ផ្លូវជាតិលេខ១០តភ្ជាប់ពីតំបន់ពា័ព្យប្រទេសទៅកាន់តំបន់ឆ្នេរជាលើកដំបូងសម្រេចបាន៦០ភាគររយហើយ

0

ដោយៈសុផារី

កោះកុងៈ គម្រោងសាងសង់ផ្លូវជាតិលេខ១០ ពីស្រុកសំឡូតខេត្តបាត់ដំបង មកកាន់ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង សាងសង់សម្រេចបានជិត៦០ភាគរយហើយ គិតត្រឹមខែមីនាឆ្នាំ២០២២នេះ។

លោកស្រី មិថុនា ភូថង បានមានប្រសាសន៍ក្នុងសន្និបាតបូកសរុបលទ្ធ​ផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ រប​ស់​រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី១៤ ខែមីនានេះថា ផ្លូវជាតិលេខ១០ ឬផ្លូវជាតិលេខ១៥៥១ ដែលតភ្ជាប់ពីតំបន់ស្រុកសំឡូត ខេត្តបាត់ដំបង កាត់តាមពោធិ៍សាត់ មកកាន់ស្រុកក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង គឺជាសរសៃឈាមសេដ្ឋកិច្ចមួយយ៉ាងសំខាន់ សម្រាប់ខេត្តតំបន់សមុទ្រមួយនេះ។

លោកស្រីបន្តថា “នៅពេលដែលផ្លូវមួយនេះ ស្ថាបនារួចរាល់និងដាក់ដំណើរការនោះ នឹងជួយដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ភ្ញៀវទេសចរក៏ដូចជាការដឹកជញ្ជូនកសិផលផ្សេងៗ ឱ្យកាន់តែមានភាពលឿនរហ័សចំណេ​ញពេលវេលាផងដែរ”។

លោកស្រីមានប្រសាសន៍ថា ជាមួយនឹងវិស័យផ្សេងៗ ដែលយើងអាចទទួលបាន មានសំណង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ សំខាន់នោះគឺវិស័យសាធារណការ និងដឹកជញ្ជូន ដែលយើងបានទទួលនូវបណ្តាញផ្លូវជាតិសំខាន់ៗ ដែលផ្សារភ្ជាប់សរសៃឈាមសេដ្ឋកិច្ច ខេត្តកោះកុង ទៅនឹងតំបន់ផ្សេងៗ ដោយយើងមានផ្លូវជាតិលេខ១០ ឬហៅថាផ្លូវ១៥៥១ តភ្ជាប់ពីក្រុងខេមរៈភូមិន្ទនៃខេត្តកោះកុង ទៅស្រុកសំឡូតខេត្តបាត់ដំបង អាចថាបន្ទាប់ពីតំបន់ផ្នែកកណ្ដាល នៃប្រទេសកម្ពុជាមកនៅមាត់សមុទ្រ។

ផ្លូវជាតិដ៏សំខាន់នេះ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៩ ខែមីនាឆ្នាំ២០២០ ហើយគ្រោងប្រើពេលសាងសង់៤៨ខែ គិតចាប់ពីខែធ្នូឆ្នាំ២០១៩ រហូតដល់ខែធ្នូឆ្នាំ២០២៣។

លោកអន ដាវុធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះ​កុងបានឱ្យដឹងដែរថា គិតត្រឹមខែមីនាឆ្នាំ២០២២ ការសាងសង់ផ្លូវជាតិលេខ១០ សម្រេចបានជិត៦០ភាគរយហើយ។

លោកបានបន្តថា ផ្លូវនេះមិនត្រឹមតែផ្តល់អត្ថប្រយោជន៍ ក្នុងការធ្វើដំណើរឆ្លងកាត់ និងសម្រួលដល់ការដឹកជញ្ជូន កសិផលផ្សេងៗប៉ុណ្ណោះទេ ប៉ុន្តែវាអាចជាផ្នែកមួយ នៃការទាក់ទាញអ្នកទេសចរ ដែលចូលចិត្តធ្វើដំណើរកម្សាន្ត អាចគយគន់ធម្មជាតិដ៏ស្រស់ត្រកាល ដោយសារផ្លូវនេះមានតំបន់ធម្មជាតិជាច្រើន ពិសេសព្រៃឈើក្រាស់យ៉ាងស្រស់ស្អាតផងដែរ។

លោកមានប្រសាសន៍ថា “ឥឡូវនេះ យើងកំពុងដំណើរការបានប្រហែ​លជិត៦០ភាគរយហើយ បើសិនជាផ្លូវជាតិលេខ១០នេះ បានភ្ជាប់ពីសំឡូតមកដល់វាលវែង ហើយពីវាលវែងមកដល់ខេត្តកោះកុងនេះ គឺផ្លូវនេះនឹងផ្តល់អត្ថប្រយោជន៍ជាច្រើន ពិសេសនាំភោគផលពីតំបន់ខាងលិច នៅខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ពោធិ៍សាត់ ចូលមកខេត្តកោះកុង ហើយផ្លូវនេះក៏បម្រើវិស័យទេសចរណ៍ដែរ ដែលយើងអាចនាំភ្ញៀវទេសចរពីខេត្តផ្សេងមកខេត្តកោះកុងទៅកាន់ឆ្នេរតារាសាគរ ក៏ដូចជាកំពង់សោមដែរ”។

ផ្លូវជាតិលេខ១០ គឺជាសរសៃឈាមសេដ្ឋកិច្ចជាតិ ដ៏មានសក្តានុពលរបស់កម្ពុជា អាចជួយសម្រួលដល់ការតភ្ជាប់ ទំនាក់ទំនងគមនាគមន៍ធ្វើសមាហរណកម្មតភ្ជាប់ផ្ទៃក្នុងប្រទេស និងជាតំបន់ និងរួមចំណែកក្នុងការលើកកម្ពស់ប្រសិទ្ធភាព នៃការដោះដូរពាណិជ្ជកម្ម វិនិយោគ ដំណាំកសិផល កសិ-ឧស្សាហកម្ម និងទេសចរណ៍បានឆាប់រហ័ស និងចំណាយតិច ជាពិសេ​សជាមួយប្រទេសជិតខាង៕

LEAVE A REPLY

Please enter your comment!
Please enter your name here