ដោយ៖ សុខុម
ញូវយ៉ក៖ ប៊្រែនភីហ្សាអាមេរិក ដ៏ល្បីល្បាញ Papa Johns ដែលមានសាខាជាច្រើនកន្លែងនៅប្រទេសកម្ពុជា គ្រោងនឹងបោះទុនវិនិយោគច្រើនបំផុតមិនធ្លាប់មាននៅក្នុងប្រទេសចិន។ នេះបើយោងតាមសារព័ត៌មាន CNN ចុះផ្សាយកាលពីថ្ងៃសុក្រ ទី៧ មករា។
ប៊្រែនភីហ្សាមួយនេះគ្រោងនឹងបើកហាងរហូតដល់ទៅជាង១.៣៥០សាខានៅប្រទេសចិន នៅត្រឹមឆ្នាំ២០៤០ ដោយចាប់ដៃគូសហការជាមួយក្រុមហ៊ុនភាគហ៊ុនឯកជនអាស៊ី FountainVest Partners។
កិច្ចព្រមព្រៀងនេះនឹងបង្កើនចំនួនសាខាហាងភីហ្សា Papa Johns ទូទាំងពិភពលោកនាពេលបច្ចុប្បន្នរហូតដល់ទៅ២៥% និងជាកិច្ចព្រមព្រៀងលក់ហ្វ្រែនឆាយ (Franchise) ដ៏ធំបំផុតក្នុងប្រវត្តិសាស្រ្តរបស់ក្រុមហ៊ុនភីហ្សាមួយនេះ។
នៅរយៈពេលចុងក្រោយនេះ ក្រុមហ៊ុនភីហ្សានានាបាននិងកំពុងពង្រីកការឈានជើងរបស់ខ្លួនចូលក្នុងតំបន់ ជាពិសេសប្រទេសចិន ដោយសារក្រុមហ៊ុនទាំងនោះមើលឃើញឱកាសដ៏ល្អនៅក្នុងការជំរុញការលក់។
តួយ៉ាង ប៊្រែនភីហ្សាអាមេរិក Pizza Hut បានបើកហាងថ្មីចំនួន១០៣សាខាក្នុងប្រទេសចិន ក្នុងត្រីមាសទី៣ ឆ្នាំ២០២១។ ហើយ លោក Ritch Allison នាយកប្រតិបត្តិក្រុមហ៊ុនភីហ្សាអាមេរិក Domino បានថ្លែងកាលពីខែតុលា ថា “ដោយត្រីមាសនីមួយៗចេះតែកន្លងផុតទៅ យើងកាន់តែមានទំនុកចិត្តលើសក្តានុពលនៃកំណើនរយៈពេលវែងសម្រាប់ម៉ាកយីហោ Domino ក្នុងប្រទេសចិន”។
លោកបានធ្វើការកត់សម្គាល់ថា នៅក្នុងត្រីមាសទី៣ នៃឆ្នាំ២០២១ ការបើកសាខានៅប្រទេសចិន គឺបានចំណេញគ្រាន់បើជាងនៅសហរដ្ឋអាមេរិក ដែលការលក់នោះទីនោះបានធ្លាក់ចុះក្នុងត្រីមាសទី៣។
កាលពីចុងឆ្នាំ២០២១ លោក Rob Lynch នាយកប្រតិបត្តិរបស់ Papa Johns បានលើកឡើងថា ប្រទេសចិន មានសក្ដានុពលខ្ពស់ក្នុងការជំរុញឱ្យក្រុមហ៊ុនរបស់លោករីកចម្រើន៕