បណ្ឌិតគីម ហ៊ាងៈ កត្តាសំខាន់៥នឹងទាក់ទាញការវិនិយោគទុនវិនិយោគដោយផ្ទាល់ពីបរទេសកាន់តែច្រើន

0

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ពីមួយឆ្នាំទៅមួយឆ្នាំ កំណើនវិនិយោគពីបរទេសចូលមកកម្ពុជាកាន់តែច្រើនៗឡើង ហើយទោះបីជាកម្ពុជាជួបប្រទះ នឹងវិបត្តិកូវីដ១៩ក្ដី ក៏កម្ពុជា នៅតែទទួលបានការវិនិយោគពីប្រទេសដដែល។

លោកបណ្ឌិតគីម ហ៊ាងប្រធានKW Cambodia និងជាអ្នកជំនាញនៃវិស័យអចលនទ្រព្យកម្ពុជា និងជាអ្នកវិនិយោគមួយរូបលើវិស័យអចលនទ្រព្យបានបង្ហាញពីកត្តា៥ ដែលជំរុញឱ្យមានការទាក់ទាញវិនិយោគិនបរតេសកាន់តែច្រើន។

លោកបណ្ឌិតបានមានប្រសាសន៍ថា កត្តានយោបាយដែលមានស្ថិរភាពរឹងមាំ បានធ្វើឱ្យវិនិយោគិនជឿទុកលើកម្ពុជា និងបន្តចូលមកស្វែងរកការវិនិយោគ កាន់តែច្រើនពីមួយឆ្នាំទៅមួយឆ្នាំ។ ប្រទេសជិតខាងកម្ពុជាមានការផ្លាស់ប្តូរមេដឹកនាំ ជាញឹកញាប់ពីរបីឆ្នាំត្រូវផ្លាស់ប្តូរ ប្រទេសខ្លះ៥ឆ្នាំ តែសម្រាប់កម្ពុជាយើង មានមេដឹកនាំដែលមានបទពិសោធន៍។ ដូច្នេះហើយទើបនយោបាយយើងមានស្ថិរភាពរឹងមាំ មានការជឿទុកចិត្តពីអ្នកវិនិយោគក្នុងនិងបរទេស ដែលធ្វើឱ្យកម្ពុជាកាន់តែទាក់ទាញ ការវិនិយោគពីប្រទេសជាច្រើន។

លោកបណ្ឌិតបន្តថា កត្តាទី២គឺកត្តាសេដ្ឋកិច្ច ដែលសេដ្ឋកិច្ចរបស់កម្ពុជាមានការរីកចម្រើនរៀងរាល់ឆ្នាំ ក្នុងរង្វង់៧ភាគរយក្នុងមួយឆ្នាំ និងកម្រមានប្រទេសណា លើពិភពលោកកើនឡើងក្នុងរង្វង់ប៉ុណ្ណឹងណាស់។ ប៉ុន្តែក្នុងរយៈពេល២ឆ្នាំមកនេះ កំណើនសេដ្ឋកិច្ចបានថមថយបន្តិច ដោយសារតែកូវីដ១៩ ហើយមិនមែនតែកម្ពុជាទេ ដែលរងផលប៉ះពាល់គឺប្រទេសទាំងអស់ទូទាំងពិភពលោកតែម្ដង។

លោកបណ្ឌិតគីម ហ៊ាងបានបន្តថា “វិនិយោគិនលើពិភពលោកគេចូលចិត្តទៅវិនិយោគប្រទេសណា ដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ដូចជាកម្ពុជា ”។

លោកបណ្ឌិតបានបន្ថែមផងដែរថា កត្តាសំខាន់ទី៣ ដែលធ្វើឱ្យវិនិយោគិនចង់មកកម្ពុជានោះ គឺកំណើនប្រជាសាស្ត្ររបស់កម្ពុជា ។ ប្រជាជនកម្ពុជាបច្ចុប្បន្ននេះ មានចំនួនសរុបជាង១៦លាននាក់ ហើយប្រជាជនភាគច្រើនគឺជាយុវជន ដែលកើតក្រោយសម័យខ្មែរក្រហម។ ប្រទេសមួយដែលមានប្រជាជនពី៦៨ ទៅ៧០ភាគរយជាយុវជន គឺជាប្រទេសមួយដែលមានអំណាចនៃការទិញ និងកំលាំងពលកម្ម។ អំណាចនៃការទិញ គឺការចាយលុយ ហើយកំលាំងពលកម្មក៏មិនខ្វះដែរ។

រោងចក្រភាគច្រើន ដែលមកកម្ពុជាគឺតែងតែកោតសរសើរពីកម្ពុជាដោយមិនខ្វះកំលាំងពលកម្ម សម្រាប់បំពេញការងារក្នុងរោងចក្រគេទេ ។

លោកបន្ថែមទៀតថា ប្រទេសជាច្រើននៅលើពិភពលោក កំពុងមានបញ្ហានូវកង្វះខាតកំលាំងពលកម្ម សម្រាប់ធ្វើការដូចជានៅប្រទេសជប៉ុន ហើយសម្រាប់កម្ពុជា មានធនធានមនុស្សច្រើន ចង់បានប៉ុន្មានក៏បានដែរ ហេតុនេះហើយ ទើបធ្វើឱ្យបរទេសចង់មកបណ្ដាក់ទុនវិនិយោគនៅកម្ពុជា។

កត្តាទី៤ដែលសំខាន់នោះ គឺកត្តាភូមិសាស្តៈ កម្ពុជាជាប្រទេសមួយនៅក្នុងតំបន់អាស៊ាន និងក្នុងទ្វីបអាស៊ី ហើយជាប្រទេសមួយដែលមានអំណោយផលកត្តាភូមិសាស្ត្រពីធម្មជាតិ ហើយកម្ពុជាជាប្រទេសមួយដែលសឹងតែគ្មានគ្រោះធម្មជាតិ ដូចជារញ្ជួយដី ខ្យល់ព្យុះ ទឹកជំនន់ បន្ទុះភ្នំភ្លើង ខណៈប្រទេសជាច្រើនមានតែខ្មែរគ្មាន។ ក្នុងនោះដែរកម្ពុជាជាប្រទេសដែលមានផ្ទៃដីរាបស្មើ៧៥ភាគរយ។ ដូច្នេះដីកម្ពុជាអាចធ្វើកសិកម្ម និងសាងសង់ផ្សេងៗទៀត។ កម្ពុជាក៏មានភ្នំ មានទន្លេ ឆ្នេរសមុទ្រក៏មាន សរុបទៅកម្ពុជាប្រទេសមានសណ្ឋានដីល្អឥតខ្ចោះ ។

លោកបញ្ជាក់ថា កត្តាទី៥ ដែលទាក់ទាញវិនិយោគិននោះ គឺប្រជាជនកម្ពុជា ជាប្រជាជនដែលមានភាពរួសរាយរាក់ទាក់។ នៅពេលបរទេសចូលមកស្រុកខ្មែរ គេតែងតែសរសើរពីអត្តចរឹករបស់ប្រជាជនកម្ពុជា គឺតែងតែញញឹមរួសរាយដល់ភ្ញៀវ និងជនបរទេស ដែលចូលមកទាំងទេសចរ និងវិនិយោគិន។ អ្វីដែលសំខាន់ប្រជាជនកម្ពុជា ដែលទៅបរទេសគួរតែនិយាយល្អពីកម្ពុជា ទៅកាន់បរទេស ដើម្បីឱ្យបរទេសចូលកម្ពុជា កាន់តែច្រើនថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here