ដោយ៖ វឌ្ឍនៈ
ភ្នំពេញ ៖ ការបើកការដ្ឋានជួសជុលស្ថាបនាផ្លូវជាតិលេខ៤៨ តភ្ជាប់ពីផ្លូវជាតិលេខ៤ ខេត្តព្រះសីហនុទៅកាន់ខេត្តកោះកុង ជាការបង្កើនសក្តានុពលវិនិយោគ និងដឹកជញ្ជូន ដែលកត្តានេះនឹងធ្វើឱ្យផ្លូវជាតិលេខ៤៨ក្លាយជាផ្លូវដ៏សំខាន់មួយ ក្នុងការជំរុញការវិនិយោគលើវិស័យអចលនទ្រព្យ។
ក្នុងនោះកត្តាសំខាន់ៗមួយចំនួនដែលជឿជាក់ថាផ្លូវលេខ៤៨នឹងក្លាយជាផ្លូវដ៏សំខាន់ក្នុងវិស័យអចលនទ្រព្យ ក្នុងនោះរួមមាន៖
១. ផ្លូវហាយវ៉េអាស៊ាន១២៣ (ASEAN Highway 123) ៖ តាមការបញ្ជក់ពីក្រសួងសាធារណការ និងដឹកជញ្ជូន ការស្ថាបនាផ្លូវជាតិលេខ៤៨ មានប្រវែង១៤៨ គីឡូម៉ែត្រ ដោយចាប់ផ្តើមសាងសង់ពីចំណុចប្រសព្វជាមួយផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ផ្លូវនេះនឹងជួយសម្រួលដល់ការដឹកជញ្ជូន ជំរុញសក្តានុពលតំបន់ទេសចរណ៍ និងបង្កើនសេដ្ឋកិច្ចក្នុងតំបន់ជាពិសេស ជាមួយប្រទេសជិតខាង ដោយសារតែផ្លូវនេះ ជាផ្នែកមួយនៃផ្លូវហាយវ៉េអាស៊ាន១២៣ ដែលភ្ជាប់ប្រទេសកម្ពុជា ទៅប្រទេសថៃ និងប្រទេសភូមា។
២. ជាផ្លូវដែលបណ្តុំដោយតំបន់សេដ្ឋកិច្ចពិសេស ៖ សក្តានុពលនៃផ្លូវជាតិលេខជាតិលេខ ៤៨ បានទាក់ទាញការវិនិយោគសួនឧស្សាហកម្មដល់ទៅ៤ ដែលស្ថិតនៅតាមបណ្តោយផ្លូវនេះតែមួយ។ តំបន់សេដ្ឋកិច្ចពិសេស៤កន្លែងនេះមានដូចជា តំបន់សេដ្ឋកិច្ចពិសេសកោះកុង (Koh Kong SEZ) តំបន់សេដ្ឋកិច្ចពិសេសស៊ួយ ឆេង (Suoy Chheng SEZ) តំបន់សេដ្ឋកិច្ចពិសេសគិរីសាគរកោះកុង (Kirisakor Koh Kong SEZ) និងតំបន់សេដ្ឋកិច្ចពិសេសរតនា(Ratana SEZ) ។
៣. ទីផ្សាដីធ្លីបន្តកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ៖ ដោយសារទីតាំង និងសក្តានុពល្អទាំងនេះហើយ បានជំរុញឱ្យតម្លៃដីនៅតាមបណ្តោយផ្លូវជាតិលេខ ៤៨ មានកំណើនល្អពីមួយឆ្នាំទៅមួយឆ្នាំ។
តាមការសិក្សាពីក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តកោះកុងឱ្យដឹងថា តម្លៃដីនៅតាមបណ្តោយផ្លូវជាតិលេខ៤៨ មានតម្លៃដាក់លក់ចន្លោះពី៧ទៅ៨ដុល្លារក្នុងមួយម៉ែត្រការ៉េ កាលពីដើមឆ្នាំ២០២០។ បច្ចុប្បន្នតម្លៃនេះបានកើនដល់ចន្លោះពី១៣ទៅ១៨ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ដែលតម្លៃនេះគឺអាស្រ័យលើទីតាំងសក្តានុពលនៃដី។
ជាការកត់សម្គាល់ តំបន់ណាដែលមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីៗ តម្លៃដីធ្លីនៅក្នុងតំបន់នោះ មានកំណើនស្ទុះងើបឡើងជាបន្តបន្ទាប់ ហើយក៏ទាក់ទាញការវិនិយោគពីវិនិយោគិនក្នុងនិងក្រៅប្រទេសជាច្រើនផងដែរ ហេតុដូច្នេះហើយទើបរាជរដ្ឋាភិបាលលោកបានសាងសង់ហេដ្ឋារចនាសម្ព័ន្ធថ្មីៗនិងលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធចាស់ៗឡើងវិញឱ្យកាន់តែទំនើបនិងធំទូលាយ៕