គម្រោងអគារខ្ពស់បំផុត Latsavong Plaza នៅប្រទេសឡាវបានបន្តដំណើរការសាងសង់វិញហើយ

0

ដោយ៖ សុខុម

វៀងចន្ទន៍: គម្រោង Latsavong Plaza ដែលជាអគារខ្ពស់បំផុតនៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ ចាប់ផ្តើមដំណើរការសាងសង់ឡើងវិញហើយ បន្ទាប់ពីគម្រោងនេះបានផ្អាកអស់រយៈពេល៥ឆ្នាំ។ នេះបើយោងតាមការចុះផ្សាយកាលរបស់សារព័ត៌មាន Laotian Times នៅថ្ងៃទី២៨ ធ្នូ។

យោងតាមវរសេនីយ៍ឯក Siphonexay Khamthongveun អគ្គនាយកនៃអគ្គនាយកដ្ឋានសេដ្ឋកិច្ច នៃក្រសួងការពារជាតិឡាវ ឱ្យដឹងថា គម្រោង Latsavong Plaza គឺជាកិច្ចព្រមព្រៀងបណ្តាក់ទុនរួមគ្នាមួយរវាងក្រសួងការពារជាតិឡាវ និងក្រុមហ៊ុនចិន Chongqing Fund Real Estate Co. Ltd ក្រោមកិច្ចព្រមព្រៀងមួយ ដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០១៣។

គម្រោងអគារខ្ពស់បំផុតក្នុងប្រទេសឡាវ ជាមួយទំហំទុនវិនិយោគជាង៩៩លានដុល្លារអាមេរិក នេះរួមមានទាំងហាងលក់រាយ ផ្សារទំនើប សណ្ឋាគារ អាផាតម៉ិន និងកន្លែងជួលធ្វើជាអាជីវកម្មផងដែរ។

ក្នុងឆ្នាំ២០១៦ ក្រោយគម្រោងនេះបានចាប់ផ្ដើមដំណើរការសាងសង់ ក្រុមហ៊ុនម៉ៅការសាងសង់គម្រោងនេះបានជួបការលំបាកផ្នែកហិរញ្ញវត្ថុ ហើយមិនអាចបន្តការងារសាងសង់អគារនេះទៀតបាន។

ក្រសួងការពារជាតិឡាវ បានចាត់តាំងក្រុមការងារមួយដើម្បីដោះស្រាយបញ្ហានានាដែលមិនទាន់ដោះស្រាយ និងបានកៀរគរក្រុមវិនិយោគិនឱ្យជួយគាំទ្រគម្រោងនេះដើម្បីឱ្យការងារសាងសង់អាចបន្តដំណើរការឡើងវិញ។

ពិធីចាប់ផ្ដើមដំណើរការសាងសង់ឡើងវិញនេះត្រូវបានរៀបចំឡើងកាលពីថ្ងៃទី២៣ ខែធ្នូ ដោយមានការអញ្ជើញចូលរួមពីអនុរដ្ឋមន្ត្រីក្រសួងការពារជាតិ អនុប្រធានគណៈកម្មាធិការសហប្រតិបត្តិការឡាវ-ចិន លេខាសមាគមមិត្តភាពឡាវ-ចិន និងនាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនផ្លូវដែកឡាវ-ចិន Laos-China Railway Company៕

LEAVE A REPLY

Please enter your comment!
Please enter your name here