ដោយៈ គង់ សូរិយា
ភ្នំពេញៈ គំរោងអភិវឌ្ឍន៍មួយទទួលបានជោគជ័យ មិនមែនជារឿងសាមញ្ញនោះឡើយ ប៉ុន្តែទាមទារឲ្យអ្នកអភិវឌ្ឍន៍ មានមូលដ្ឋានសំខាន់ៗចំនួនបី ដែលត្រូវធ្វើ។
លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងប្រធានKW Cambodiaបានមានប្រសាសន៍ឲ្យដឹងក្នុងកិច្ចសម្ភាសន៍ ពិសេសនាព្រឹកថ្ងៃទី៦ មករានេះថា អ្នកអភិវឌ្ឍន៍គម្រោងអចលនទ្រព្យ ដើម្បីទទួលបានជោគជ័យ ត្រូវមានកត្តាសំខាន់ៗចំនួនបី ដូចជា ទី១ មានទុនវិនិយោគគ្រប់គ្រាន់ ទី២ មានក្រុមបច្ចេកទេសសាងសង់ប្រកបដោយជំនាញ និងវិជ្ជាជីវៈ និងទី៣ ត្រូវមានក្រុមលក់ដែលពូកែ។
លោកបន្តថា “ក្រុមលក់ពូកែគឺជាទ័ពស្រួច ព្រោះការសាងសង់គំរោងចប់ មិនប្រាកដថាជោគជ័យនោះទេ បើសិនជាគ្មានអ្នកលក់ដ៏ជំនាញ”។លោកបន្តថា “មានអ្នកមានលុយច្រើនណាស់ បានសាងសង់គម្រោងរបស់ពួកគេរួចហើយ ប៉ុន្តែនៅជាប់គាំងលក់មិនចេញ គឺដោយសារខ្វះក្រុមលក់ជំនាញ”។
លោកបណ្ឌិតគីម ហ៊ាងបានបន្តថា ទាក់ទងនឹងស្ថានភាពសេដ្ឋកិច្ច អចលនទ្រព្យ រីកចម្រើនលឿនឡើងវិញ ទាមទារឲ្យមានការចូលរួមពីអ្នកវិនិយោគក្នុងស្រុក ប៉ុន្តែបើពឹងតែអ្នកវិនិយោគក្នុងស្រុកមិនគ្រប់គ្រាន់ និងធ្វើឲ្យវិស័យនេះរីកចម្រើនលឿននោះទេ ហេតុនេះយើងត្រូវការការចូលរួមពីរដ្ឋាភិបាល ដាក់ចេញគោលនយោបាយត្រឹមត្រូវច្បាស់លាស់ ដើម្បីលើកទឹកចិត្តវិនិយោគិនបរទេសឲ្យចូលមកវិនិយោគ ដើម្បីសេដ្ឋកិច្ចយើងរីកចម្រើនលឿន។
លោកបន្តថា ចំណុចសំខាន់មួយទៀត គឺរដ្ឋាភិបាលត្រូវធ្វើយ៉ាងណា ឲ្យអ្នកមានលុយច្រើន នៅបរទេសដែលជាជនជាតិខ្មែរ យកលុយរបស់ពួកគេចូលមកវិនិយោគនៅកម្ពុជា ពេលនោះសេដ្ឋកិច្ចយើងនឹងរីកចម្រើនលឿន វិស័យអចលនទ្រព្យនឹងងើបឡើងវិញឆាប់រហ័ស។
លោកបន្តថា “ការចូលរួមពីវិស័យឯកជន បានមួយចំណែកតូចនោះទេ ប៉ុន្តែបើរដ្ឋាភិបាលចូលរួម ដាក់ចេញគោលនយោបាយជាច្រើនទៀត សេដ្ឋកិច្ចរបស់យើង នឹងសម្រេចបានកំណើនកាន់តែលឿន”៕