ដោយ ដែន ចែងចាំង
ភ្នំពេញ៖ ស្របពេលកំនើននៃការវិនិយោគ និងទេសចរណ៍កើនឡើងខ្លាំង បច្ចុប្បន្ននេះ ចំនួនកាស៊ីណូនៅក្រុងព្រះសីហនុ បានកើនឡើងរហូតដល់ចំនួន៨០កន្លែងហើយ។
យោងតាមការសិក្សាថ្មីមួយធ្វើឡើងដោយក្រុមហ៊ុន FURI TIMES SQAUREដែលបានបញ្ចប់កាលពីពេលថ្មីៗនេះបានរកឃើញថា ទន្ទឹមនឹងការកើនឡើងនូវចំនួនភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិចំនួន ៧០០០ ទៅ ៩០០០នាក់ក្នុងមួយថ្ងៃ បច្ចុប្បន្នខេត្តព្រះសីហនុមានកាស៊ីណូកើនឡើងដល់ចំនួន៨០ទីតាំង ដែលធ្វើឲ្យខេត្តនេះមានភាពទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិ ពិសេសភ្ញៀវទេសចរណ៍ជនជាតិចិនដែលបានមកកំសាន្ត និងស្វែងរកឳកាសវិនិយោគនៅក្នុងខេត្តនេះ។
បច្ចុប្បន្ននេះខេត្តព្រះសីហនុ មានប្រជាជនរស់នៅជាង៣០ម៉ឺននាក់ ខណៈកាលពីកំឡុងឆ្នាំ២០១៥ ខេត្តនេះមានមនុស្សរស់នៅចំនួនប្រមាណ១០ម៉ឺននាក់ប៉ុណ្ណោះ។
ការសិក្សាដដែលបានរកឃើញថា ចំនួនភ្ញៀវទេសចរណ៍អន្តរជាតិមកទស្សនាកំសាន្តនៅក្នុងខេត្តនេះ ភាគច្រើនចំណាយពេលស្នាក់នៅក្នុងរយៈពេលមួយសប្តាហ៍ និងចំណាយប្រាក់ប្រហែល១៥០ដុល្លារអាមេរិកក្នុងមួយថ្ងៃ។
ស្នងការនគរបាលខេត្តព្រះសីហនុ លោក ជួន ណារិន ធ្លាប់បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទថា ជាមួយនឹងកំណើនប្រជាជន និងចំនួនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកទស្សនាកំសាន្តក្នុងខេត្ត អាជ្ញាធរមូលដ្ឋាន ពិសេសកំលាំងមានសមត្ថកិច្ចតែងបានប្រកាន់ខ្ជាប់នូវគោលការណ៍របស់ខ្លួន គឺការធានាឲ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់ជូនភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ពិសេសអ្នកវិនិយោគឲ្យមានភាពកក់ក្តៅស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល។
លោកបន្តថា “បាតុភាគតិចតួចកើតមានជារឿងធម្មតា ប៉ុន្តែមិនមានអ្វីធ្ងន់ធ្ងរគួរឲ្យបារម្ភនោះទេ ព្រោះយើងបាននិងកំពុងធ្វើការយ៉ាងសកម្មដើម្បីធានាភាពសុខសាន្តរបស់ពលរដ្ឋនៅមូលដ្ឋាន អ្នកទេសចរណ៍ និងអ្នកវិនិយោគនានា”៕