កំណើនអគារខ្ពស់ៗ នៅក្រុងភ្នំពេញធ្វើឱ្យតម្រូវការទឹកកើនឡើងខ្ពស់

0

ដោយៈវឌ្ឈនៈ

ភ្នំពេញៈ នៅក្នុងរដូវប្រាំងឆ្នាំ២០២២នេះ ប្រជាពលរដ្ឋជាច្រើននៅរាជធានីភ្នំពេញ ជាពិសេសប្រជាពលរដ្ឋរស់នៅតំបន់ជាយក្រុង ចាប់ផ្ដើមរអ៊ូរទាំពីការខ្វះខាតទឹកសម្រាប់ប្រើប្រាស់ ដូចជាពលរដ្ឋរស់នៅ ក្នុងបុរីនានានៅជាយក្រុង និងពលរដ្ឋនៅក្នុងក្រុងមួយចំនួន ដែលមានផ្ទះនៅជាន់ខ្ពស់ៗ នៅមានការខ្វះទឹកដែរ។

ពលរដ្ឋរស់នៅក្នុងបុរីពិភពថ្មីកំបូល តាំងពីគម្រោងទី១រហូតដល់គម្រោងចុងក្រោយ សុទ្ធតែមិនមានទឹកប្រើប្រាស់នោះទេ បើទោះបីជាពួកគេបានភ្ជាប់ម៉ូទ័រ សម្រាប់បូមទឹកពីក្នុងទុយោរបស់រដ្ឋាករទឹកក្ដី។ ជាបញ្ហាសម្រាប់ដោះស្រាយ ម្ចាស់បុរីបានបំពាក់ស៊ីទែនទឹកធំៗ នៅតាមសួនច្បារហើយបូមទឹកពីក្នុងដី មកស្តុកទុកនៅក្នុងស៊ីទែននោះ សម្រាប់ឱ្យពលរដ្ឋដឹកយកទៅប្រើប្រាស់តាមតម្រូវការ ។

បើតាមការបកស្រាយរបស់តំណាង រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានបញ្ជាក់ថា ដោយសារបច្ចុប្បន្នកំណើនប្រជាជន ការវិនិយោគវិស័យសំ​ណង់ ពាណិជ្ជកម្ម និងវិស័យផ្សេងៗក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ មានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដែលនាំឱ្យតម្រូវការប្រើប្រាស់ទឹកស្អាតលើសពីសមត្ថភាពផលិត។

រដ្ឋាករទឹកបញ្ជាក់ថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បាននឹងកំពុងជម្រុញពន្លឿន ការសាងសង់រោងចក្រ ប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ដែលមានសមត្ថភាពផលិត ៣៩០.០០០ម៉ែត្រគូបក្នុងមួយថ្ងៃ (ជំហានទី១ ១៩៥.០០០ម៉ែត្រគូប និងជំហានទី២១៩៥.០០០ម៉ែត្រគូប) គ្រោងនឹងបញ្ចប់ ហើយដាក់ឱ្យដំណើរការជំហានទី១ នៅក្នុងឆ្នាំ២០២៣ ដើម្បីបំពេ ញសេចក្តីត្រូវការប្រើប្រាស់ របស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ។

ក្រៅពីកំណើនអគារខ្ពស់ៗ នៅក្នុងភ្នំពេញ ក៏មានកំណើនបុរីលំនៅឋាននៅជាយក្រុងច្រើនទៀត កំពុងប្រឈមនឹងការខ្វះខាតទឹកធ្ងន់ធ្ងរ នៅក្នុងរដូវក្ដៅនេះ ហើយវាមិនមែនជាលើកទី១ទេ ដែលពលរដ្ឋរស់នៅក្នុងក្រុងភ្នំពេញខ្វះខាតទឹកប្រើប្រាស់។

កន្លងមកអាជ្ញាធរតាមខណ្ឌ និងសង្កាត់នានា នៅតំបន់ជាយរាជធានីភ្នំពេញ ដឹកទឹកដើរចែកជូនពលរដ្ឋ សម្រាប់ប្រើប្រាស់ទៅតាមតម្រូវការ៕

LEAVE A REPLY

Please enter your comment!
Please enter your name here