តើតំបន់K4មានសក្តានុពលខុសគ្នាបែបណាលើល្បឿននៃការអភិវឌ្ឍន៍អចលនទ្រព្យ

0

ដោយៈជេស៊ីកា

ភ្នំពេញៈ តំបន់K4 ដែលសំដៅដល់ក្រុងកំពង់សោម កំពត កែប និងខេត្តកោះកុង បាននិងកំពុងមានសក្តានុពលផ្សេងៗគ្នា និងកំពុងរះឡើងយ៉ាងលឿន។

អ្នកជំនាញក្នុងវិស័យនេះ បាននិងកំពុងមើលឃើញទិដ្ឋភាពពីរ ដែលគួរសិក្សា និងយកមកពិចារណា។

អ្នកស្រីអាន សុធីតាអគ្គនាយិកាក្រុមហ៊ុនPropNex Cambodiaបានមានប្រសាសន៍ឲ្យដឹងកាលពីម្សិលម៉ិញនេះថា ខេត្តកំពត កែប ជាខេត្តមានសក្តានុពលផ្នែកទេសចរណ៍ក្នុងស្រុក និងមានហេដ្ឋារចនាសម្ព័ន្ឋល្អប្រសើរ និងមានចម្ងាយជិតនឹងរាជធានីភ្នំពេញ ហេតុនេះទោះបីជាកម្ពុជារងវិបត្តិជំងឺកូវីដក្តី ប៉ុន្តែវិស័យទេសចរណ៍នៅខេត្តនេះ នៅតែមានភាពប្រសើរ ទោះជារងផលប៉ះពាល់តិចតួចក្តី។

អ្នកស្រីបន្តថា “ជាក់ស្តែងអ្វីដែលខេត្តពីរនេះ ចាប់យកគឺទេសចរណ៍ និងអ្នកវិនិយោគក្នុងស្រុក ហើយវិស័យទេសចរណ៍ បានងើបឡើងលឿន ពិសេ​សសកម្មភាពសេដ្ឋកិច្ច ឆាប់ដំណើរការប្រសើរឡើងវិញ”។ អ្នកស្រីបន្តថា “ចំណុចគួរឲ្យចាប់អារម្មណ៍មួយទៀត គឺតម្លៃអចលនទ្រព្យនៅខេត្តកំពត កែប មានតម្លៃសមរម្យនៅឡើយ”។

អ្នកស្រីបន្តថា បើយើងមើលទៅកាន់ខេត្តព្រះសីហនុ និងខេត្តកោះកុងវិញ គឺជាខេត្តដែលផ្តោត និងស្រូបទាញទាំងទេសចរណ៍ អ្នកវិនិយោគក្នុងស្រុក និងអន្តរជាតិ ពិសេសខេត្តព្រះសីហនុ ដែលតម្លៃអចលនទ្រព្យឡើងខ្ពស់រួចទៅហើយ ស្របពេលការផ្គត់ផ្គង់បានកើនឡើងច្រើន ហេតុនេះវាត្រូវ​ការពេលវេលាបន្ថែមទៀត ដើម្បីឲ្យទីផ្សារស្រូបយកនូវអ្វី ដែលមានស្រាប់ មុនពេលចលនាទិញលក់ និងអភិវឌ្ឍន៍ឆ្ពោះទៅមុខលឿនបន្តទៀត។

អ្នកស្រីអាន សុធីតាបានបន្តថា ចំណែកខេត្តកោះកុង ក៏ជាខេត្តមានសក្តានុពលខ្ពស់ផងដែរ ដោយសារមានព្រលានយន្តហោះ មានព្រំដែនជា​ប់ប្រទេសថៃ មានតំបន់សេដ្ឋកិច្ចពិសេសជាច្រើន និងមានរមណីយដ្ឋាន​និងធនធានធម្មជាតិដ៏សម្បូរបែប ដែលហុចសក្តានុពលទាំងទេសចរណ៍ ការវិនិយោគពីអ្នកវិនិយោគក្នុងស្រុក និងអន្តរជាតិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here