ដោយ៖ សុផារី
កំពង់ចាម៖ ក្នុងកិច្ចប្រជុំស្តីពីការពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងតម្លៃអចលនទ្រព្យ សម្រាប់ជាមូលដ្ឋានគិតពន្ធប្រថាប់ត្រា កាលពីថ្ងៃទី២៩ខែធ្នូនេះ ពន្ធដារខេត្តកំពង់ចាមបានកំណត់ដីប្រភេទលេខ១ នៅទីរួមខេត្តកំពង់ចាម ត្រូវបង់ពន្ធរហូតដល់៦០០ដុល្លារ ក្នុង១ម៉ែត្រការ៉េ។
ក្នុងការវាយតម្លៃប្រភេទដី នៅក្នុងក្រុងកំពង់ចាម មានរហូតដល់៨ប្រភេទ ដោយតម្រូវឱ្យត្រូវបង់ពន្ធជូនរដ្ឋ ក្នុងរង្វង់ចាប់ពី១ដុល្លារ ទៅ៦០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។
មន្ត្រីជំនាញពន្ធដារខេត្ត បានលើកឡើងថា ចំពោះដីប្រភេទមួយ ត្រូវបង់ពន្ធចំនួន៦០០ដុល្លារ ក្នុងមួយម៉ែត្រក្រឡា គឺដីស្ថិតនៅជុំវិញផ្សារនិងផ្លូវមេ ក្នុងនោះមានផ្សារធំកំពង់ចាម ផ្សាររាត្រី សង្ខាងផ្លូវជាតិលេខ៧ថ្មី ចាប់ពីផ្លូវសូរិយាវរ្ម័នទី២ ដល់ស្ពានគីហ្សុណា ព្រំប្រទល់ស្រុកត្បូងឃ្មុំ សង្ខាងផ្លូវជាតិលេខ៧ចាស់ ចាប់ពីកែងផ្លូវព្រះមុនីវង្សដល់កែងផ្លូវព្រះសីហនុ នៅមាត់ទន្លេសង្ខាងផ្លូវព្រះកេតុមាលា ចាប់ពីរង្វង់មូលផ្សារធំ ដល់សង្ខាងកែងផ្លូវសូរិយវរ្ម័នទី ២ សង្ខាងផ្លូវព្រះកុសមៈនារីរ័ត្ន ចាប់ពីមុខសាលាខេត្ត ដល់ផ្លូវព្រះសីហនុ រួមទាំងតំបន់មួយចំនួនទៀត។
លោក ចាន់ ផល្លី អភិបាលក្រុងកំពង់ចាម បានគូសបញ្ជាក់ថា សម្រាប់ដីនៅក្នុងក្រុងកំពង់ចាម ដែលមានចំនួន ៤សង្កាត់ ក្នុងនោះរួមមាន បឹងកុក កំពង់ចាម វាលវង់ និងសំបួរមាស គឺមានចំនួន៨ប្រភេទ ហើយការបង់ពន្ធជូនរដ្ឋ គឺតំបន់ខ្លះត្រូវបង់ចាប់ពី១ដុល្លាររហូតដល់៦០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។
កិច្ចប្រជុំនេះ ក៏មានការឯកភាពគ្នាសម្រាប់តម្លៃទៅលើតារាងជារួម ហើយការបង់ពន្ធដីនេះធ្វើឡើងរវាងភាគីក លក់ឱ្យទៅភាគីខ។ បើសិនជាដីនោះ នៅក្នុងប្រភេទលេខ៨ ការបង់ពន្ធ គឺមិនមានចំនួនច្រើននោះទេ។
ជាក់ស្ដែង នៅក្នុងតារាងប្រភេទសំណង់ ដូចជាជាន់ក្រោមដី សំណង់សាងសង់ពីឥដ្ឋ បេតុងត្រូវបង់ ១៨០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ សំណង់ផ្ទាល់ដី ត្រូវបង់ ២២០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ សំណង់ជាន់ទី១ ត្រូវបង់ ១៨០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ សំណង់ជាន់ទី២ ដល់ទី៥ បង់១៣០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ សំណង់ជាន់ទី៦ ដល់ទី១០ បង់ ៦០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ និងចាប់ពីជាន់ទី១១ ឡើងទៅ ត្រូវបង់ ៧០០ដុល្លារ៕