ដោយ៖ សុខុម
ប៉េកាំង: ប្រទេសចិននឹងផ្គត់ផ្គង់ផ្ទះជួលតម្លៃទាបថ្មីៗរហូតដល់ទៅ៦,៥លានយូនីតនៅក្នុងទីក្រុងធំៗចំនួន៤០ ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៥ ដើម្បីបំពេញតម្រូវការកើនឡើងក្នុងទីក្រុងធំៗ ស្របពេលចំនួនប្រជាជនក្នុងទីក្រុងទាំងនោះកើនឡើងឥតឈប់ឈរ។ នេះបើយោងតាមមន្ត្រីចិនមួយរូបបានទម្លាយឱ្យដឹងនៅថ្ងៃអង្គារ ទី១១ ខែមករានេះ។
លោក Pan Wei មន្ត្រីមកពីក្រសួងលំនៅដ្ឋាននិងអភិវឌ្ឍន៍ទីក្រុង-ជនបទ បានថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងប៉េកាំង ថា ការផ្គត់ផ្គង់ផ្ទះជួលតម្លៃទាបយ៉ាងច្រើននេះនឹងជួយសម្រាលការលំបាកបានច្រើនសម្រាប់យុវជន១៣លាននាក់។
ក្រោមផែនការ “វិបុលភាពរួម” ឬ ភាពសម្បូរសប្បាយទាំងអស់គ្នារបស់ប្រធានាធិបតី ស៊ី ជីនភីង ប្រទេសចិនបានបង្កើនកិច្ចការប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីដោះស្រាយបញ្ហាលំនៅដ្ឋាន ដែលពលរដ្ឋចិន ជាពិសេសយុវវ័យកំពុងប្រឈមមុខ ស្របពេលតម្លៃផ្ទះនៅតាមទីក្រុងធំៗបានហក់ឡើងជាលំដាប់។
លោក Pan Wei បានបន្តថា ការជំរុញការអភិវឌ្ឍផ្ទះជួលតម្លៃសមរម្យកំពុងផ្តោតលើបណ្ដាទីក្រុង ដែលមានប្រជាជនច្រើននិងតម្លៃផ្ទះហក់ឡើងខ្ពស់។
ទីក្រុងលំដាប់លេខ១ សម្រាប់អ្នកមានដូចជាទីក្រុងប៉េកាំង និងសៀងហៃ ជាដើមនឹងផ្គត់ផ្គង់ផ្ទះជួលតម្លៃទាបសរុបចំនួន១,៨៧លានយូនីតក្នុងឆ្នាំ២០២១-២០២៥។ នេះបើយោងតាមការគណនារបស់ទីភ្នាក់ងារព័ត៌មាន Reuters ដោយផ្អែកលើផែនការដែលទីក្រុងនានាបានបញ្ចេញ។
លោក Pan Wei លើកឡើងថា នៅឆ្នាំ២០២១ ផ្ទះចំនួន៩៣៦.០០០យូនីតត្រូវបានផ្គត់ផ្គង់ក្នុងទីក្រុងចំនួន៤០ ដែលផ្ដល់ជម្រកដល់ពលរដ្ឋប្រមាណ២លាននាក់។
វិស័យអចលនទ្រព្យរបស់ប្រទេសចិន ត្រូវបានរំពឹងថានឹងបន្តធ្លាក់ចុះនៅឆ្នាំ២០២២ ដោយតម្លៃផ្ទះថ្មីនឹងធ្លាក់ចុះប្រចាំខែ ព្រមជាមួយវិបត្តិសាច់ប្រាក់ដែលបានធ្វើឱ្យក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំៗមួយចំនួនជាប់កុនលុយយ៉ាងខ្លាំង តួយ៉ាងដូចក្រុមហ៊ុន Evergrande ជាដើម៕