អគ្គនាយកក្រុមហ៊ុនLSCGឧបតម្ថម្ភថវិកា១០,០០០ដុល្លារដល់សមាគមវិនិយោគិនខ្មែរអន្តរជាតិ

0

ដោយៈគង់ សូរិយា

ភ្នំពេញៈ លោកលី សុខឆាយអគ្គនាយកក្រុមហ៊ុនLSCG និងលោកយិន លាងគង់អគ្គនាយកគេហទំព័រPropertyarea.asia​​ បានឧបត្ថម្ភថវិកាចំនួន១ម៉ឺនដុល្លារអាមេរិក ដើម្បីជួយដល់សមាគមវិនិយោគិនខ្មែរ-អន្តរជាតិ។

កញ្ចប់ថវិកានេះ នឹងត្រូវប្រើប្រាស់សំរាប់ទិញសម្ភារៈ បរិក្ខាការិយា​ល័យលើការងារប្រចាំថ្ងៃរបស់សមាគមនេះ។

លោកលី សុខឆាយបានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញសង្គមនារសៀលថ្ងៃទី១៨ មករានេះថា ក្នុងនាមលោកជាអនុប្រធានសមាគវិនិយោគិនខ្មែរ- អន្តរជាតិ លោកមានក្តីសោមនស្សរីករាយ ដែលបានចូលរួមបរិច្ចាកថវិកានេះដល់សមាគម ដែលស្ថាប័ននេះ នឹងចូលរួមចំណែកយ៉ាងប្រសើរ ដល់ការលើកកំពស់សេដ្ឋកិច្ចកម្ពុជា តាមរយៈការទាក់ទាញវិនិយោ គិនអន្តរជាតិ មកវិនិយោគនៅកម្ពុជា។

លោកបន្តថា “ការរីកចម្រើនរបស់ប្រទេសជាតិមួយ ទាមទារឲ្យយើងរួបរួមគ្នា ពិសេសពីវិស័យឯកជន ដើម្បីគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាចូលរួមផ្សព្វផ្សាយ ពីសក្តានុពលវិនិយោគនៅកម្ពុជា”។​លោកបន្តថា “ថ្វីត្បិតសមាគមនេះទើបបង្កើតឡើង ប៉ុន្តែបច្ចុប្បន្ននេះស្ថា​ប័ននេះបានប្រមូល ចងក្រងអ្នកវិនិយោគជាតិ ដើម្បីធ្វើការរួមគ្នា ក្នុងការធ្វើយ៉ាង​ណា ជួយសម្រុញសេដ្ឋកិច្ចរបស់ជាតិឲ្យកាន់តែរីកចម្រើនឡើង”។

សមាគមនេះ ផ្តួចផ្តើមបង្កើតឡើងដោយលោកឧកញ៉ាប៊ី សុក្របណ្ឌិត ដែលជាអ្នកជំនួញលេចធ្លោមួយរូបនៅកម្ពុជា។

លោកឧកញ៉ាប៊ី សុក្របណ្ឌិតប្រធានសមាគមវិនិយោគិនខ្មែរ-អន្តរជាតិបានមានប្រសាសន៍ថា ក្នុងគោលដៅពង្រីកភាពជាដៃគូ លើមុខជំនួញនានា លោកនឹងដឹកនាំថ្នាក់ដឹកនាំ និងសមាជិកសមាគមធ្វើដំណើរទៅកាន់បណ្តាប្រទេសនានាជាច្រើន ដើម្បីផ្សព្វផ្សាយព៌តមានពីកាលានុវត្តន៍ភាព បរិយាកាសវិនិយោគនៅកម្ពុជា ក្នុងន័យទាក់ទាញវិនិយោគិនអន្តរជាតិ មកវិនិយោគនៅកម្ពុជាឲ្យបានកាន់តែច្រើន។

លោកបន្តថា “យើងចង់ចូលររួមចំណែកជាមួយរដ្ឋាភិបាល ដើម្បីចងសម្ព័ន្ឋជាមួយអ្នកវិនិយោគក្នុងស្រុក និងចងសម្ព័័ន្ឋជាមួយសមាគមជំនួញនៅបរទេស ដើម្បីអភិ​វឌ្ឍន៍ប្រទេសជាតិឲ្យបានកាន់តែឆាប់រហ័ស”៕

LEAVE A REPLY

Please enter your comment!
Please enter your name here