ដោយៈគង់ សូរិយា
ភ្នំពេញៈ ដើម្បីឈានទៅកាន់ឋានៈជាប្រទេស មានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ រដ្ឋាភិបាលបាននិងកំពុងដាក់ចេញផែនការនានា និងយុទ្ឋសាស្រ្តចាំបាច់ទាំងអស់ ដើម្បីធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋម្នាក់ៗ ទទួលបានប្រាក់ចំណូលចាប់ពី៤៦២៥ដុល្លារអាមេរិកឡើងទៅ។
កម្ពុជាបានងើបផុតពីឋានៈ មានការអភិវឌ្ឍន៍តិចតួចបំផុត មកជាប្រទេសមានប្រាក់ចចំណូលមធ្យម កម្រិតទាបនៅឆ្នាំ២០១៥ និងកំពុងឆ្ពោះទៅកាន់ឋានៈជាប្រទេស មានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។
លោកវេង សាខុនរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានមានប្រសាសន៍ ក្នុងពិធីបើកកិច្ចប្រជុំព្រាងគោលនយោបាយថ្មី ដើម្បីចាប់យកវិស័យកសិកម្មជាវិស័យស្នូល សម្រាប់ជម្រុញកំនើនសេដ្ឋកិច្ចសំរាប់ឆ្នាំ២០២២ ២០៣០កាលពីម្សិលម៉ិញនេះថា គោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០២១-២០៣០ ដែលត្រូវបាននិងកំពុងរៀបចំឡើង លោករដ្ឋមន្ត្រីបញ្ជាក់ថា គឺដើម្បីឆ្លើយតបទៅនឹងចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាល ព្រមទាំងមានសង្គតិភាព ទៅនឹងឯកសារគោលនយោបាយ និងយុទ្ធសាស្ត្ររបស់អន្តរស្ថាប័នពាក់ព័ន្ធផ្សេងៗផងដែរ។
គោលដៅចម្បង ដែលត្រូវសម្រេចឱ្យបាន ក្នុងគោលនយោបាយនេះរួមានទី១ បង្កើនតម្លៃបន្ថែមសរុប នៃវិស័យកសិកម្មឱ្យកើនយ៉ាងតិច៣ភាគរយក្នុងមួយឆ្នាំ និងទី២ បង្កើនផលិតភាពពលកម្មកសិកម្មពី១ ៩៨៦ដុល្លារអាមេរិកក្នុងឆ្នាំ២០១៩ ដល់៤៦២៥ដុល្លារអាមេរិកក្នុងមួយឆ្នាំ នៅឆ្នាំ២០៣០។
ជាមួយនេះដែរ ដោយអនុលោមតាមទិដ្ឋភាពរួម ដូចបានរៀបរាប់ខាងលើ និងដើម្បីចូលរួមចំណែកកែលម្អ សេចក្តីព្រាងចុងក្រោយនៃ “គោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០២១-២០៣០” ឱ្យមានលក្ខណៈល្អប្រសើរគ្រប់ជ្រុងជ្រោយ តាមគោលបំណង និងគោលដៅរំពឹងទុកនោះ។
ក្នុងឆ្នាំ២០២១កន្លងទៅនេះ តម្លៃផលិតផលកសិកម្មសរុបមានទំហំ១៨ពាន់លានដុល្លារអាមេរិក កើនប្រមាណជាង៤៣% ធៀបទៅនឹងតម្លៃផលិតផលកសិកម្មសរុបក្នុងឆ្នាំ២០២០ ក្នុងនោះតម្លៃផលិតផលសរុបផ្នែកដំណាំមានទំហំ១០,៥ពាន់លានដុល្លារអាមេរិក តម្លៃផលិតផលសរុបផ្នែកសត្វមានទំហំ ៥,១ ពាន់លានដុល្លារអាមេរិក តម្លៃផលិតផលផ្នែកជលផលមានទំហំ ១,៧ពាន់លានដុល្លារអាមេរិក។
តម្លៃផលិតផលផ្នែកព្រៃឈើមានទំហំជាង ៧៨,៦៣លានដុល្លារអាមេរិក និងតម្លៃផលិតផលសរុបផ្នែកកៅស៊ូមានទំហំជាង ៦០៤លានដុល្លារអាមេរិក ។ ដោយឡែក តម្លៃនៃការនាំចេញផលិតផលកសិកម្មសរុប សម្រាប់ឆ្នាំ២០២១ មានទំហំជាង៥ពាន់លានដុល្លារអាមេរិក គឺមានកំណើន ២៥% ធៀបទៅនឹងឆ្នាំ២០២០៕