គម្រោងសាងសង់លំនៅឋានក្នុងខេត្តកំពតមួយចំនួនបាននិងកំពុងជាប់គាំងព្រោះការផ្គត់ផ្គង់លើសពីតម្រូវការ

0

ដោយ៖ សុធារី

កំពត៖ កំពតបានក្លាយជាខេត្តដែលមានសក្តានុពល មិនត្រឹមតែក្នុងវិស័យទេសចរណ៍ជាប់សមុទ្រប៉ុណ្ណោះទេ តែក្នុងវិស័យអចលនទ្រព្យក៏រីកចម្រើនច្រើនផងដែរ។ មានគម្រោងសាងសង់លំនៅដ្ឋាន បុរី ផ្ទះល្វែង និងផ្ទះលំហែជាច្រើន បានសាងសង់ឡើង។ ប៉ុន្តែដោយសារវិបត្តិធ្វើឱ្យជាប់គាំងជាច្រើនគម្រោង។ អ្នកជំនាញអចលនទ្រព្យក្នុងខេត្តមួយនេះមើលឃើញថា ការជាប់គាំងនេះបណ្តាលមកពីការសាងសង់មិនត្រូវនឹងស្តង់ដារ ហើយការផ្គត់ផ្គង់លើសពីតម្រូវការ។

លោក សុខ គែន អគ្គនាយកក្រុមហ៊ុន Kampot Property បានមានប្រសាសន៍តាមបណ្តាញតេឡេក្រាម នៅក្នុងថ្ងៃទី២៤ ខែមករានេះថា គម្រោងសាងសង់លំនៅដ្ឋាន ប្រភេទបុរីនិងផ្ទះល្វែងនៅជុំវិញក្រុងកំពតកន្លងមកមានជាហូរហែ ទោះក្នុងរយៈពេលពីរបីឆ្នាំចុងក្រោយនេះប្រឈមនឹងវិបត្តិកូវីដ១៩ក្តី ក៏នៅតែមានគម្រោងដែលបង្កើតឡើងថ្មីៗ។

ទោះយ៉ាងណា លោកមើលឃើញថា មានគម្រោងខ្លះប្រឈមមុខនឹងផ្អាកដំណើរការសាងសង់ ដោយសារការសាងសង់របស់គម្រោងទាំងនោះមិនមានស្តង់ដារ និងខ្លះមិនបានបំពេញបែបបទទៅតាមការកំណត់របស់ច្បាប់។ លោកមិនមានទិន្នន័យច្បាស់លាស់អំពីគម្រោងដែលបានផ្អាកដំណើរការនោះទេ។

ចំណែកគម្រោងដែរបានស្ងាត់ លោកថាបណ្ដាលមកពី អតិថិជនដែលបានទិញ ជាពិសេសអ្នកដែលរស់នៅក្នុងខេត្តកំពតតែម្តង មិនសូវមានតម្រូវការបន្ថែមទៀតនោះឡើយ ព្រោះពួកគាត់បានទិញឬមានលំនៅឋានផ្ទាល់ខ្លួនរួចស្រេចហើយ។ លោកថា “គម្រោងស្ងាត់ អាចថា អតិថិជនដែលបានទិញក្នុងខេត្តកំពត អ្នកដែលគាត់មានលទ្ធភាពអាចទិញបានជាលក្ខណៈនៅឋានលំហែកាយឬ លំនៅឋានរស់នៅអចិន្ត្រៃយ៍បានទិញរួចរាល់អស់ទៅហើយ”។

កត្តាមួយទៀតដែលធ្វើឲ្យគម្រោងទាំងអស់នោះមានភាពស្ងប់ស្ងាត់ឬជាប់គាំង ព្រោះតម្លៃរបស់គម្រោងដែលនៅជុំវិញក្រុងកំពតមានតម្លៃថ្លៃ។ លោកបន្ថែម “និយាយជារួម សម្រាប់អ្នកដែលមានលទ្ធភាពនឹងចូលចិត្តសម្រាប់គម្រោងបុរី ឬវីឡាមានតិចតួចណាស់ សម្រាប់ប្រជាពលរដ្ឋនៅក្នុងខេត្ដកំពត។ ម្យ៉ាងទៀត កន្លងមក គាត់បានសាយលុយទិញអស់ហើយសម្រាប់អ្នកដែលមានលទ្ធភាព”។

ទោះជាយ៉ាងណាក្តី លោកថាតម្រូវការនៅតែមាន ប៉ុន្តែដោយសារតម្លៃខ្ពស់របស់គម្រោងបុរីឬលំនៅឋានទាំងនោះ ភាគច្រើន អតិថិជនខ្វះលទ្ធភាពក្នុងការទិញដែលបណ្ដាលឱ្យខ្វះសមាមាត្ររវាងការផ្គត់ផ្គង់និងតម្រូវការ។

ប្រសិនបើ គម្រោងទាំងនោះធ្វើតាមស្តង់ដារនិងមានការសិក្សាពីតម្រូវការទីផ្សារច្បាស់លាស់ ជាពិសេសគម្រោងលំនៅឋានដែលមានតម្លៃចន្លោះ៥ទៅ៧ម៉ឺន ក្នុងមួយល្វែង អាចលក់ចេញបានងាយស្រួលជាង។ ប្រសិនបើមានតម្លៃថ្លៃលើសពីនេះទៀតនោះមានការពិបាកនៅក្នុងការលក់ចេញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here