ដោយ៖ វឌ្ឍនៈ
ភ្នំពេញ ៖ វិស័យអចលនទ្រព្យបាននិងកំពុងធ្វើបច្ចុប្បន្នភាពកាន់តែទំនើបបន្តិចម្ដងៗ ដើម្បីឱ្យវិស័យនេះ កាន់តែរួមចំណែកធំឡើងក្នុងសេដ្ឋកិច្ច ជាក់ស្ដែងអ្នកប្រឡូកក្នុងវិស័យនេះ បាននិងកំពុងប្រើប្រាស់បច្ចេកវិទ្យា (Technology) ក្នុងគោលដៅជំរុញវិស័យមួយនេះ កាន់តែមានស្តង់ដារក្នុងការប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់។
លោក សន សៀប នាយកប្រតិបត្តិក្រុមហ៊ុនអចលទ្រព្យឃី រៀលអ៊ីស្ទេត បានឱ្យដឹងថា ការវាយតម្លៃអចលនទ្រព្យចាំបាច់ណាស់ត្រូវការឯកសារយោង ហើយទិន្នន័យនេះ ត្រូវការធ្វើបច្ចុប្បន្ន និងផ្ទៀងផ្ទាត់ត្រឹមត្រូវច្បាស់លាស់។ ការវាយតម្លៃយើងត្រូវលើជំនាញ ហើយបើសិនជាយើងគ្រាន់តែមើលឱ្យដឹងពីតម្លៃ យើងក៏មិនបាច់ត្រូវការអ្នកជំនាញខ្លាំងនោះដែរ។ ក្នុងនោះបើសិនជាអចលនទ្រព្យនោះជាប្រភេទអចលនទ្រព្យធម្មតា រឹតតែមិនត្រូវការជំនាញខ្លាំងនោះដែរ ប៉ុន្តែបើសិនជាយើងត្រូវការវាយតម្លៃអចលនទ្រព្យខ្នាតធំ គឺយើងក៏ត្រូវការជំនាញខ្លាំងពូកែ។
លោកបន្តថា អ្នកវាយតម្លៃត្រូវការមានចំណេះដឹងប្លែកៗថ្មីៗពីមួយឆ្នាំទៅមួយឆ្នាំ ហើយបច្ចុប្បន្ននេះ តិចណូឡូជីបានតួនាទីយ៉ាងសំខាន់ក្នុងការវាយតម្លៃអចលនទ្រព្យ ជាក់ស្ដែងនៅពេលចុះទៅមើលទីតាំង បើសិនជាគ្មានតិចណូឡូជីទេ វានឹងចំណាយពេលយូរដើម្បីរកទីតាំងនោះនិងក៏មានផលលំបាកនៅពេលអ្នកវាយតម្លៃប្រមូលទិន្នន័យដែរ។ លោកថា ”តិចណូឡូជីបានសម្រួលដល់ការងាររបស់អ្នកវាយតម្លៃបានច្រើនជ្រើននិងងាយស្រួលក្នុងការប្រមូលទិន្នន័យ និងអាចបញ្ជូនទិន្នន័យទៅកាន់ការិយាល័យអ្នកវាយតម្លៃបានលឿននិងវាយតម្លៃបានភ្លាមៗ” ។
លោកឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុនស៊ីភីអិលបានឱ្យដឹថា ប្រព័ន្ធបច្ចេកវិទ្យាបានជួយអ្នកវាយតម្លៃ អាចធ្វើការវាយតម្លៃបានសុក្រិតនិងស្តង់ដារ និងអាចផ្ទុកទិន្នន័យបានច្រើនដោយមិនស្មុគ្រស្មាញ។ ហើយដើម្បីឱ្យកាន់តែសុក្រិតជាងនេះទៅទៀតនោះ ក្រុមហ៊ុននីមួយៗ គួរចុះទៅផ្ទាល់មើលផ្ទាល់ទើបវាយតម្លៃបានច្បាស់លាស់។
លោក គុយ វ៉ាត ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន VTrust ក៏បានលើកឡើងថា ប្រទេសជឿនលឿនភ្នាក់ងារអចលនទ្រព្យឬបុគ្គលិករបស់ក្រុមហ៊ុនអចលនទ្រព្យមិនបាច់ចូលការិយាល័យទេ គេអាចធ្វើការពីទីណាក៏បានដោយប្រើប្រព័ន្ធឌីជីថលនេះ តែសម្រាប់កម្ពុជាយើងត្រូវការពេលវេលាដើម្បីឱ្យទាន់គេ៕