ដោយ: ម៉ាលីស
ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈក្រសួងកសិកម្ម បាននិងកំពុងធ្វើសេចក្តីព្រាងគោលនយោបាយថ្មី ដើម្បីចាប់យកវិស័យកសិកម្មជាស្នូល ដើម្បីចូលរូមអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជារយៈពេលវែង។
លោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ ក្នុងកិច្ចប្រជុំមួយកាលពីព្រឹកថ្ងៃទី១៣ មករា ២០២២ ថា ការពិគ្រោះសេចក្ដីព្រាងគោលនយោបាយ អភិវឌ្ឍវិស័យកសិម្មឆ្នាំ២០២១ ដល់ឆ្នាំ២០៣០ ជាឱកាសមួយសម្រាប់យើងទាំងអស់គ្នា ចូលរួមពិភាក្សាចែករំលែកទស្សនៈ និងផ្តល់នូវធាតុចូលជាគំនិតថ្មីៗ លើលទ្ធផលការងារ កាលានុវត្តភាព និងបញ្ហាប្រឈមផ្សេងៗ ដែលយើងបានជួបប្រទះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសមួយ សម្រាប់យើងទាំងអស់គ្នាចូលរួមរិះរកគ្រប់មធ្យោបាយ ដើម្បីកំណត់បណ្តាសកម្មភាព ជាអាទិភាពឈានឆ្ពោះទៅរកការអភិវឌ្ឍវិស័យកសិកម្ម ឱ្យមានការរីកចម្រើនឆាប់រហ័ស និងប្រកបដោយចីរភាព។
លោកបន្តថា “នៅក្នុងបរិការណ៍ដែលប្រទេសជាតិ យើងកំពុងខិតខំប្រឹងប្រែងស្តារសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ ក្រោយពីវិបត្តិនៃការរាតត្បាតដោយជំងឺកូវីដ-១៩ ឆ្លើយតបទៅនឹងចក្ខុវិស័យ របស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយប្រទេសកម្ពុជា ជាប្រទេសមានចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ២០៣០ខាងមុខនេះ”។
លោកវេង សាខុនបានបន្ថែមថា រាជរដ្ឋាភិបាលមានចក្ខុវិស័យវែងឆ្ងាយ ក្នុងការធ្វើទំនើបកម្មវិស័យកសិកម្ម ដូចជា ការអនុវត្តការដាំដុះក្នុងផ្ទះសំណាញ់ ការប្រើប្រាស់ប្រព័ន្ធស្រោចស្រព សន្សំសំចៃទឹក ការព្រោះស្រូវដោយឧបករណ៍ទំនើប ដោយប្រើកម្លាំងពលកម្មតិចបំផុត និងការប្រើដ្រូនបាចជីកសិកម្មជាដើម ដែលទាំងអស់នេះ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការជំរុញវិស័យកសិកម្ម ឱ្យមានលក្ខណៈប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងនិរន្តរភាព សំដៅបង្កើនប្រាក់ចំណូលគ្រួសារកសិករ ពង្រីកវិបុលភាព និងលើកកម្ពស់សុខុមាលភាព របស់ប្រជាពលរដ្ឋកម្ពុជា។
ទោះជាមានសន្ទុះ នៃការរីកចម្រើនយ៉ាងណាក្តី ក៏វិស័យកសិកម្មនៅជួបបញ្ហាប្រឈមជាច្រើនផងដែរ មានជាអាទិ៍ ផលិតភាពកសិកម្មនៅមានកម្រិតទាប គួបផ្សំនឹងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច ដោយសារជំងឺកូវីដ-១៩ ក៏មានការព្រួយបារម្ភ អំពីស្ថានភាពសន្តិសុខស្បៀង និងអាហារូបត្ថម្ភនៅក្នុងប្រទេស ក៏ដូចជា ការប្រកួតប្រជែងទីផ្សារ នៃផលិតផលកសិកម្មផងដែរ។
ហេដ្ឋារចនាសម្ព័ន្ធគាំទ្រកសិកម្មដទៃទៀត ដូចជា ផ្លូវ កសិដ្ឋាន ដើម្បីសម្រួលការដឹកជញ្ជូន ផលិតផលរបស់កសិករ ប្រព័ន្ធស្តុកទុក ឃ្លាំងសម្ងួត ឃ្លាំងត្រជាក់ នៅមិនទាន់បង្កើតបានគ្រប់គ្រាន់ សម្រាប់ការធ្វើកសិ-ពាណិជ្ជកម្មឱ្យមានប្រសិទ្ធភាព សម្រាប់បម្រើឱ្យការនាំចេ ញផលិតផលកសិកម្មទៅកាន់ទីផ្សារអន្តរជាតិ គួបផ្សំនឹងតម្លៃអគ្គិសនីផងដែរ។
លើសពីនេះទៀត កត្តាប្រែប្រួលអាកាសធាតុ គ្រោះរាំងស្ងួតបានវាយលុកមកលើផលិតកម្មដំណាំកសិកម្ម បញ្ហាជំងឺឆ្លងសត្វ និងការទន្ទ្រានកាន់កាប់ដីព្រៃឈើ ព្រៃលិចទឹកនៅតំបន់មួយចំនួន នៅតែកើតមានដែលត្រូវតែចាត់វិធានការណ៍ ដោះស្រាយឱ្យបានខ្លាំងក្លាបន្ថែមទៀត៕