តើតំបន់ណាខ្លះដែលជាប៉ូលអភិវឌ្ឍន៍អចលនទ្រព្យពេលអនាគត?

0

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ ការអភិវឌ្ឍអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ឃើញមានការរីករាលដាលទៅតាមបណ្ដាខេត្តនានា ខណៈកាលពីមុនការអភិវឌ្ឍអចលនទ្រព្យគឺផ្ដោតលើតែតំបន់រាជធានីភ្នំពេញ។ អ្នកជំនាញនៃវិស័យអចលនទ្រព្យបានបង្ហាញពីតំបន់ ដែលមានសក្ដានុពលក្នុងការអភិវឌ្ឍអចលនទ្រព្យនៅពេលអនាគត។

លោកសន សៀប នាយកប្រតិបត្តិកក្រុមហ៊ុនអចលនទ្រព្យ ឃី រៀលអ៊ីស្ទេត បានមានប្រសាសន៍ថា ប៉ូលសំខាន់ៗ៣ ដែលវិនិយោគិនគួរសម្លឹងមើលពីឱកាសនៃការវិនិយោគអចលនទ្រព្យ។ ក្នុងចំណោមតំបន់ទាំង៣ ដែលជាប៉ូលអភិវឌ្ឍន៍អចលនទ្រព្យក្នុងប្រទេសកម្ពុជា រាជធានីភ្នំពេញនៅតែជាប៉ូលសំខាន់ ហើយតំបន់ពីរទៀតមានខេត្តព្រះសីហនុ និងខេត្តសៀមរាប។

លោកបន្តថា តំបន់ទាំង៣នេះ យើងបានមើលឃើញថាមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធច្រើន ជាក់ស្ដែងភ្នំពេញ បានបន្តអភិវឌ្ឍន៍ផ្លូវក្រវ៉ាត់ក្រុង នៅជុំវិញរាជធានីភ្នំពេញជាបន្តបន្ទាប់ ហើយតំបន់ទាំងនោះក៏ទទួលបានការវិនិយោគពីវិនិយោគិនជាតិនិងអន្តរជាតិជាច្រើនផងដែរ។

ក្រៅពីភ្នំពេញ រាជរដ្ឋាភិបាលក៏បានអភិវឌ្ឍន៍ផ្លូវជាច្រើនខ្សែនៅក្នុងខេត្តព្រះសីហនុ ដែលជាសក្ដានុពលដ៏ទាក់ទាញ ។ ក្រៅពីផ្លូវនៅក្នុងក្រុងព្រះសីហនុ រដ្ឋាភិបាលក៏បាននិងកំពុងសាងសង់ផ្លូវល្បឿនលឿនភ្ជាប់ពីភ្នំពេញ ឆ្ពោះទៅក្រុងព្រះសីហនុនេះផ្ទាល់តែម្ដង ដែលវានឹងសម្រួលដល់ការដឹកជញ្ជូន ការធ្វើដំណើររបស់វិនិយោគិន លោកថា ”ក្រៅពីនេះដែរ ក្រុងព្រះសីហនុក៏មានកំពង់ផែទឹកជ្រៅ មានព្រលានយន្តហោះអន្តរជាតិ និងមានតំបន់សេដ្ឋកិច្ចពិសេសជាច្រើនផងដែរ”។

លោកបន្ថែមថា សម្រាប់ខេត្តសៀមរាបក៏ជាប៉ូលមួយសំខាន់ផងដែរ ខណៈផ្លូវ៣៨ខ្សែនៅក្នុងក្រុងសៀមរាបក៏នឹងបង្ហាញភាពទាក់ទាញដល់ទេសចរនិងវិនិយោគិន នៅដើមឆ្នាំ២០២២ខាងមុខនេះដែរ។ សៀមរាបនឹងក្លាយជាទីតាំងវិនិយោគដ៏សំខាន់មួយសម្រាប់វិនិយោគិនក្នុងនិងក្រៅប្រទេស។ លោកនិយាយថា ”ក្រៅពីប៉ូលសំខាន់ៗទាំង៣នេះ កម្ពុជាក៏មានប៉ូលផ្សេងទៀតដែលអាចទាក់ទាញការវិនិយោគលើវិស័យអចលនទ្រព្យ ក្នុងនោះយើងមើលឃើញថា ក្រុងបាវិត ខេត្តមណ្ឌលគីរី កំពតក៏ជាទីតាំងសក្ដានុពលក្នុងការអភិវឌ្ឍអចលនទ្រព្យដែរ”។

លោកឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ CPL ក៏បានឱ្យដឹងផងដែរថា ទីណាមានការអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធ ទីនោះនឹងទទួលបានការវិនិយោគលើអចលនទ្រព្យ ដូច្នេះហើយយើងឃើញថារាជរដ្ឋាភិបាលលោកបានវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធយ៉ាងច្រើន ដើម្បីសម្រួលដល់ការធ្វើដំណើរផង និងដើម្បីទាក់ទាញការវិនិយោគផង។
លោក ចេង ខេង បានផ្ដល់ជាទស្សនៈដល់វិនិយោគិនអចលនទ្រព្យទាំងអស់ឱ្យបានដឹងផងដែរថា នៅគ្រប់ទិសនៃរាជធានីភ្នំពេញគឺសុទ្ធតែមានសក្ដានុពលនិងអាចរកប្រាក់ចំណេញពីការវិនិយោគអចលនទ្រព្យបានហើយ សំខាន់ឱ្យតែទីនោះមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ដូចជាប្រព័ន្ធទឹក ភ្លើង និងផ្លូវ៕

LEAVE A REPLY

Please enter your comment!
Please enter your name here