រដ្ឋមន្រ្តីកសិកម្មចុះពិនិត្យគំរោងដាំចេកអំបូងលឿងដែលមានតម្លៃវិនិយោគ ៣២លានដុល្លារ

0

ដោយ ៖ វុត្ថា
ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ លោក វេង សាខុន បានចុះពិនិត្យគំរោងដាំចេកអំបូងលឿងរបស់ក្រុមហ៊ុន ឡង មេត អេហ្គ្រីខលឈ័រដែលគ្រោងបោះទុន៣២លានដុល្លារអាមេរិក។
ក្រុមហ៊ុននេះបានវិនិយោគដាំចេកអំបូងលឿង ដើម្បីធ្វើការនាំចេញជាចំបងទៅសាធារណរដ្ឋប្រជាមានិតចិន និងផ្គត់ផ្គង់ទីផ្សារក្នុងស្រុកនេះ ស្ថិតនៅភូមិជុំផ្តៅ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត។


នៅក្នុងដំណើរចុះទៅពិនិត្យវឌ្ឍនភាព នៃគម្រោងវិនិយោគរបស់ក្រុមហ៊ុននៅថ្ងៃទី ១ ខែតុលា នេះ តំណាងក្រុមហ៊ុននេះបានជម្រាបលោក វេង សុខុន បានថ្លែងឲ្យដឹងថា គម្រោងវិនិយោគរបស់ក្រុមហ៊ុននេះ គឺជាការបណ្ដាក់ទុនវិនិយោគរួមគ្នា រវាងអ្នកវិនិយោគគិនក្នុងស្រុក និងក្រៅស្រុក ដែលមានទំហំទឹកប្រាក់ ប្រមាណជា៣២លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ធ្វើការដាំដុះដំណាំចេកអំបូងលឿង លើផ្ទៃដីជាង១,០០០ហិកតា ដែលជាដំណាក់កាលទី១នៃផែន ការវិនិយោគ។
មកដល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនបានដាំកូនចេកបានជាង៣០០ហិកតា ដោយកូនចេកនីមួយៗ បានឆ្លងកាត់ការបង្កាត់ពូជចេញពីជាលិកា ការដាំដុះ និងថែទាំប្រកប​ដោយបច្ចេកទេសនិងស្តង់ដារ ដើម្បីតម្រូវចិត្ត ក៏ដូចជាស្របតាមតម្រូវការនៃទីផ្សារនាំចេញ។

អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺគម្រោងវិនិយោគកសិដ្ឋានចំការចេកបានស្រូបយកកំលាំងពលកម្មប្រមាណជា៥០០នាក់ និងត្រូវស្រូបយក១០០០នាក់បន្ថែ មទៀតក្នុងដំណាច់ឆ្នាំ២០១៨នេះ ដើម្បីជួយធ្វើការប្រមូលផល និងកែច្នៃវេចខ្ចប់ផលចេកជាង៣០ ០០០តោន។
លោករដ្ឋមន្ត្រី វេង សាខុន បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងសមិទ្ធិផលនានាដែលក្រុមហ៊ុនសម្រេចបានក្នុងរយៈពេលដ៏ខ្លី ព្រមទាំងបានសាទរចំពោះភាពឆ្លាតវៃរបស់ក្រុមហ៊ុន ដែលបានចាប់យកឱកាសធ្វើការវិនិយោគ កសិដ្ឋានចំការចេកអំបូងលឿង ចំពេលដែលទីផ្សារចេកនៃប្រទេសចិន ត្រូវបានបើកជូនកម្ពុជាតាមរយៈការចុះពិធីសារស្តីពីលក្ខខណ្ឌភូតគាមអនាម័យ សំរាប់ការនាំចេកកម្ពុជាទៅកាន់ប្រទេសចិន រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអគ្គរដ្ឋបាលគយ នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨ កន្លងមកនេះ។


លោកបញ្ជាក់ថា “សមិទ្ធផលនេះ ស្តែងចេញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការលើកស្ទួយវិស័យកសិកម្ម និងប្រែក្លាយវិស័យកសិកម្មទៅជាកសិ-ឧស្សាហកម្ម និងវិស័យឯកជនទៅជាកសិពាណិជ្ជករ រួមជាមួយការជម្រុញធ្វើទំនើបកម្មកសិកម្ម ដើម្បីបង្កើនការទុកចិត្តពីអ្នកបញ្ជាទិញ និងបង្កើនប្រាក់ចំណូលដល់ក្រុមហ៊ុន និងកម្មករ ដែលឈានទៅសម្រេចឲ្យបាន នូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការប្រែក្លាយប្រទេសទៅជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០”៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here