ដោយ៖ សុផារី
បាត់ដំបង៖ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ខាងមុខនេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៥ ពីខេត្តបាត់ដំបងទៅខេត្តបន្ទាយមានជ័យ។
កំណាត់ផ្លូវជាតិលេខ៥ ពីខេត្តបាត់ដំបងទៅខេត្តបន្ទាយមានជ័យមានប្រវែងជាង៨៤គីឡូម៉ែត្រ ដែលបានចំណាយថវិកាអស់ជាង១៦០លានដុល្លារ។
ផ្លូវនេះជាផ្លូវអាស៊ានហាយវ៉េទី១ ដែលធ្លាប់បានបើកឱ្យធ្វើចរាចរណ៍ជាផ្លូវការចាប់ពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១មកម៉្លេះ បន្ទាប់ពីបានស្ថាបនារួចរាល់។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ផ្លូវអាស៊ានហាយវេទី១នេះ គឺជាផ្លូវសេដ្ឋកិច្ចដ៏សំខាន់របស់ប្រទេសកម្ពុជាដែលតភ្ជាប់ពីតំបន់សេដ្ឋកិច្ចនៃច្រកទ្វារព្រំដែនប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មកកាន់ខេត្តបាត់ដំបង ភ្ជាប់មករាជធានីភ្នំពេញ។ ផ្លូវនេះជាប្រភេទផ្លូវ៤គន្លងដែលមានទទឹង២៣ម៉ែត្រសម្រាប់តំបន់ជនបទ និង២៨ម៉ែត្រសម្រាប់តំបន់ទីប្រជុំជនដោយចំណាយថវិកាក្នុងការសាងសង់សរុប១៦០,៦លានដុល្លាសហរដ្ឋអាមេរិក ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា “ផ្លូវជាតិលេខ៥នេះ គម្រោងផ្លូវនេះជាចំណែកមួយនៃផ្លូវអាស៊ានហាយវ៉េលេខ១ ដែលតភ្ជាប់ពីប្រទេសចិន មកភូមា ថៃ កម្ពុជា និងវៀតណាម និងជាផ្លូវសេដ្ឋកិច្ចយ៉ាងសំខាន់ សម្រាប់ការដឹកជញ្ជូនផលិតផលកសិកម្ម និងជាពិសេសជាសរសៃឈាមដ៏ធំមួយក្នុងការធ្វើឱ្យសេដ្ឋកិច្ចជាតិកាន់តែមានការអភិវឌ្ឍន៍ថែមទៀត”។
គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ គឺជាគម្រោងក្រោមកម្ចីឥណទានសម្បទានពីរដ្ឋាភិបាលជប៉ុនតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិជប៉ុនប្រចាំកម្ពុជាដែលផ្តើមសាងសង់ចេញពីព្រែកក្តាមរហូតដល់ក្រុងប៉ោយប៉ែតឆ្លងកាត់ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និង ខេត្តបន្ទាយ មានជ័យមានប្រវែងសរុប ៣៦៦គីឡូម៉ែត្រ គ្រោងចំណាយថវិកាប្រមាណ៥០០លានដុល្លារអាមេរិកហើយការស្ថាបនាត្រូវបានបែងចែកជាបីផ្នែកធំៗគឺភាគខាងជើង ភាគខាងត្បូង និង ភាគកណ្តាល៕