ដោយ គង់ សូរិយា
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទបានសម្តែងសុទិដ្ឋិនយមថា កម្ពុជានឹងសម្រេចបានការនាំចេញចេកអំបូងលឿង ទៅកាន់ជទីផ្សារប្រទេសចិនជាលើកដំបូងក្នុងចុងឆ្នាំនេះ ខណៈផ្ទៃដីដាំចេកអំបូងលឿងបានកើនដល់១ម៉ឺនហិកតានៅកម្ពុជា។
រដ្ឋមន្ត្រីក្រសួង កសិកម្មរុក្ខប្រមាញ់និងនេសាទ លោក វេង សាខុន បានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទ២៧ កញ្ញាកន្លងមកថា គម្រោងនាំចេញចេកអំបូងលឿងទៅកាន់ទីផ្សារប្រទេសចិននេះ ជាគោលនយោបាយថ្មី ដែលក្រសួងកសិកម្មកំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ ដើម្បីបង្កើនកំនើនសេដ្ឋកិច្ចជាតិ។ លោកបន្តថា ការនាំចេញផលិតផលកសិកម្ម ពិសេសចេកអំបូងលឿងនេះ ទាមទារស្តង់ដារមួយជាក់លាក់បំផុត។
លោកបន្តថា “ចេកអំបូងលឿងអាចនាំចេញទៅកាន់ទីផ្សារប្រទេសចិនបាន ត្រូវតែគោរពតាមលក្ខ័ណ្ឌ នៃពិធីសារលើវិធានអនាម័យ ទាំងការជ្រើសរើសពូជ ការដាំដុះ ការថែទាំ និងការវេចខ្ចប់ជាដើម។ បើពុំដូចច្នេះទេក្រុមហ៊ុននាំចេញចេកអំបូងលឿងទាំងនោះ នឹងទទួលការខាតបង់ជាការផាកពិន័យជាដើម។
រហូតមកទល់ពេលនេះ ការដាំចេកអំបូងលឿងបានកើនឡើងយ៉ាងខ្លាំង ដោយផ្ទៃដីដាំដុះមានចំនួនរហូតដល់ជិត១ម៉ឺនហិចតា។
លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ដែលបានវិនិយោគដាំចេញអំបូងលឿងប្រមាណ១០០០ហិកតា ដើម្បីនាំចេញផងដែរបានសម្តែងសុទិដ្ឋិនិយមថា ទីផ្សារចេកអំបូងលឿងជាទីផ្សារធំ ដោយយើងអាចនាំចេញទៅកាន់ប្រទេសចិន ប្រទេសអារ៉ាប់រួម និងបណ្តាប្រទេសដទៃទៀតនៅលើពិភពលោក។លោកបន្តថា ចេកអំបូងលឿងមានទីផ្សារធំ និងផ្តល់ទិន្នផលនិងតម្លៃបន្ថែមច្រើនដល់អ្នកវិនិយោគ ប៉ុន្តែមិនមែនចេកដាំបានសុទ្ឋតែអាចនាំចេញនោះទេ ហេតុនេះទើបលោកគ្រោងបង្កើតរោងចក្រកែច្នៃម្សៅចេក ដើម្បីផលិតជាម្សៅសម្រាប់នាំចេញផងដែរ។
លោកបន្តថា “បច្ចុប្បន្នទីផ្សាររបស់យើងមានភាពទូលំទូលាយ និងមានតម្រូវការច្រើន ហេតុនេះអ្វីសំខាន់យើងមានផលិតផល ដែលមានស្តង់ដាសម្រាប់ផ្គត់ផ្គង់ដល់ទីផ្សារ”៕