ផ្ដើមចេញពីទុនដីពីរឡូត៍ លោកហ៊ិន រស់ ក្លាយជាអ្នកអភិវឌ្ឍន៍គម្រោងដីលំហែធំមួយនៅជាយក្រុងភ្នំពេញ

0

ដោយៈវឌ្ឈនៈ

ភ្នំពេញៈ លោកហ៊ិន រស់ ម្ចាស់គម្រោងលំហែភូមិចំដូងរីសត ជាអ្នកតស៊ូប្រឡូកក្នុងវិស័យអចលនទ្រព្យ រហូតទទួលបានភាពជោគជ័យ គួរឱ្យកោតសរសើរ និងចាត់ទុកជាអ្នកអភិវឌ្ឍន៍ គម្រោងដីលំហែធំមួយនៅតំបន់ជាយក្រុងភ្នំពេញ។

 

លោកហ៊ិន រស់ គឺជាជនមានពិការភាពមួយរូបតាំងពីតូច ដោយសារតែជំងឺ Polio (ប៉ូលីយ៉ូ ) ពិការជើងម្ខាង ។ លោកបានរៀបរាប់ថា កាលពីកំណើត លោកមិនមែនជាអ្នកពិការនោះទេ តែនៅអំឡុងអាយុពី៥ទៅ៦ឆ្នាំ លោកក៏មានជំងឺម្យ៉ាងឈ្មោះថាប៉ូលីយ៉ូ និងធ្វើឱ្យស្វិតជើងម្ខាង ។

លោកបន្តថា នៅក្នុងការងារវិស័យអចលនទ្រព្យ ដំបូងឡើយលោកមានដើមទុនជាដី២ឡូត៏ប៉ុណ្ណោះ ដោយកាលណោះ លោកបានទិញដីឡូត៏នៅតំបន់ជាយក្រុងពីរឡូត៏ ហើយក៏លក់បានប្រាក់ចំណេញខ្លះៗ ក្រោយមកលោក ក៏បានរកទិញដីនៅជិតៗនោះជាបន្តបន្ទាប់ និងទិញលក់ៗជាបន្តប ន្ទា​ប់ដែរ។

លោកហ៊ិន រស់បានបន្តទៀតថា ក្រោយមកទៀត លោកក៏បានដើរមើលដីធ្លី ជាមួយក្រុមអ្នកគួកជេ ដើម្បីរកទីតាំងណាត្រូវទិញទីតាំងណាមានសក្ដានុពល ។ បន្តមកទៀតលោកក៏បានយកដី ដែលម្ចាស់គេចង់លក់មកផ្សព្វផ្សាយលក់នៅក្នុងហ្វេសប៊ុក ហើយក៏មានអ្នកទិញដីពីលោកជាបន្តបន្ទាប់ ដែលធ្វើឱ្យមានឱកាសក្នុងការសន្សំលុយ ដើម្បីទុកទិញដីនៅជាយក្រុងនិងមានតម្លៃទាបៗ ។

លោកហ៊ិន រស់ បានបន្ថែមថា ភាពពិការរបស់យើងនិងភាពស្មោះត្រង់ជាមួយនឹងអត្តចរឹករបស់ខ្លួន បានធ្វើឱ្យអតិថិជន កាន់តែមានទំនុកចិត្ត ជឿជាក់ឱ្យលោករកដីធ្លី ដែលមានសក្ដានុលសម្រាប់ទិញទុកចំណេញ និងចេះតែកាក់កបជាបន្តបន្ទាប់ រហូតដល់លោកអាចសន្សំ លុយបានទិញដីទុកកាន់តែច្រើនសម្រាប់អភិវឌ្ឍន៍។

គិតមកដល់សព្វថ្ងៃនេះ លោកហ៊ិន រស់គឺជាម្ចាស់គម្រោងអភិវឌ្ឍន៍ដីឡូត៏លំហែភូមិចំការដូងរីសត ស្ថិតនៅភូមិ ស្ពានដែក ឃុំ ធ្លកវៀន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង មានចំងាយប្រមាណតែ៥០គីឡូម៉ែត្រប៉ុណ្ណោះពីរាជធានីភ្នំពេញ ។

លោកបានបញ្ជាក់ថា ដោយមើលឃើញពីសក្ដានុពល នៃការអភិវឌ្ឍលំនៅឋានលំហែកាយ នៅក្នុងប្រទេសកម្ពុជាកាន់តែមានសន្ទុះ លោកបានសម្រេចយកដី ដែលបានទិញទុកមកអភិវឌ្ឍន៍ ជាដីឡូត៏លំហែកាយ ជាក់ស្ដែង ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ នៅពេលបុណ្យទាន ឬថ្ងៃឈប់សម្រាក ពួកគាត់នឹងស្វែងរកទីតាំងសម្រាប់សម្រាកនិងកម្សាន្ត ។ ដូច្នេះបើសិនជាពួកគាត់មានដីឡូត៏នៅតំបន់លំហែរ ដូចជា នៅទីតាំងរបស់យើង ឬទីតាំងដែលអាចឱ្យគាត់សម្រាកលំហែកម្សាន្តបាន ពួកគាត់នឹងអាចសង់ផ្ទះនិងដាំដំណាំ និងសម្រាកលំហែជាមួយគ្រួសារ នៅថ្ងៃឈប់សម្រាកនិងថ្ងៃបុណ្យទាន។

លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជាបានឱ្យដឹងថា ការអភិវឌ្ឍន៍លំនៅឋានលំហែកាយ នឹងក្លាយផ្នែកមួយនៃការអភិវឌ្ឍន៍អចលនទ្រព្យ ដែលពេញនិយមនៅពេលបច្ចុប្បន្ននិងនៅពេលអនាគត។ ការអភិវឌ្ឍវិស័យនេះ នឹងរីកចម្រើនកាន់តែខ្លាំងនៅពេលកំណើនប្រាក់ប្រាក់ចំណូលរបស់ប្រជាជន កាន់តែរីកចម្រើនដូចគ្នាផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here