វិភាគ: អាមេរិកល្មមដល់ពេលបញ្ចប់សង្គ្រាមពាណិជ្ជកម្មជាមួយចិន ដើម្បីស្រោចស្រង់សេដ្ឋកិច្ចពិភពលោក

0

ដោយ៖ សុខុម

វិភាគ: ខណៈពលរដ្ឋអាមេរិកបន្តទទួលការចាក់វ៉ាក់សាំង សេដ្ឋកិច្ចអាមេរិកក៏កំពុងបន្តងើបឡើងវិញជាលំដាប់ដែរ ក្រោយដាំក្បាលចុះក្នុងអំឡុងដំណាក់កាលដ៏ធ្ងន់ធ្ងរបំផុត នៃការរីករាលដាលវីរុសកូវីដ-១៩។

ប៉ុន្តែទន្ទឹមនឹងវឌ្ឍនភាពគួរឱ្យសាទរនេះ ក៏នៅតែមានបញ្ហាប្រឈមមួយចំនួននៅឡើយ ដែលអាមេរិកចាំបាច់ត្រូវប្រុងប្រយ័ត្នជៀសវាងឱ្យបាន ដើម្បីជួយស្ដារសេដ្ឋកិច្ចឱ្យហក់ងើបឡើងពេញលេញតាមដែលអាចធ្វើទៅបាន។

វាពិតជាសំខាន់ណាស់ ដែលប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន និងថ្នាក់ដឹកនាំផ្សេងៗទៀតនៅក្នុងរដ្ឋការរបស់លោកបន្តស្វែងរកមធ្យោបាយកម្ចាត់ចោលនូវសម្ពាធហួសហេតុដែលមានមកលើសេដ្ឋកិច្ច ហើយបង្កលក្ខណៈអំណោយផលបំផុត ដើម្បីជួយឱ្យសេដ្ឋកិច្ចងើបឡើងវិញយ៉ាងឆាប់រហ័ស និងរឹងមាំតាមដែលអាចធ្វើទៅបាន។ ចំណុចស្នូលដែលថ្នាក់ដឹកនាំអាមេរិក គួរចាប់ផ្ដើមនោះគឺ បញ្ហាសង្គ្រាមពាណិជ្ជកម្មដែលរដ្ឋការលោក ដូណាល់ ត្រាំ បានចាប់ផ្ដើមបញ្ឆេះឡើងកាលពីឆ្នាំ២០១៨។

ដោយព្យាយាមបញ្ចេញឥទ្ធិពលរបស់លោកនៅក្នុងការចរចាពាណិជ្ជកម្មជាមួយមហាយក្សចិន អតីតប្រធានាធិបតី ដូណាល់ ត្រាំ បានយកបញ្ហាដំឡើងពន្ធមកដាក់គំនាបលើប្រទេសចិន ហើយជាលទ្ធផលនាពេលបច្ចុប្បន្ន ទណ្ឌកម្មពន្ធនោះបានឈានដល់ទំហំជាង១០០ពាន់លានដុល្លារអាមេរិក លើទំនិញតម្លៃជាង៣៥០ពាន់លានដុល្លារអាមេរិក ដែលបណ្ដាក្រុមហ៊ុនអាមេរិកនាំចូលពីប្រទេសចិន។

លោក ដូណាល់ ត្រាំ បានអះអាងថា ពន្ធទាំងនេះនឹងជួយធ្វើឱ្យក្រុមហ៊ុនសហគ្រាសនានាវិលត្រលប់ចូលមកកាន់ទឹកដីសហរដ្ឋអាមេរិកវិញ ជួយបង្កើតការងារជូនពលរដ្ឋអាមេរិក ហើយនឹងធ្វើឱ្យសេដ្ឋកិច្ចអាមេរិកមានប្រៀបជាងសេដ្ឋកិច្ចប្រទេសចិន។

ប៉ុន្តែពន្ធទាំងនេះគឺមិនអាចជួយអ្វីបានឡើយ។ ការសិក្សាស្រាវជ្រាវថ្មីបានបញ្ជាក់ថា អ្វីដែលស្ដែងឱ្យឃើញច្បាស់រួចមកហើយគឺ៖ សង្គ្រាមពាណិជ្ជកម្មរបស់រដ្ឋការលោក ដូណាល់ ត្រាំ ជាមួយប្រទេសចិន មិនត្រឹមតែបរាជ័យនៅក្នុងការសម្រេចគោលដៅរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានជះផលអាក្រក់មកលើសេដ្ឋកិច្ចសហរដ្ឋអាមេរិក ទៀតផង។

ដោយសារតែពន្ធគយគឺជាពន្ធ ដែលក្រុមហ៊ុននាំចូលអាមេរិកជាអ្នករ៉ាប់រងបង់ជូនរដ្ឋាភិបាលអាមេរិក សម្ភារៈ និងទំនិញផ្សេងៗដែលក្រុមហ៊ុនសហគ្រាសនានាត្រូវការដើម្បីធ្វើប្រតិបត្តិការបានហក់ឡើងថ្លៃជាលំដាប់ ហើយពួកគេត្រូវបង្ខំចិត្តបង់ពន្ធទាំងនេះដោយខ្លួនឯង ឬ ក៏ទម្លាក់បន្តទៅលើអតិថិជនដែលជាអ្នកប្រើប្រាស់។

ដូចនេះវាសរបង្ហាញឱ្យឃើញថា សង្គ្រាមពាណិជ្ជកម្មនេះបន្តកាន់តែយូរ ក្រុមហ៊ុនសហគ្រាសនានាកាន់តែពិបាកទ្រាំទ្រ។

រដ្ឋមន្ត្រីរតនាគារអាមេរិក លោកស្រី Janet Yellen បានលើកឡើងយ៉ាងត្រឹមត្រូវនៅឆ្នាំនេះថា ពន្ធគយ “ជះផលប៉ះពាល់ដល់ពលរដ្ឋអាមេរិក ដែលជាអ្នកប្រើប្រាស់” ហើយឥឡូវនេះរដ្ឋការលោក ចូ បៃឌិន មានឱកាសដោះស្រាយបញ្ហានេះដែលបាននិងកំពុងបំផ្លាញសេដ្ឋកិច្ចអាមេរិក ចាប់តាំងពីអតីតប្រធានាធិបតី ដូណាល់ ត្រាំ បានចាប់ផ្តើមបញ្ឆេះសង្រ្គាមពាណិជ្ជកម្មនេះកាលជាង៣ឆ្នាំមុន។

ជៀសវាងពិចារណាអនុវត្តការដំឡើងពន្ធបន្ថែមទៀត ដូចដែលសារព័ត៌មានបានចុះផ្សាយកាលពេលថ្មីៗនេះ រដ្ឋការលោក ចូ បៃឌិន គួរតែស្តាប់យោបល់របស់លោកស្រី Janet Yellen ហើយប្រញាប់បញ្ចប់សង្គ្រាមពាណិជ្ជកម្មនេះជាបន្ទាន់។

ពន្ធថ្មីនឹងមិនអាចជួយអ្វីបានឡើយ ពោលគឺវាមានតែបង្កផលប៉ះពាល់មកលើសេដ្ឋកិច្ចអាមេរិក កាន់តែធ្ងន់ធ្ងរប៉ុណ្ណោះ។ ពលរដ្ឋអាមេរិក ចង់ឱ្យសង្គ្រាមពាណិជ្ជកម្មនេះរលត់ ហើយពិតជាមិនត្រូវការឱ្យវាបន្តទៅមុខទៀតឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here