ប្រធានGRA ៖ ទីផ្សារអចលនទ្រព្យឆ្នាំ២០២២នៅតែមានភាពមិនច្បាស់លាស់ ដោយសារបញ្ហាកូវីដ១៩

0

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ ថ្វីត្បិតតែរាជរដ្ឋាភិបាលបានប្រកាសបើកប្រទេស បើកសង្គមសេដ្ឋកិច្ចឡើងវិញ ក្រោយជំងឺកូវីដ១៩បានធូរស្រាលក្ដី តែសម្រាប់វិស័យមួយចំនួនមិនអាចងើបឡើងវិញបានភ្លាមៗនោះទេ ជាក់ស្ដែងក្នុងវិស័យអចលនទ្រព្យអ្នកខ្លះថានឹងងើបឡើងវិញនៅក្នុងឆ្នាំ២០២២ហើយរំពឹងថានឹងងើបឡើងខ្ពស់ តែសម្រាប់ប្រធានសមាគមអចលនទ្រព្យសកល (GRA ) លោកសំ សុខនឿនរំពឹងថា វិស័យអចលនទ្រព្យកម្ពុជានឹងមិនងើបឡើងខ្ពស់នោះ។

លោកបន្តថា ជាទស្សនផ្ទាល់ លោកគិតថាឆ្នាំ២០២២ខាងមុខនេះ វិស័យអចលនទ្រព្យរបស់យើងមិនសូវជាឡើងខ្ពស់ប៉ុន្មានទេ ប៉ុន្តែប្រសិនបើរាជរដ្ឋាភិបាលកម្ពុជាមានគោលនយោបាយពិសេសណាមួយ ដើម្បីរកយុទ្ធសាស្ត្ររៀបយុទ្ធសាស្ត្រ ដើម្បីទាក់ទាញវិនិយោគិនពីបរទេសចូលមកកម្ពុជា និងមានការទិញលក់ច្រើន វិស័យអចលនទ្រព្យនឹងអាចងើបឡើងដែរ តែបើមានការរំខានច្រើនពីមេរោគកូវីដ១៩ វិស័យនេះនឹងនៅតែងើបតែងើបឡើងយឺត។

លោកបន្តថា មួយរយៈចុងក្រោយ បន្ទាប់ពីមានភាពស្ងប់ស្ងាត់ទៅវិញនៃការរីករាលដាលនៃជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជា ឃើញថាទាំងអ្នកវិនិយោគខ្មែរ និងវិនិយោគិនបរទេសនៅក្នុងប្រទេសកម្ពុជា បានរំពឹងថាភាពស្ងប់ស្ងាត់នេះនឹងធ្វើឱ្យការធ្វើដំណើរពីបរទេសចូលមកកម្ពុជាមានការកើនឡើង ហើយអ្វីដែលពិសេសទៀតនោះអ្នកដំណើរចូលមកកម្ពុជាដែលបំពេញគ្រប់លក្ខខណ្ឌរបស់ក្រសួងសុខាភិបាលនឹងអាចធ្វើដំណើរដោយសេរី និងមិនបាច់ធ្វើចត្តាឡីស័កនោះទេ។

លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា ឆ្នាំ២០២២ខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តយកចិត្តទុកដាក់លើបញ្ហាកូវីដ១៩ និងបានត្រៀមថវិកាដើម្បីចំណាយក្នុងឆ្នាំ២០២២ ក្នុងការទប់ស្កាត់កូវីដ លើកកម្ពស់សេដ្ឋកិច្ច ជីវភាពប្រជាពលរដ្ឋ ធ្វើយ៉ាងណាដើម្បីឱ្យការបើកសេដ្ឋកិច្ចរបស់កម្ពុជាមានស្ថិរភាពយូរអង្វែង៕

LEAVE A REPLY

Please enter your comment!
Please enter your name here