ផែនការពង្រីករាជធានី ឱកាស និងបញ្ហាប្រឈមដែលត្រូវដោះស្រាយ

0

ដោយៈស៊ីវ ម៉េង

ភ្នំពេញៈ រដ្ឋាភិបាលបានដាក់ផែនការ ក្នុងការពង្រីកផ្ទៃរាជធានីភ្នំពេ​ញ ក្នុងកាំរងង្វង់៣០គីឡូម៉ែត្រក្រឡា នៅត្រឹមឆ្នាំ២០៣៥ខាងមុខ ដែលធ្វើឲ្យអ្នករស់នៅជាយរាជធានី ដែលជាដែនដីគ្រោងកាត់ចូល ដែនរដ្ឋបាលក្រុងលេបទឹកមាត់។

ហេតុអ្វីត្រូវលេបទឹកមាត់? មូលហេតុគឺដោយសារកត្តាសំខាន់ៗមួយចំនួនដូចជា ទី១ ការកើនឡើងតម្លៃដីធ្លីជាស្វ័យប្រវត្តិ​ ទី២ ហេដ្ឋារចនាស ម្ព័ន្ឋសំខាន់ៗ នឹងទៅដល់មាត់ទ្វារផ្ទះរបស់ពួកគេ ទី៣ ការរីកចម្រើនសេដ្ឋកិច្ចមូលដ្ឋាន នឹងមានភាពល្អប្រសើរឡើង និងទី៤ ពួកគេក្លាយជាប្រជាពលរដ្ឋរស់នៅក្នុងទីក្រុងមួយ ដែលកាន់តែធ្វើឲ្យគុណភាពជីវិតរបស់ពួកគេប្រសើរឡើង និងរស់នៅប្រកបដោយភាពស៊ីវិល័យ។

អ្នកជំនាញបានមើលឃើញរួចហើយថា តម្លៃដីធ្លីបានហក់ឡើ​ងខ្ពស់ នៅពេលរដ្ឋាភិបាលប្រកាសពីផែនការ ប្រើប្រាស់ប្លង់គោលដីធ្លី សម្រាប់ឆ្នាំ២០៣៥ខាងមុខ ដែលផែនការនេះនឹងកាត់បញ្ចូល ភាគខាងជើងនៃខេត្តកណ្តាល ស្ទើរតែទាំងអស់ចូលមកក្នុងផែនរដ្ឋបាលរាជធានី។

ទោះជាយ៉ាងណា លោកប៉ូ អ៊ាវគង់ នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ Advance មិនសូវមានសុទិដ្ឋិនិយមពីល្បឿន នៃ​ការរីកចម្រើននោះទេ ដោយលោកបានមានប្រសាសន៍ថា ការពង្រីកក្រុងភ្នំពេញ វាអាចលឿនរហ័ស អាស្រ័យលើកំណើនប្រជាជនលឿន ឬយឺតដូចគ្នា។ បើសិនជាកំនើនលឿន លទ្ធភាពនៃការពង្រីកក៏កាន់តែលឿនដែរ តែបើសិនជាកំណើនប្រជាជន នៅរាជធានីភ្នំពេញកើនយឺត ក៏លទ្ធភាពនៃការពង្រីករាជធានីក៏យឺតដូចគ្នាដែរ ។

លោកបន្តថា “ក្នុងរយៈពេល៥ឆ្នាំទៅមុខទៀត ខ្ញុំគិតថា ទឹកដីរាជធានីវាមិនអាចពង្រី​កឱ្យផុតទឹកដីខេត្តកណ្ដាលទេ បើយើងគិតតាមប្រជាសាស្ត្រ ពីព្រោះការពង្រីក ការពង្រីកក្រុង ដើម្បីឱ្យវាមានប្រសិទ្ធភាព គឺទាមទារឱ្យមានការរៀបចំរចនាសម្ព័ន្ធ និងការរៀបចំប្លង់មេត្រឹមត្រូវ”។ លោកបន្ថែមថា “បើពុំមានផែនការច្បាស់លាស់ទេ ការបង្កើតក្រុងមានឈ្មោះតែនៅក្នុងក្រុងភ្នំពេញ តែការរស់នៅវិញគឺមិនខុសពីនៅខេត្តទេ”។

ជាមួយគ្នានេះ លោកឧកញ៉ាកាង សុធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Century 21 Land Station ក៏បានលើកឡើងផងដែរថា ការពង្រីករាជធានីភ្នំពេញ អាចធ្វើទៅបានគឺមានតែការកាត់យកដី ខេត្តនៅជាប់រាជធានីភ្នំពេញ មកស្ថិតនៅក្រោមការគ្រប់គ្រង របស់រដ្ឋបាលរាជធានីភ្នំពេញប៉ុណ្ណោះ ។

លោកបន្តថា “នៅពេលរដ្ឋាភិបាលពង្រីកទីក្រុងភ្នំពេញ ជាបន្តបន្ទាប់ នឹងធ្វើឱ្យសក្ដានុពលដីធ្លី នៅតំបន់ជាប់រាជធានីភ្នំពេញ ស្ទុះងើបមួយកម្រិតទៀតផងដែរ”។

ខេត្តជាប់រាជធានីភ្នំពេញ នៅពេលនេះគេអាចរកទិញបានក្នុងតម្លៃមួយទាប ប៉ុន្តែនៅពេលដែលមានការពង្រីករាជធានីភ្នំពេញ តម្លៃដីធ្លីនឹងមានការកើនឡើងទ្វេដង ឬអាចច្រើនជាងនេះបន្ថែមទៀត អាស្រ័យទៅលើ​សក្ដានុនៃតំបន់ទាំងនោះ។

ជាក់ស្ដែងតម្លៃដីធ្លី នៅតំបន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីមុនគេឃើញថា ក្នុងកម្រិតមួយទាប ហើយក៏មិនសូវមានអ្នកចាប់អារម្មណ៍ដែរ តែពេលដែលមានការអភិវឌ្ឍឡើង តម្លៃដីធ្លីក៏ហក់ងើបឡើងជាមុនគួរឱ្យកត់សម្គាល់ផងដែរ។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានមានប្រសាសន៍ថា ជានិន្នាការធម្មតា ដែលរដ្ឋាភិបាលត្រូវពង្រីកទីក្រុងបន្ថែម ព្រោះពីមុនរដ្ឋាភិបាលធ្វើយ៉ាងណាទាក់ទាញ ប្រជាពល​រដ្ឋមករស់នៅទីក្រុងចាស់ (ដែនដីបច្ចុប្បន្ននៃរាជធានីភ្នំពេញ) ដើម្បីឲ្យប្រជាពលរដ្ឋមករស់នៅច្រើន ដើម្បីជំរុញសកម្មភាបសេដ្ឋកិច្ច។

លោកបន្តថា ប៉ុន្តែបច្ចុប្បន្នរាជធានីភ្នំពេញ មានមនុស្សរស់នៅច្រើនហើយ ការកកស្ទះចរាចរណ៍កាន់តែអាក្រក់ ហេតុនេះរដ្ឋាភិបាលចាំាំបាច់ត្រូវផ្លាស់ប្តូររោងចក្រ សហគ្រាសទៅតំបន់ជាយក្រុង ហើយត្រូវពង្រីករាជធានីភ្នំពេញបន្ថែមទៀត ដើម្បីឆ្លើយតបនឹងការរីកចម្រើន ផ្នែកនគរូបនីយកម្មផង និងឆ្លើយតបនឹងកំនើនប្រជាពលរដ្ឋផង។

ទោះជាយ៉ាងណាអ្នកជំនាញដទៃទៀត បានមើលឃើញផងដែរថា ការពង្រីករាជធានីជារឿងល្អប្រសើរមួយ ប៉ុន្តែរាជរដ្ឋាភិបាលនឹងរងសម្ពាធខ្លាំងផងដែរ ដែលត្រូវវិភាជន៍ថវិកាជាតិ សាងសង់ហេដ្ឋារចនាសម្ព័ន្ឋនានាទាំងទឹកស្អាត អគ្គិសនី និងបណ្តាញផ្លូវថ្នល់ ពិសេសបើសិនជាមិនបានរៀបចំផែនទីប្រើប្រាស់ដីបានលំអិតទេ ការអភិវឌ្ឍន៍រាជធានី នឹងមិនទទួលបានសោភ័ណភាព និងររបៀបរៀបរយ សមស្របនឹងនិន្នាការអភិវឌ្ឍន៍ទីក្រុងប្រកបដោយភាពស៊ីវិល័យនោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here