មន្រ្តីជំនាញថាគំរោងបង្កើតរថភ្លើងល្បឿនលឿន តម្លៃ៥០លានដុល្លារទៅកាន់ខេត្តកំពតមិនអាចទៅរួច

0

ដោយ : ស៊ីវ ម៉េង

ភ្នំពេញ : មន្រ្តីជំនាញក្រសួងសាធារណៈការនិងដឹកជញ្ជូនបានថ្លែងថា គំរោងសាង​សង់​ខ្សែរថភ្លើងល្បឿនលឿនពីភ្នំពេញ ទៅកាន់ខេត្តកំពតតម្លៃ៥០លានដុល្លាររបស់អភិ​បាលខេត្តកំពតមិនអាចទៅរួចឡើយ។

លោក វ៉ាស៊ីម សូរិយា អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនបានថ្លែង​ឲ្យដឹង​តាមទូរស័ព្ទនាព្រឹកថ្ងៃទី១ តុលានេះថា គំរោងនេះមិនអាចទៅរួចឡើយ ព្រោះ​ផ្លូវរថភ្លើងធម្មតាមួយគីឡូម៉ែត្រត្រូវចំណាយ៥លានដុល្លារ តែផ្លូវរថភ្លើង​ល្បឿន​លឿន​ចំណាយរហូតដល់៧លានដុល្លារក្នុងមួយគីឡូម៉ែត្រ នេះមិនទាន់គិតពីតម្លៃនៃ​ទូររថភ្លើង​នៅឡើយទេ។ លោកបន្តថា “តាមអ្វីដែលខ្ញុំដឹងគឺថ្នាក់ខេត្ត មិនមាន​សមត្ថកិច្ចសម្រេចកិច្ចការដ៏ធំ​បែបនេះទេ”។

កាលពីសប្តាហ៍មុនក្នុងកិច្ចប្រជុំជាមួយមន្រ្តីពាក់ព័ន្ឋក្នុងខេត្តលោកជាវ តាយអភិ​បាលខេត្តកំពតបានលើកឡើងថា អាជ្ញាធរខេត្តគ្រោងវិនិយោគទឹក​ប្រាក់៥០លាន​ដុល្លារ ដើម្បីសាងសង់រថភ្លើងល្បឿនលឿនពីរាជធានីភ្នំពេញ ទៅកាន់ខេត្តកំពត និងព្រលានយន្តហោះផងដែរ។ លោកបានមានប្រសាសន៍ថា រថភ្លើងល្បឿនលឿន​នេះអាចធ្វើឲ្យការធ្វើដំណើរពីភ្នំពេញ ទៅកាន់ខេត្តកំពតចំណាយពេល១ម៉ោង​ប៉ុណ្ណោះ។ លោកបន្តថា គំរោងនេះអាចអនុញ្ញាត្តឲ្យសាធារណៈជន​វិនិយោគក្នុង​មួយហ៊ុន៥ម៉ឺនដុល្លារ ដោយលោកគ្រោងបង្កើតមូលនិធិនេះ ដែលមានចំនួន​១០០០ហ៊ុន ហើយលោកបានសម្រេចបោះទុន នាំមុខចំនួន៥លានដុល្លារអាមេរិក។ លោកអភិបាលខេត្តបាន​អះអាងថា លោកនឹងពិភាក្សាបញ្ហា​នេះជាមួយលោក​ទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈការនិងដឹកជញ្ជូន។

ផ្លូវជាតិលេខ៣ពីរាជធានីភ្នំពេញ ទៅកាន់ខេត្តកំពតមានប្រវែង១៤៨គីឡូម៉ែត្រ ហេតុនេះ​បើសាងសង់ផ្លូវរថភ្លើងល្បឿនលឿន ដែលចំណាយទឹកប្រាក់៧លាន​ដុល្លារក្នុង​មួយគីឡូម៉ែត្រត្រូវចំណាយរហូតដល់១០៣៦លានដុល្លារអាមេរិក។ នេះមិនទាន់គិតបញ្ចូល​ថ្លៃទូរថភ្លើងទំនើបនៅឡើយទេ។ ហេតុនេះគម្រោងនេះវា​គ្រាន់តែជាការស្រមើស្រម័យរបស់​អភិបាលខេត្តរូបនេះប៉ុណ្ណោះ។ លោក វ៉ាស៊ីម សូរិយា បានថ្លែងថា គម្រោងដ៏ធំបែបនេះ ត្រូវការអនុម័តពីរដ្ឋាភិបាល មិនអាច​ខេត្តធ្វើបានឡើយ ហើយគំរោងបែបនេះត្រូវការរយៈពេលវែងតទៅទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here