ក្រុមហ៊ុនជប៉ុន Kirin ប្រកាសចាកចេញពីមីយ៉ាន់ម៉ា

0

ដោយ៖ សុខុម

តូក្យូៈ ក្រុមហ៊ុនផលិតស្រាបៀរជប៉ុន Kirin Holdings ដែលជាម្ចាស់ប៊្រែនស្រាបៀរ San Miguel ប៊្រែន Fat Tire និងប៊្រែន Lion ផ្សេងៗទៀតបានប្រកាសនៅថ្ងៃច័ន្ទ ទី១៤ កុម្ភៈ នេះថា ខ្លួននឹងដកខ្លួនចេញពីអាជីវកម្មរបស់ខ្លួនក្នុងប្រទេសមីយ៉ាន់ម៉ា ហើយនឹងបញ្ចប់ការបណ្តាក់ទុនវិនិយោគរួមគ្នាជាមួយក្រុមហ៊ុនជាដៃគូដែលមានយោធាជាខ្នងបង្អែក។

ក្រុមហ៊ុន Kirin Holdings មានជម្លោះជាមួយក្រុមហ៊ុនដៃគូក្នុងស្រុក Myanma Economic Holdings Public Company Limited (MEHPCL) ជុំវិញដំណើរការបញ្ចប់ការបណ្តាក់ទុនផលិតស្រាបៀររបស់ពួកគេ បន្ទាប់ពីយោធាបានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតតាមលទ្ធិប្រជាធិបតេយ្យកាលពីឆ្នាំ២០២១។

ទោះជាយ៉ាងនេះក្ដី នាយកប្រតិបត្តិក្រុមហ៊ុនផលិតស្រាបៀរជប៉ុន មួយនេះធ្លាប់បានប្រកាសថា ក្រុមហ៊ុនចង់រក្សាវត្តមានរបស់ខ្លួននៅក្នុងទីផ្សារមីយ៉ាន់ម៉ា។

អ្នកនាំពាក្យក្រុមហ៊ុននេះនិយាយថា ពេលនេះក្រុមហ៊ុននឹងស្វះស្វែងលក់ចេញអាជីវកម្មចំនួន២នៅក្នុងប្រទេសនេះ នោះគឺក្រុមហ៊ុនផលិតស្រាបៀរ Myanmar Brewery Ltd និងក្រុមហ៊ុនផលិតស្រាបៀរមួយទៀត Mandalay Brewery Ltd។

នៅក្នុងការដកខ្លួនចេញពីប្រទេសមីយ៉ាន់ម៉ា នេះ ក្រុមហ៊ុន Kirin Holdings លើកឡើងថា ខ្លួន “នឹងឱ្យតម្លៃសំខាន់លើជីវភាពរស់នៅ និងសុវត្ថិភាពរបស់និយោជិតក្នុងស្រុក” ដែលមានចំនួនប្រមាណ១.៤៥០នាក់បម្រើការងារនៅក្នុងស្ថាប័នទាំង២។

ដាច់ដោយឡែកពីនេះ ក្រុមហ៊ុន Kirin Holdings និយាយថា ខ្លួននឹងទិញមកវិញរហូតដល់៣,៦%នៃភាគហ៊ុនរបស់ខ្លួនដែលមានតម្លៃ៤៣៣,៣១លានដុល្លារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here