មេរោគបម្លែងថ្មីអូមីក្រុងនឹងប៉ះពាល់ដល់វិស័យអចលនទ្រព្យកម្ពុជាក្នុងឆ្នាំ២០២២ដែរឬទេ?

0

ដោយ៖ វឌ្ឍនៈ និងសុផារី

ភ្នំពេញ ៖ ក្រោយការបើកប្រទេសភ្លាមៗ អ្នកជំនាញ អ្នកវិនិយោគហាក់បានបង្ហាញពីសុទិដ្ឋិនិយមខ្ពស់ចំពោះវិស័យអចលនទ្រព្យ។ ប៉ុន្តែក្រោយពីមានវត្តមានមេរោគអូមីក្រុងនៅលើពិភពលោក និងកំពុងមានវត្តមានក្នុងប្រទេសកម្ពុជាផងដែរនោះ អ្នកជំនាញនៃវិស័យមួយនេះ បង្ហាញថា ២០២២ជាឆ្នាំដែលពិបាកក្នុងការព្យាករណ៍ថាវិស័យអចលនទ្រព្យនឹងងើបឡើងវិញឬយ៉ាងណានោះដែរ។

លោកឧកញ៉ា សំ សុខនឿន ប្រធានក្រុមហ៊ុន KW SAN SN បានឱ្យដឹងថា អំឡុងពេលដែលយើងរំពឹងទុកថាស្ថានភាពនៃវិស័យសេដ្ឋកិច្ចនឹងត្រលប់ទៅរកប្រក្រតីភាពឡើងវិញ យើងក៏បានជួបនូវប្រភេទមេរោគថ្មីមួយទៀតអូមីក្រុង ដែលធ្វើឱ្យប្រទេសកម្ពុជាយើង ប្រទេសជិតខាងនិងប្រទេសលើពិភពលោកបង្ហាញការព្រួយបារម្ភពីការបម្លែងឥតឈប់ឈររបស់មេរោគកូវីដ១៩។

លោកបន្តថា អ្វីដែលលោកបានឃើញ ក្នុងឆ្នាំ២០២២ ដរាបណាជំងឺកូវីដ១៩នៅតែបម្លែងបន្តទៀត ហើយបញ្ហានៃការរីករាលដាលបើនៅតែបន្តលើសកលលោកដដែល ការធ្វើដំណើរពីប្រទេសមួយទៅប្រទេសមួយត្រូវបានរឹតបន្តឹងទៀតនោះ លោកជឿថាវិស័យដែលគាំទ្រដល់សេដ្ឋកិច្ចមិនថាតែកម្ពុជាឬពិភពលោកនឹងមានផលប៉ះពាល់បន្តទៀត ដូច្នេះការព្យាករណ៍ទៅលើវិស័យអចលនទ្រព្យសម្រាប់ឆ្នាំ២០២២ខាងមុខនេះ នៅតែពិបាកនិយាយនឹងមានកំណើនប៉ុនណានោះដែរ ។ លោកថា ”ដរាបណាជំងឺកូវីដ១៩នៅតែគម្រាមដល់សកលលោកយើង ខ្ញុំគិតថាឆ្នាំ២០២២ជាឆ្នាំមួយដែលយើងមិនអាចធ្វើការព្យាករពីវិស័យអចលនទ្រព្យបានទេ មានន័យថាវាក៏ពិបាកក្នុងការកើនឡើងដែរ បើសិនជាមេរោគកូវីដ១៩នៅតែរំខាន” ។

លោកបន្ថែមថាលោកនៅតែបារម្ភដដែល សម្រាប់ឆ្នាំ២០២២ ពីព្រោះថាកូវីដ១៩បានប្រែរូបប្រែកាយជាបន្តបន្ទាប់ ដែលយើងមិនអាចឃើញពីស្ថានភាពរបស់វានឹងទៅជាយ៉ាងណាឡើយ ។ ស្ថានភាពអចលនទ្រព្យនៅកម្ពុជា អាចកើនឡើងវិញ បើសិនជារាជរដ្ឋាភិបាលកម្ពុជាមានផែនការឬចក្ខុវិស័យពីការទប់ស្កាត់មេរោគនេះឱ្យបានជាប់លាប់។

លោក ប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុន Advance Real Estate Co.,Ltd បានមានប្រសាសន៍ថា វិស័យអចលនទ្រព្យកម្ពុជានៅតែមានការស្រពិចស្រពិល ដោយសារមេរោគអូមីក្រុងបានធ្វើឱ្យប៉ះពាល់ទៅដល់សេដ្ឋកិច្ច។

លោកមានប្រសាសន៍ថា “ជារួម ដោយសារវាជាលក្ខណៈមេរោគ ការប៉ាន់ប្រមាណទុកជាមុនវាមិនអាចច្បាស់លាស់១០០ភាគរយទេ។ អូមីក្រុងបានធ្វើឱ្យប៉ះពាល់ទៅដល់សេដ្ឋកិច្ច ក៏ដូចជាធ្វើឱ្យមានការស្រពិចស្រពិល ដោយសារវិបត្តិជំងឺកូវីដ១៩”។

ទោះយ៉ាងណាក្តី លោកយល់ថា ដោយសារយុទ្ធសាស្ដ្រនៃការគ្រប់គ្រង ការរៀបចំបង្កាទុកជាមុនរបស់រដ្ឋាភិបាល ការចូលរួមវិស័យឯកជន ខ្ញុំគិតថាវាអាចនឹងប៉ះពាល់តិចតួច។ និយាយទៅវាទាក់ទង ថាអ្វីទៅដែលជាក្ដីសង្ឃឹម ចាប់ផ្ដើមបើកប្រទេសឡើងវិញ ហើយយើងសង្ឃឹមថានឹងមានការវិនិយោគពីក្រៅចូលមក។

លោកបានបន្តថា “អូមីក្រុងអាចនឹងធ្វើឱ្យមានការរអាក់រអួល ឬមានការពន្យាពេល ឬក៏អាក់ខានដំណើរការ ឬល្បឿននៃការវិលត្រឡប់ពីខាងក្រៅមកវិញ។ តែកម្ពុជានៅមានភាពខ្លាំងនៃការប្រើប្រាស់ ខ្ញុំគិតថា អ្នកវិនិយោគក្នុងស្រុកនៅតែមានដំណើរការជាធម្មតា ចឹងអ្វីៗដែលយើងមានការប៉ះពាល់ប្រហែលជាអាចដោយផ្នែក លើការវិនិយោគ ការធ្វើដំណើរ របៀបរបបនៃការងារ ទាក់ទង និងការការពារជំងឺ ជាដើម”។

លោកបន្ថែមថា យើងនៅតែឱ្យតម្លៃអ្នកក្នុងស្រុកគឺជាកត្តាចម្បងជំរុញនៅក្នុងសេដ្ឋកិច្ចមួយ ដោយសារឥទ្ធិពលខាងក្រៅពឹងផ្អែកទៅលើវិធានការក៏ដូចជាច្រកចេញចូលតាមរយៈប្រទេស។ ជាក់ស្ដែង ជើងហោះហើរនៅក្នុងប្រទេសមួយចំនួននៅលើសកលលោកនៅមានកម្រិត។ អ្នកវិនិយោគក៏ចាប់ផ្ដើមបង្កើននូវចលនា Business ហើយក្នុងដំណាក់កាលនេះ អនិកជនមួយចំនួន ដែលមានធនធានវិនិយោគអាចបានចាប់ផ្ដើមធ្វើការអង្កេតតាមដានដំណើរនៃការគ្រប់គ្រង ដើម្បីធ្វើការវិនិយោគឡើងវិញ។

ដោយសារតែមិនទាន់ប្រាកដប្រជាពីស្ថានភាពមេរោគនេះ នៅលើពិភពលោក ទើបរដ្ឋាភិបាលកម្ពុជាបានត្រៀមថវិកាជាង១ពាន់លានដុល្លារបន្ថែមទៀតសម្រាប់ប្រើប្រាស់ក្នុងបញ្ហាកូវីដ១៩នៅក្នុងឆ្នាំ២០២២ខាងមុខនេះ។ ទឹកប្រាក់នេះ នឹងត្រូវប្រើប្រាស់សម្រាប់ទប់ស្កាត់កូវីដ១៩ គាំទ្រដល់ជីវភាពក្រីក្រ និងជនងាយរងគ្រោះ គាំទ្រដល់អាជីវកម្មនានាដែលរងផលប៉ះពាល់ពីជំងឺកូវីដ១៩ជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here