សេចក្តីព្រាងច្បាប់ចំនួន៣ត្រូវបានរដ្ឋសភាអនុម័តសម្រាប់លើកកម្ពស់វិស័យពាណិជ្ជកម្ម

0

ដោយ:ម៉ាលីស

ភ្នំពេញ: សម្ដេចអគ្គមហាពញាចក្រីហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំបន្តសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦ នៅថ្ងៃពុធ ទី២៩ ខែធ្នូ ឆ្នាំ២០២១នេះ ដោយមានរបៀបវារៈចំនួនបី ពាក់ព័ន្ធវិស័យពាណិជ្ជកម្មក្នុង និងក្រៅប្រទេស។

សេចក្តីព្រាងច្បាប់ដែលរដ្ឋសភាលើកយកមកពិភាក្សា និងអនុម័តនាពេលនេះមាន ទី១ សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម ទី២ សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម​ និងទី៣. សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ។

សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពី សហគ្រាសពាណិជ្ជកម្ម មានគោលបំណងចូលរួមចំណែក ក្នុងការបន្តកំណែទម្រង់របស់រាជរដ្ឋាភិបាលក្នុងការស្តារសង្គម សេដ្ឋកិច្ចកម្ពុជាពីវិបត្តិកូវីដ-១៩ និងដើម្បីលើកកម្ពស់ភាពងាយស្រួល នៃការធ្វើធុរកិច្ចនៅកម្ពុជា ដោយសារច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម ត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រម តំាងពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០០៥។

ចំណែកសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពី វិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម មានគោលបំណងជួយសម្រួលដល់ការធ្វើពាណិជ្ជកម្ម នៅក្នុងសម័យបច្ចេកវិទ្យា ។

ចំពោះសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រម លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ នឹងក្លាយជាបទដ្ឋានគតិយុត្តទ្វេភាគី ក្នុងការដោះដូរពាណិជ្ជកម្មគ្នាទៅវិញទៅមក។

តាមរយៈច្បាប់នេះ នឹងធ្វើឱ្យកសិផលកម្ពុជាមានទីផ្សារកាន់តែធំ តាមរយៈការនាំចេញទៅកាន់ទីផ្សារនៅសាធា រណរដ្ឋកូរ៉េ ដែលនឹងចូលរួមចំណែកដ៏សំខាន់ នៅក្នុងការលើកកម្ពស់ជីវភាពប្រជាកសិករ។ សេចក្តីព្រាងច្បាប់នេះនឹងជំរុញលំហូរពាណិជ្ជកម្ម និងការវិនិយោគ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ ដែលនឹងផ្តល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ផ្នែកសេដ្ឋកិច្ច ការអភិវឌ្ឍ សុខុមាលភាពប្រជាជន និងការផ្សាភ្ជាប់ធុរកិច្ច នៃប្រទេសទាំងពីរ ឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត ព្រមទាំងអាចបង្កើតការងារថ្មីៗជូនប្រជាជនទៀតផង ៕

LEAVE A REPLY

Please enter your comment!
Please enter your name here