សម្តេចតេជោ៖ គោលដៅអភិវឌ្ឍន៍២ចំណុចក្រោយបញ្ចប់សង្រ្គាមឆ្នាំ១៩៩៨ សម្រេចបានលើស៩០ភាគរយហើយ

0

ដោយ៖ សុផារី

បាត់ដំបង៖ ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ៥ ពីខេត្តបាត់ដំបង ទៅខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១០ ខែមករានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា សម្តេចបានដាល់ចេញនូវគោលដៅអភិវឌ្ឍន៍២ចំណុច បន្ទាប់ពីការបញ្ចប់សង្រ្គាមនៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ១៩៩៨ មកដល់ពេលនេះ សម្រេចបានលើស៩០ភាគរយទៅហើយ។

សម្តេចបានមានប្រសាសន៍ថា “មេរៀនរបស់យើងគ្រប់គ្រាន់ហើយ ដែលបានជួបពីអតីតកាល ដែលយើងត្រូវតែចូលរួមការពារសន្តិភាព។ ប្រសិនបើរក្សាសន្តិភាពមិនបានទេ កុំនិយាយរឿងផ្សេងឱ្យសោះ ដូចនៅបណ្ដាប្រទេសផ្សេងៗ ដែលកំពុងមានសង្រ្គាម តើអាចនិយាយអំពីសិទ្ធិមនុស្ស និយាយអំពីប្រជាធិបតេយ្យ និយាយអំពីសិទ្ធិបញ្ចេញមតិកើតដែរទេ នៅក្រោមគ្រាប់បែក គ្រាប់ផ្លោងបែបនេះ? ដូច្នេះត្រូវចាប់ផ្ដើមពីសិទ្ធិរស់រានមានជីវិត សិទ្ធិទទួលបានសេចក្តីសុខ កុំឱ្យមានការគំរាមកំហែងពីសង្គ្រាមសិន”។

សម្តេចតេជោ មានប្រសាសន៍ថា បន្ទាប់ពីការបញ្ចប់សង្រ្គាមនៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ១៩៩៨ សម្តេចបានដាក់ចេញនូវគោលដៅពីរសំខាន់គឺ ទី១ ប្រែក្លាយអតីតតំបន់សមរភូមិឱ្យក្លាយទៅជាទីផ្សារ ទៅជាតំបន់នៃការអភិវឌ្ឍ។ ទី២ ប្រែក្លាយតំបន់ព្រំដែនជាមួយប្រទេសជិតខាង ឱ្យទៅជាព្រំដែនមិត្តភាព សន្តិភាព និងកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។

សម្តេចតេជោ ហ៊ុន សែន អះអាងថា គោលដៅទាំងពីរនេះអនុវត្តបានច្រើនណាស់ហើយ ក្នុងនោះបានប្រែក្លាយតំបន់អតីតសមរភូមិឱ្យទៅជាទីផ្សារ ជាតំបន់អភិវឌ្ឍន៍ មកដល់ពេលនេះ យើងអាចនិយាយបានថា លើស៩០ភាគរយទៅហើយ។

ចំណុចដែលសេសសល់ គឺ គ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះនៅមិនទាន់បំផ្លាញអស់ ហើយប្រសិនបើនៅឆ្នាំ ២០២៥ ដែលជាឆ្នាំគោលដៅ “សូន្យគ្រាប់មីន” ត្រូវបានអនុវត្តសម្រេចបានជោគជ័យ ការដាក់ចេញជាគោលនយោបាយប្រែក្លាយតំបន់អតីតសមរភូមិឱ្យទៅជាតំបន់អភិវឌ្ឍន៍ ទៅជាទីផ្សារ ទៅជាកន្លែងដាំដុះ ទៅជាកន្លែងផល្លិតកម្ម ជាកន្លែងទេសចរណ៍ នឹងសម្រេចជោគជ័យ។

បញ្ហាព្រំដែនជាមួយប្រទេសជិតខាង កម្ពុជាក៏បានខិតខំដើម្បីធ្វើកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង ដែលពីអតីតកាលប្រជាជនតែងតែមានការភ័យខ្លាចពីការប្រយុទ្ធគ្នា ប៉ុន្តែពេលនេះបានក្លាយទៅជាតំបន់នៃការដោះដូរទំនិញ ហើយជាមួយថៃ ទំហំពាណិជ្ជកម្មបានកើនឡើងរហូតដល់១០ពាន់លានដុល្លារ ជាមួយវៀតណាមបានកើនឡើងជាង៩ពាន់លានដុល្លារ។ ដោយឡែកជាមួយឡាវបានកើនឡើងជាង ១០០លានដុល្លារ ហើយទំហំនេះអាចនឹងមានការកើនឡើងថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here