តើគួរត្រៀមខ្លួនអ្វីខ្លះ ដើម្បីក្លាយជាអ្នកជំនាញលក់អចលនទ្រព្យជោគជ័យម្នាក់ក្នុងសតវត្សរ៍ទី២១?

0

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ វិស័យអចលនទ្រព្យកម្ពុជាកំពុងទទួលបានកំណើនឡើងជាបន្តបន្ទាប់ និងបានចូលរួមក្នុងសេដ្ឋកិច្ចកាន់តែច្រើនឡើងៗផងដែរ ហើយក៏មានមនុស្សជាច្រើនបានជោគជ័យក្នុងវិស័យអចលនទ្រព្យ ដោយសារតែជំនាញលក់របស់ពួកគេ។ ក្នុងសតវត្សរ៍ទី២១នេះ ដើម្បីក្លាយជាអ្នកលក់អចលនទ្រព្យដ៏ពូកែម្នាក់តើបុគ្គលនីមួយៗត្រូវត្រៀមខ្លួនយ៉ាងដូចម្ដេចខ្លះ?

លោកបណ្ឌិត Trevor Suter នាយកផ្នែកអភិឌ្ឍន៍នៃក្រុមហ៊ុន Zillennium Co.,Ltd បានឱ្យដឹងថាជំនាញលក់គឺជាសកម្មភាពមួយដែលបានធ្វើជារៀងរាល់ថ្ងៃ ពេលខ្លះពេលយើងក្រោកពីគេងភ្លាម យើងបានលក់ខ្លួនឯងទៅឱ្យខ្លួនឯងបាត់ទៅហើយ ហើយជំនាញនេះក៏មានច្រើន តែអ្វីដែលយើងត្រូវដឹងត្រូវចេះនោះគឺស្គាល់ពីខ្លួនឯងឱ្យបានច្បាស់និងត្រូវចេះគ្រប់គ្រងវាឱ្យបានល្អផងដែរ។

លោកបន្តថា មនុស្សខ្លះមានជំនាញលក់ពីធម្មជាតិ ក៏ប៉ុន្តែក៏មានជំនាញផ្សេងទៀតដែលពួកគេត្រូវរៀនសូត្របន្ថែមដើម្បីអភិវឌ្ឍន៍ជំនាញនោះ។ សម្រាប់ជំនាញសំខាន់បំផុតរបស់ភ្នាក់ងារលក់អចលនទ្រព្យគឺសមត្ថភាពដែលអាចកសាងទំនាក់ទំនងល្អ ព្រោះថាសមត្ថភាពធ្វើឱ្យគេជឿទុកចិត្ត ធ្វើឱ្យអតិថិជនមើលឃើញថាយើងមានវិជ្ជាជីវៈ មានចំណេះដឹង និងមានជំនាញចំពោះអ្វីដែលយើងកំពុងធ្វើ ។ ក្នុងនោះ មានវិធីជាច្រើនដែលភ្នាក់ងារអចលនវត្ថុគួរអនុវត្ត ដូចជាការសិក្សាស្រាវជ្រាវជាមុន មុនពេលគេចាប់ផ្ដើមចេញទៅលក់នូវផលិតផលអ្វីមួយដូចជាការស្វែងរកព័ត៌មានឱ្យបានច្រើនតាមដែលអាចធ្វើបានពីអតិថិជនរបស់ពួកគេនិងតម្រូវការអតិថិជនជាដើម។

លោកបន្ថែមថា មុនពេលចេញលក់ ភ្នាក់ងារត្រូវសិក្សាពីអតិថិជន ពីចិត្តសាស្ត្ររបស់អតិថិជន ថាតើអតិថិជនត្រូវការអ្វីខ្លះ ដូច្នេះពេលចេញលក់ទៅ អតិថិជននឹងមើលមកយើងគឺជាអ្នកលក់ដ៏ពូកែ ជាអ្នកមានជំនាញ មានវិជ្ជាជីវៈ និងផ្ដល់ការទុកចិត្តពីអតិថិជនផងដែរ។
លោក ”ចំពោះខ្ញុំវិញ ពេលខ្ញុំទៅជួបអតិថិជន ខ្ញុំកម្រនឹងនិយាយពីមុខជំនាញ ឬអាជីវកម្មអ្វីមួយជាមួយអតិថិជននោះឡើយ ទោះបីជាគោលដៅរបស់ខ្ញុំចេញទៅដើម្បីលក់ឬផ្ដល់ដំណោះស្រាយជូនអតិថិជនក្ដៅ។ អ្វីដែលខ្ញុំធ្វើនោះគឺធ្វើឱ្យអតិថិជននិងខ្ញុំកាន់តែមានទំនាក់ទំនងនិងអារម្មណ៍ដូចគ្នា”។

លោក បន្ទាប់ពីយើងបានយល់ចិត្តគ្នាហើយ យើងអាចចាប់ផ្ដើមជជែកមុខជំនួញ ពីផលិតផលដែលយើងចង់លក់ ចាប់ផ្ដើមនិយាយពីការរកស៊ីជាមួយគ្នា ហើយពេលនោះអតិថិជនក៏ហាក់ចូលចិត្តយើង គេមានជំនឿទុកចិត្តមកលើយើង ពីព្រោះថាអតិថិជនឬអ្នកទិញគេនឹងទិញផលិតផលពីអ្នកណាដែលគេចូលចិត្ត អ្នកដែលគេមានទំនាក់ទំនងល្អ ជាពិសេសគឺទិញពីអ្នកដែលគេទុកចិត្តតែប៉ុណ្ណោះ។

អ្នកមានអ្នកជោគជ័យត្រូវបានគេមើលឃើញថាជាអ្នកដែលពូកែលក់។ ការលក់នេះដែរ មិនសំដៅលើការលក់តែផលិតផលមួយមុខទេ តែជាការលក់នូវទំនុកចិត្ត ដែលធ្វើឱ្យគេធ្វើឱ្យទុកចិត្ត គេចូលចិត្តនិយាយអ្វីក៏មានអ្នកចូលចិត្តនិងចង់និយាយជាមួយចង់រាប់អានជាមួយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here