លោកជំទាវ ម៉ែន សំអន ​៖ សហគ្រិនកម្ពុជាមានកាលានុវត្តន៍ភាពធ្វើឲ្យអាជីវកម្មរីកចម្រើន

0

ដោយ ​៖ ដែន ចែងចាំង

ភ្នំពេញ ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រី្តបានថ្លែងថា សហគ្រិនកម្ពុជាទាំងអស់  មានកាលានុវត្តន៍ភាពធ្វើអាជីវកម្មបានរីកចម្រើន ក៏ដោយ​សារ​គោលនយោបាយសេដ្ឋកិច្ច មានលក្ខណៈបើកទូលាយសេរី មិនមានការរឹតត្បិត ហើយដែលសំខាន់គឺ ប្រទេសជាតិមានសុខសន្តិភាព។

លោកជំទាវកិតិ្តសង្គហបណ្ឌិតបានមានប្រសាសន៍ក្នុងពិធីបើកសម្ពោធហាងកាហ្វេអ៊ីនថៈនីន ដែលមានមូលដ្ឋាននៅប្រទេសថៃនាព្រឹកថ្ងៃទី១ តុលានេះថា រាជរដ្ឋាភិបាល​កម្ពុជា នីតិកាលទី៦នៃរដ្ឋសភា តាមរយៈយុទ្ឋសាស្រ្តចតុកោណដំណាក់កាលទី៤ មានចែងច្បាស់ពីការលើកស្ទួយវិស័យឯកជន រួមទំាងការគំាពារសហគ្រាសធុនតូច​និងមធ្យម និងចាត់ទុកជាសរសរទ្រូងមួយ នៃការជំរុញកំណើនសេដ្ឋកិច្ចផងដែរ។  ជាពិសេសបើប្រទេ​សជាតិមានសន្តិភាព ប្រជាជនមានឱកាសសិក្សារៀនសូត្រ បង្កើន​នូវជំនាញថ្មីៗ ហើយមានឱកាសប្រើប្រាស់ជំនាញនោះ ក្នុងមុខរបរ​អាជីកម្មរបស់​ខ្លួនផងដែរ។ ដូច្នេះកត្តាសន្តិភាពគឺជាកត្តាសំខាន់បំផុត។

លោកជំទាវបានបន្តថា “ស្មារតីសហគ្រិនភាពរបស់កម្ពុជា ដែលកំពុងមានសន្ទុះ​កើន​ឡើង និងមានគុណភាពមិនចាញ់បរទេសឡើយ។ ជាក់ស្តែងថ្ងៃនេះ លោកជំទាវ យក់ សម្បត្តិ  ដែលបើកសម្ពោធ ហាងកាហ្វេអ៊ីនថះនីន និងសាឡន នេះឡើង ពិតជា​បង្ហាញ​ឱ្យឃើញពីភាពល្បីល្បាញរបស់សហគ្រិនកម្ពុជា”។ លោកជំទាវបន្តថា “ការបើកសហគ្រាសថ្មីនេះ ក៏ជាការរួមចំណែកមួយក្នុងការអភិវឌ្ឍន៏សេដ្ឋកិច្ច តាមរយៈការបង់ពន្ឋ និងបង្កើតការងារដល់សិស្ស និងនិស្សិត ដែលបាន​បញ្ចប់ការ​សិក្សា ឬកំពុងសិក្សាក្នុងការ រកចំណូលចិញ្ចឹមជីវិតឬរកចំណូលបន្ថែមសំរាប់រៀន​សូត្របន្ត”។

លោកស្រី Jiranun Wongmongkol ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន RCG Retail (Cambodia) ដែលទទួលបានសិទ្ធិផ្តាច់មុខក្នុងការនាំចូលកាហ្វេម៉ាក អ៊ីនថៈនីន បានមានប្រសាសន៍ថា ទីផ្សារកាហ្វេនៅក្នុងប្រទេសកម្ពុជាមានការរីក​ចម្រើន ជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារតែកាហ្វេបានក្លាយទៅជាជម្រើស ភេសជ្ជៈមួយដ៏ពេញនិយម ប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា ជាពិសេសយុវវ័យ។ ការសម្រេច​ចិត្តរបស់យើងក្នុងការបើកហាងកាហ្វេនៅកម្ពុជា បានធ្វើឡើងបន្ទាប់ពី​បានដឹងយ៉ាងច្បាស់ ពីសក្តានុពល លក្ខណៈពិសេសប្រជាប្រិយភាព និងកេរ្តិ៍ឈ្មោះ​របស់កាហ្វេនេះ ដែលមានភាពពេញនិយមខ្លាំងនៅក្នុងប្រទេសថៃ។ ពេលយើងបើក​សាខា​នៅក្នុងប្រទេសម្ពុជា ទាំងនៅខេត្តសៀមរាបក្តី ទាំងនៅទីក្រុងភ្នំពេញក្តី យើង​ឃើញ​ថា ប្រជាជនកម្ពុជាយ៉ាងច្រើន ក៏និយមពិសាកាហ្វេ អ៊ីនថៈនីន នេះផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here