ដោយ៖ វឌ្ឍនៈ
ភ្នំពេញ៖ ជាការកត់សម្គាល់ មានលំនៅឋានជាច្រើននៅក្នុងបុរីនានាបានសាងសង់រួចរាល់ តែមិនមានមនុស្សចូលរស់នៅ ឬ បានត្រឹមដាក់ស្លាកលក់ឬជួល។ អ្នកជំនាញបានលើកឡើងថា បញ្ហានេះមិនមែនដោយសារតែការផ្គត់ផ្គង់ច្រើនជាងតម្រូវការនោះទេ ព្រោះតម្រូវការនៅតែមានសម្រាប់ផ្ទះ ដែលបានសិក្សាស្វែងយល់ពីទីផ្សារ និងតម្រូវការរបស់អតិថិជនបានច្បាស់លាស់។
លោកឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុនស៊ីភីអិល បានលើកឡើងថា តម្រូវការលំនៅឋានក្នុងប្រទេសកម្ពុជា ជាពិសេសក្នុងរាជធានីភ្នំពេញនៅតែមានខ្ពស់ ប៉ុន្តែអ្វីដែលសង្គេតឃើញ ផ្ទះនៅក្នុងបុរីមួយចំនួនសង់រួចរាល់ តែមិនមានមនុស្សទៅរស់នៅច្រើននោះ គឺមានកត្តាច្រើន។ ក្នុងនោះដែរ Facilities គឺមានសារសំខាន់ណាស់ក្នុងការទាក់ទាញពលរដ្ឋឱ្យទៅរស់នៅក្នុងបុរីនោះ។ បើសិនជាការសាងសង់ចេះតែសង់ ហើយមិនបានគិតគូរពីប្រព័ន្ធទឹក ប្រព័ន្ធភ្លើងគ្រប់គ្រាន់ តើពលរដ្ឋទៅរស់នៅយ៉ាងម៉េច។
លោកឧកញ៉ាបន្តថា យើងឃើញបុរីមួយចំនួនទៀត ដែលគេបានសិក្សាពីទីតាំង មានហេដ្ឋារចនាសម្ព័ន្ធច្បាស់លាស់ គឺនៅតែមានការគាំទ្រពីអតិថិជន។ នៅពេលសាងសង់រួច មានប្រជាពលរដ្ឋទៅរស់នៅច្រើន ខុសពីបុរីមួយចំនួនដែលសង់ហើយពលរដ្ឋរអ៊ូរឿងអត់ទឹក អត់ភ្លើងគ្រប់គ្រាន់ នៅឆ្ងាយពីផ្សារជាដើម ដូច្នេះហើយទើបបុរីទាំងនោះសង់ផ្ទះហើយតែត្រូវចាក់សោរទុកចោល ។ ម្យ៉ាងវិញទៀត អ្នកដែលទិញផ្ទះនៅតាមបុរីមួយចំនួនគឺទិញសម្រាប់ទុកលក់វិញយកចំណេញ ដែលគេហៅថាទិញដើម្បីវិនិយោគ ដូច្នេះហើយទើបផ្ទះនោះត្រូវចាក់សោរចោល មិនមានអ្នកទៅរស់នៅ។
លោក ឡុង គឹមសួគ៌ នាយកប្រតិបត្តិក្រុមហ៊ុន Century 21 Advance Property បានឱ្យដឹងថា ការអភិវឌ្ឍលំនៅឋានរបស់ម្ចាស់បុរី ដែលបានសិក្សាពីចំណូលរបស់អតិថិជនបានច្បាស់លាស់ នៅតែទទួលបានការគាំទ្រនិងមានអ្នកទិញ ទោះក្នុងវិបត្តិកូវីដ១៩ក្ដី។
លោកថា ”អ្នកទិញផ្ទះនៅជាយក្រុងមួយចំនួនមិនទាន់ទៅរស់នៅ ដោយសារតែគាត់នៅជាប់បំពេញការងារនៅកណ្ដាលក្រុង នៅជិតកន្លែងការងារ ដូច្នេះហើយគាត់ក៏ទិញផ្ទះនៅជាយក្រុង ហើយមិនទាន់ទៅរស់នៅ ធ្វើឱ្យផ្ទះនៅតាមបុរីខ្លះចាក់សោរចោល”។
ជារួម កត្តាដែលធ្វើឱ្យផ្ទះនៅក្នុងបុរីមួយចំនួនសង់រួចតែមិនទាន់មានអ្នកទៅរស់នៅច្រើន មានដូចជាកង្វះហេដ្ឋារចនាសម្ព័ន្ធ ទឹក ភ្លើង កត្តាទិញផ្ទះសម្រាប់វិនិយោគ កំណើនអ្នកវិនិយោគលើបុរីកាន់តែច្រើន និងមិនបានសិក្សាច្បាស់ពីតម្រូវការរបស់អ្នកទិញជាដើម៕