អ្នកជំនាញ៖ ទម្លាប់នៃការទុកដាក់លុយកាក់នាំឱ្យប្រជាជនកម្ពុជានៅតែមានលុយសម្រាប់ទិញផ្ទះ

0

ដោយ៖ សុផារី

ភ្នំពេញ៖ ទោះបីជាកូវីដនៅតែបន្តវាយលុកលើសេដ្ឋកិច្ចជាតិ ប៉ុន្តែវិស័យសំណង់កម្ពុជានៅតែដំណើរការទៅមុខយ៉ាងរលូន ចំណែកប្រជាជនកម្ពុជានៅតែមានលទ្ធភាពក្នុងការទិញផ្ទះ។ អ្នកជំនាញផ្នែកអចលនទ្រព្យ និងជាប្រធានក្រុមហ៊ុន KW Cambodia លោកបណ្ឌិត គីម ហ៊ាង មើលឃើញថា ដោយសារការទម្លាប់នៃការទុកដាក់លុយកាក់របស់ប្រជាជនកម្ពុជាយើង នាំឱ្យចរន្តនៃការទិញលក់ផ្ទះនៅតែដំណើរការទៅយ៉ាងរលូន។

លោកបណ្ឌិតបានមានប្រសាសន៍ថា ដោយសារនៅក្នុងប្រទេសកម្ពុជាយើង អ្នកមានភាគច្រើនមិនសូវប្រើប្រាស់សេវាកម្មធនាគារទេ។ ទម្លាប់នៃការប្រើប្រាស់លុយសុទ្ធបែបនេះ នាំឱ្យពូកគាត់មានលុយតែម្ដងនិងមានលុយសន្សំច្រើន។ នៅពេលដែលកូវីដ១៩កើតឡើង វាប៉ះពាល់ពិតមែន តែមិនធ្វើឱ្យប៉ះពាល់រហូតដល់ធ្វើឱ្យគាត់ដាច់បាយឡើយ។ វាធ្វើឱ្យអ្នកមានខ្លាំងចាយលុយតិចជាងមុន អ្នកមានចាយលុយតិច អ្នកល្មមៗមិនហ៊ានចំណាយ តែប្រជាជនកម្ពុជាយើងនៅមានលុយធម្មតា។ លោកមើលឃើញថា បើកូវីដនៅបន្តពីរទៅបីឆ្នាំទៀត អ្នកដែលប៉ះពាល់ពិតប្រាកដគឺអ្នកដែលមានជីវភាពនៅក្រោម គឺប្រជាជនក្រមែនទែន។

លោកថា “ប្រជាជននៅមានលុយ គឺមកពីគាត់ប្រើលុយធនាគារតិច វាខុសពីប្រទេសដែលរីកចម្រើនខ្លាំង។ ប្រទេសខ្លះប្រសិនបើមិនធ្វើការតែ៣ខែទេគឺដាច់បាយ ប្រជាជនដែលរីកចម្រើនប្រសិនបើគាត់បាត់បងការងារ៣ខែ គឺគាត់រងផលប៉ះពាល់ ផ្ទះ ឡាន ត្រូវរឹបអូស ព្រោះប្រជាជនគេទិញផ្ទះទិញឡានតាមរំលស់ធនាគារ”។

លោកបន្តថា “ប្រជាជនយើងមួយចំនួនប្រើលុយធនាគារ ទិញឡាន ទិញផ្ទះ តែមួយចំនួនមិនប្រើលុយធនាគាទេ។ ទោះបីជារយៈពេល២ឆ្នាំនេះកូវីដកើនឡើងប៉ះពាល់តែប្រជាជនដែលមានចំនួនក្រោមទេ អ្នករកចំណូលបាន៣០០ដុល្លារក្នុងមួយខែចុះក្រោមនឹងប៉ះពាល់”។

ក្នុងរបាយការណ៍បូកសរុបការងារប្រចាំឆ្នាំរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រចាំឆ្នាំ ២០២១ ទោះបើប្រឈមនឹងវិបត្តិកូវីដ១៩ ក្រសួងបានចេញលិខិតអនុញ្ញាតសាងសង់នៅទូទាំងប្រទេសចំនួនកម្ពុជាបានចេញលិខិតអនុញ្ញាត សាងសង់ចំនួន ៤.០៣៣គម្រោង មានផ្ទៃក្រឡាកម្រាលប្រមាណ១២លានម៉ែត្រការ៉េ គិតជាទឹកប្រាក់ប្រមាណ៥.៣៣៣លានដុល្លារអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here