ដោយ៖ សុខុម
សិង្ហបុរី: អាជ្ញាធរអភិវឌ្ឍន៍ទីក្រុង (URA) បានប្រកាសនៅថ្ងៃពុធ ទី៥ មករា នេះថា ការពង្រឹងការការពារ និងការផ្ដល់ព័ត៌មានលម្អិតបន្ថែមសម្រាប់អ្នកទិញផ្ទះ គឺស្ថិតក្នុងចំណោមសំណើវិសោធនកម្មលើវិធានសម្រាប់បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋាន។
អាជ្ញាធរនេះបានបន្ថែមថា សំណើវិសោធនកម្មសំខាន់ៗទាំងនេះតម្រូវឱ្យក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានផ្តល់ព័ត៌មានលម្អិតបន្ថែមដល់អ្នកទិញផ្ទះដើម្បី “ជួយពួកគេធ្វើការសម្រេចចិត្តបានកាន់តែប្រសើរ ដោយផ្អែកលើព័ត៌មានដែលពួកគេទទួលបាន”។
ពេលនេះអាជ្ញាធរនេះកំពុងស្នើសុំឱ្យសាធារណជនជួយផ្ដល់មតិ ជុំវិញសំណើរវិសោធនកម្មសំខាន់ៗទាំងនេះ។
អាជ្ញាធរបានគូសបញ្ជាក់ថា “ដើម្បីជួយអ្នកទិញផ្ទះធ្វើការសម្រេចចិត្តបានកាន់តែប្រសើរដោយផ្អែកលើព័ត៌មានដែលពួកគេទទួលបាន អាជ្ញាធរ URA នឹងស្នើឱ្យបណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានផ្តល់ព័ត៌មានកាន់តែសុក្រឹតត្រឹមត្រូវ និងលម្អិតបន្ថែមទៀតអំពីគម្រោងលំនៅដ្ឋានរបស់ខ្លួន។ ទាំងនេះក៏រួមបញ្ចូលកំណត់ត្រាតាមដាននៃក្រុមហ៊ុនអភិវឌ្ឍន៍ ប្លង់ជាន់នៃគម្រោង និងព័ត៌មានស្តីពីការជួលដី និងអត្តសញ្ញាណរបស់ម្ចាស់ដីផងដែរ”។
បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍ នឹងត្រូវបង្ហាញប្រព័ន្ធវាយតម្លៃគុណភាពសំណង់ (Construction Quality Assessment System) របស់ខ្លួន និងពិន្ទុបញ្ជាក់ពីគុណភាព (Quality Mark) ព្រមទាំងវិញ្ញាបនបត្រ Green Mark សម្រាប់គម្រោងដែលបានបញ្ចប់ក្នុងរយៈពេល៥ឆ្នាំចុងក្រោយផងដែរ។
ក្រុមហ៊ុនទាំងនោះក៏នឹងត្រូវតម្រូវឱ្យទទួលបានការយល់ព្រមជាមុនពីអាជ្ញាធរផងដែរ សម្រាប់ប្លង់ដេគ័រក្នុងគម្រោងលំនៅដ្ឋានដែលត្រូវបានបង្ហាញក្នុងការផ្សាយពាណិជ្ជកម្ម៕