ដោយៈ ម៉ាលីស
ភ្នំពេញៈ ការអភិវឌ្ឍលំនៅឋាន នៅកម្ពុជានៅតែមានសក្តានុពល ហើយអ្នកទិញក៏មានជាហូរហែផងដែរ។ ក្នុងនោះអ្នកជំនាញមើលឃើញថាកត្តា៣សំខាន់ៗ ដែលជំរុញឱ្យមានការទិញលំនៅឋានក្នុងប្រទេសកម្ពុជា។
លោកអ៉ឹង ប៊ុនហួត ប្រធានផ្នែកទីផ្សារក្រុមហ៊ុនPIXUI Property បានធ្វើបទសំភាសន៍តាមទូរសព្ទ័ជាមួយ Property Area អោយដឹងនាព្រឹកថ្ងៃទី១១ កុម្ភៈនេះថា យើងមើលឃើញមានកត្តាសំខាន់ចំនួន៣ ដែលជំរុញឱ្យមានការទិញ លក់គម្រោងលំនៅឋាន ក៏ដូចជា អចលនទ្រព្យផ្សេងៗ ទោះបីជាស្ថិតនៅក្នុងវិបត្តិនៃជំងឺសកលក្ដី។
លោកបញ្ជាក់ថា កត្តាទី១ គឺការធ្វើBranding ម៉ាកយីហោ ពីព្រោះថាអតិថិជន នឹងរកតែសេវាកម្មអចលនទ្រព្យប្រភេទលំនៅឋាន រឺដីឡូត៏ ពីក្រុមហ៊ុនណាដែលមានឈ្មោះល្បី មានទំនុកចិត្តក្នុងទីផ្សារ និងមានការគាំទ្រពីប្រជាពលរដ្ឋភាគច្រើន។
ទី២ ការធ្វើទីផ្សារ នៅពេលក្រុមហ៊ុនមួយ អភិវឌ្ឍន៍គម្រោងអ្វីមួយចាំបាច់ត្រូវតែខ្លាំង ខាងការធ្វើទីផ្សារទៅដល់អតិថិជន បើទីផ្សារខ្លាំងបូករួមជាមួយនឹងគម្រោងប្លង់មេច្បាស់លាស់ នឹងធ្វើឱ្យអតិថិជននៅតែបន្តទិញគម្រោងអចលនទ្រព្យនោះដដែល។
កត្តាទី៣ គឺលក្ខខណ្ឌបង់ប្រាក់របស់ក្រុមហ៊ុនអភិវឌ្ឍន៍ វាជាកត្តាមួយដែលទាក់ទាញផងដែរ ពីព្រោះអ្នកទិញខ្លះ មិនមានហិរញ្ញវត្ថុគ្រប់គ្រាន់ក្នុងការបង់ប្រាក់។ ប្រសិនបើក្រុមហ៊ុនអភិវឌ្ឍន៍ ផ្ដល់ភាពងាយស្រួលដល់អតិថិជន នោះអតិថិជននឹងទិញ គម្រោងនោះទាំងលំនៅឋាននិងដីឡូត៏។
លោកអ៉ឹង ប៊ុនហួត បន្ថែមដូចនេះទៀតថា “បើជាគម្រោងលំនៅឋានវិញ ម្ចាស់គម្រោងអភិវឌ្ឍន៍ ត្រូវមានគំនិតច្នៃប្រឌិតខ្ពស់ក្នុងការរចនាម៉ូដផ្ទះ ធ្វើយ៉ាងណា ឱ្យមានភាពទាក់ទាញដល់អតិថិជន ហើយជាលទ្ធផលឃើញថាគម្រោង ដែលមានភាពច្នៃប្រឌិតរចនាម៉ូដថ្មីៗ ច្រើនតែទទួលបានការគាំទ្រនិងទិញជាហូរហែពីសំណាក់អតិថិជន។ ក្រៅពីនោះ ការជ្រើសរើសទីតាំងសម្រាប់អភិវឌ្ឍន៍ ក៏ជាចំនុចសំខាន់និងទាក់ទាញផងដែរ”៕