ដោយ៖ សុខុម
ចិន: ក្រុមអ្នកវិនិយោគលើសញ្ញាប័ណ្ណ ឬ ប័ណ្ណបំណុល ដែលបោះផ្សាយដោយក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិន Evergrande បានផ្ទុះការតវ៉ានៅខាងក្រៅការិយាល័យនានារបស់ក្រុមហ៊ុន ដែលមានវិបត្តិសាច់ប្រាក់មួយនេះ នៅក្រុងគ័ងចូវ (Guangzhou) ប្រទេសចិននៅថ្ងៃអង្គារ ទី៤ ខែមករានេះ។
ការតវ៉ានេះបានផ្ទុះឡើង នៅពេលក្រុមអ្នកវិនិយោគបារម្ភខ្លាចប្រាក់ចំណេញរបស់ខ្លួននឹងត្រូវលះបង់ ដើម្បីតែរក្សាគម្រោងអចលនទ្រព្យរបស់ក្រុមហ៊ុនឱ្យបន្ដដំណើរការទៅមុខដោយរលូន។
ក្រុមអ្នកតវ៉ាប្រមាណ១០០នាក់ខាងលើនេះបានស្រែកបន្ទរថា “ក្រុមហ៊ុន Evergrande ឆាប់ប្រគល់ប្រាក់មកឱ្យពួកយើងវិញមក!”។ ការតវ៉ានេះបានកើតឡើង ក្រោយពីក្រុមវិយោគិន និងអ្នកផ្គត់ផ្គង់បានផ្ទុះការតវ៉ាស្រដៀងគ្នានេះកាលពីរដូវស្លឹកឈើជ្រុះកន្លងទៅ នៅពេលវិបត្តិហិរញ្ញវត្ថុរបស់ក្រុមហ៊ុននេះលេចចេញកាន់តែច្បាស់។
កាលពីថ្ងៃទី៣១ ខែធ្នូ ក្រុមហ៊ុន Evergrande បានប្រកាសផែនការទូទាត់សងប្រាក់អ្នកដែលបានវិនិយោគលើសញ្ញាប័ណ្ណរបស់ខ្លួន ដោយប្រកាសថា អ្នកវិនិយោគម្នាក់ៗអាចទទួលបានការទូទាត់ប្រាក់ដើមចំនួន១.២៥៦ដុល្លារអាមមេរិក ក្នុងមួយខែសម្រាប់រយៈពេល៣ខែ ចាប់ពីខែមករា ដើមឆ្នាំ២០២២ តទៅ ដោយមិនគិតពីពេល ដែលការវិនិយោគរបស់ពួកគេដល់ពេលត្រូវទទួលផលនោះឡើយ។
ក្រុមហ៊ុន Evergrande ធ្លាប់តែជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដែលលក់គម្រោងដាច់បំផុតរបស់ប្រទេសចិន ប៉ុន្តែពេលនេះកំពុងតែជាប់បំណុលគរដូចភ្នំរហូតដល់ទៅជាង៣០០ពាន់លានដុល្លារអាមេរិក។ នៅមុននេះ ក្រុមហ៊ុន Evergrande បានព្រមព្រៀងទូទាត់សងបំណុល១០%របស់ខ្លួននៅត្រឹមដំណាច់ខែធ្នូ នៅពេលសញ្ញាប័ណ្ណដល់ថ្ងៃដែលត្រូវទូទាត់សង ប៉ុន្តែមិនបានបញ្ជាក់ពីចំនួនទឹកប្រាក់ដែលត្រូវទូទាត់សងនោះឡើយ ហើយការខកខានមិនបានទូទាត់សងតាមការសន្យាបានធ្វើឱ្យឱ្យក្រុមវិនិយោគិនភ័យខ្លាចថា ពួកគេមិនអាចទទួលបានប្រាក់របស់ខ្លួនត្រឡប់មកវិញ ទើបបានជាផ្ទុះការតវ៉ាជាថ្មីម្ដងទៀតបែបនេះ៕