុន្តែជាមួយគ្នានេះ យើងក៏ត្រូវបន្តប្តេជ្ញាចិត្តរួមគ្នា ក្នុងការការពារខ្លួនយើង ក្រុមគ្រួសារយើង សហគមន៍របស់យើង ដើម្បីបញ្ចៀសបាននូវការឆ្លងរីករាលដាលមេរោគកូវីដ១៩ជាថ្មី។
និយាយចុះនិយាយឡើង ការឆ្លងកាត់ពេលវេលា រយៈពេលពីរឆ្នាំមកនេះ យើងហត់បន្តិចហើយ! តែយើងត្រៀមដើរឆ្លង ឆ្នាំចាស់ និងស្វាគមន៍៍នូវព្រះអាទិត្យថ្មី គំនិតថ្មីៗ និងទស្សនទានថ្មីៗទាំងអស់គ្នា ដើម្បីរួមចំណែកអភិវឌ្ឍន៍ វិស័យសារគមនាគមន៍កម្ពុជា សេដ្ឋកិច្ចសង្គមយើងឲ្យមាន់តែមានភាពរីកចម្រើន និងវិបុលភាពថែមទៀត។
ជាចុងបញ្ចប់ តាងនាមឲ្យថ្នាក់ដឹកនាំគេហទំព័រPropertyarea.asiaនាឱកាសបុណ្យណូអែល និងការឆ្លងឆ្នាំសកលដ៏រីករាយ នាពេលខាងមុខនេះ ខ្ញុំបាទសូមគោរពជូនពរសម្តេច ឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញាទទួលបាននូវសេចក្តីសុខ សុភមង្គលក្នុងឱកាសឆ្នាំថ្មី ជោគជ័យថ្មីៗនាឆ្នាំ២០២២ខាងមុខនេះ៕
សូមអរគុណ