ដោយ៖ វឌ្ឍនៈ
ភ្នំពេញ ៖ ទោះបីជាវិស័យសំណង់កម្ពុជារងផលប៉ះពាល់ក្នុងវិបត្តិកូវីដ១៩ក្តី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅបន្តចេញអាជ្ញាប័ណ្ណសាងសង់ដល់គម្រោងសំណង់ប្រមាណជាង៤០០០គម្រោង ក្នុងឆ្នាំ២០២១នេះ។
បើតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឱ្យដឹងថា ទិន្នន័យសំណង់ទូទាំងប្រទេសមានចំនួន ៤៣០៣គម្រោង មានផ្ទៃក្រឡាកម្រាលសំណង់សរុបចំនួន១២ ៩៩៨ ០៧២ម៉ែត្រការ៉េ មានតម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណ៥៣៣៣លានដុល្លារអាមេរិក។ បើធៀបនឹងឆ្នាំ២០២០ មានការថយចុះ ប្រមាណ៣១,២១ភាគរយ។
ក្នុងចំណោមគម្រោងទាំងជាង៤ពាន់គម្រោងនោះ មានសមត្ថកិច្ចក្រសួងមានចំនួន៣៨៨គម្រោង មានផ្ទៃក្រឡាកម្រាលសំណង់ចំនួន១០,៤២លានម៉ែត្រការ៉េ តម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណ៤២១៨លានដុល្លារអាមេរិក ធៀបនឹងឆ្នាំមុនថយចុះ ប្រមាណ៣៦,៥៧ភាគរយ។ សមត្ថកិច្ចរដ្ឋបាលរាជធានី ខេត្ត មានចំនួន៩១៥គម្រោង មានផ្ទៃក្រឡាកម្រាលសំណង់ចំនួន២ ៥៧៧ ៧៨០ម៉ែត្រការ៉េ តម្លៃប៉ាន់ស្មានទុនសរុបប្រមាណ១១១៤លានដុល្លារអាមេរិក ធៀបនឹងឆ្នាំមុនកើនឡើង១,១៧ភាគរយ។
ក្នុងរបាយការណ៍បញ្ជាក់ថា គិតចាប់ពីឆ្នាំ២០០០ ដល់ដំណាច់ឆ្នាំ២០២១ ក្រសួងបានចេញលិខិតអនុញ្ញាតសាងសង់នៅទូទាំងប្រទេសចំនួន៥៧៥៩០គម្រោង ផ្ទៃក្រឡាកម្រាលសំណង់សរុបចំនួន១៦៦លានម៉ែត្រការ៉េ និងមានតម្លៃប៉ាន់ស្មានទុនវិនិយោគសរុបប្រមាណ៦៦២០៥លានដុល្លារអាមេរិក ៕