ដោយស៊ីវ ម៉េង
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលអះអាងថា កម្ពុជានឹងទាញយកធនធានប្រេងកាត និងរ៉ែមាសបាននៅក្នុងអាណត្តិថ្មីនេះ ដែលធ្វើឲ្យការប្រមូលចំណូលពីធនធានរ៉ែនឹងកើនឡើងខ្ពស់។
លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានថ្លែងលើកឡើងនៅក្នុងពិធីអបអរសាទរទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨កន្លងមកថា នៅក្នុងអណត្តិថ្មីនេះយើងរំពឹងថា នឹងប្រមូលបានរ៉ែមាសពីក្នុងដី និងទាញយកធនធានចេញពីវិស័យប្រេងកាតវិញ ព្រោះយើងនឹងមានអណ្តូងប្រេងកាតមួយ ដែលអាចរំពឹងថា នឹងផ្តល់ប្រេងដល់ប្រទេសជាតិយើង នៅក្នុងអណត្តិទី៦នេះ ដើម្បីដាក់ចូលក្នុងកញ្ចប់ថវិកាជាតិសម្រាប់យកមកអភិវឌ្ឍន៍សង្គម។
លោកបន្តថា “វិស័យទាំង៣នៅក្រោមការគ្រប់គ្រងរបស់ក្រសួង ពិសេសវិស័យថាមពលបានជម្រុញគ្រប់គ្រងឲ្យអគ្គិសនីមានស្ថិរភាព គុណភាព សុវត្ថិភាព ដែលកម្ពុជាអាចមានអគ្គិសនីគ្របដណ្តប់ទូទាំងប្រទេស ក្នុងតម្លៃទាប និងគោរពឲ្យបានអំពីបញ្ហាបរិស្ថាន។ លោកបន្តថា ជាក់ស្តែងគិតមកដល់ពេលនេះ វិស័យអគ្គិសនី ក្រសួងបានអភិវឌ្ឍន៍ពីគ្មានអគ្គិសនីប្រើប្រាស់ រហូតមកដល់ពេលនេះ យើងមានប្រភពថាមពលជាង ២ពាន់មេហ្គាវ៉ាត់ នឹងបានអូសខ្សែភ្លើងបានគ្រប់ដណ្តប់ជាង៨៥ភាគរយ នៅតាមភូមិក្នុងក្របខណ្ឌទូទាំងប្រទេស និងជម្រុញតភ្ជាប់បណ្តាញឲ្យបានគ្រប់ភូមិទូទាំងប្រទេសនៅក្នុងឆ្នាំ២០២០ ខាងមុខនេះ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ឲ្យដឹងផងដែរថា យើងមានរោងចក្រស៊ីម៉ងត៍ធំៗ ដែលបានកំពុងផ្គត់ផ្គង់ស៊ីម៉ង់ក្នុងស្រុកតាមតម្រូវការ ដោយបានកាត់បន្ថយជាអតិបរិមានៃការនាំចូល ខណៈដែលនៅទស្សវត្សទី៨០ និង៩០ យើងបាននាំចូលស៊ីម៉ងត៍១០០ភាគរយ ។ដូច្នេះពាក់ព័ន្ធនឹងវិស័យថាមពល រ៉ែ និងវិស័យប្រេងកាត នៅក្នុងអណត្តិទី៦ថ្មីនេះ យើងនឹងប្រមូលផលចំណូលនៅគ្រប់វិស័យ បានច្រើនជាងអាណត្តិណាៗទាំង ក្នុងការចូលរួមចំណែកបង្កើនប្រាក់ចំណូលដល់សេដ្ឋកិច្ចជាតិ។
លោកបណ្ឌិតម៉ី កល្យាណប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានសិក្សាដើម្បីការអ ភិវឌ្ឍបានថ្លែងថា ការប្រមូលចំណូលរបស់ជាតិមានភាពល្អប្រសើរ ដោយសារការដឹកនាំប្រកបដោយឆន្ទៈរបស់ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានពន្ឋដា ប៉ុន្តែវឌ្ឍនភាពនេះនៅមិនទាន់សម្រេចបានតាមអ្វីដែលយើងចង់បាននៅឡើយទេ ព្រោះចំណូលពន្ឋអាចទទួលបានច្រើនជាងនេះ ប្រសិនជាបើយើងប្រមូលបាននិងធ្វើការងារកាន់តែមានប្រសិទ្ឋិភាព។
លោកបន្តថា “ការប្រមូលពន្ឋទាមទារការអត់ធ្មត់ និងឆន្ទៈរ៉ឹងមាំ និងមានឆន្ទៈនយោបាយ ទើបយើងអាចប្រមូលបានច្រើន”៕