ឧកញ៉ា សៀ រិទ្ធី លូកដៃ​កាន់តែ​ជ្រៅ​ក្នុង​វិស័យ SME ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ លោក​ឧកញ៉ា សៀ រិទ្ធី ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន World Bridge Group ដែល​ល្បីល្បាញ​លើ​ការវិនិយោគ​អចលនទ្រព្យ ពេលនេះ​លោក​បាននិងកំពុង​លូកដៃ​ចូលក្នុង​វិស័យ​ថ្មី​មួយទៀត គឺ​វិស័យ​សហគ្រាស​ធុន​តូច​និង​មធ្យម (SME) ដើម្បី​ជួយ​ជំ រុញ​វិស័យនេះ​ឲ្យ​មាន​ភាព​រីកចម្រើន។

មានប្រសាសន៍​ក្នុង​ពិធី​បើក​សិក្ខាសាលា​ស្តីពី ការអភិវឌ្ឍ​ចង្កោម​សហគ្រាស​ធុន​តូច​និង​មធ្យម​ថ្មី កាលពី​ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨កន្លងមក លើកឡើង​ស្របគ្នា​នេះដែរ លោក​ឧកញ៉ា សៀ ឬ​ទ្ធី បាន​មានប្រសាសន៍ថា ដោយសារតែ​ក្រុមហ៊ុន​លោក​មាន​ចក្ខុវិស័យ​ស្របគ្នា នឹង​ស៊ីសង្វាក់​ជាមួយ​រដ្ឋាភិបាល​លើ​គោលនយោបាយ និង​ទិសដៅ​អភិវឌ្ឍន៍​ចង្កោម​សហគ្រាស​ធុន​តូច និង​មធ្យម ទើប​ក្រុមការងារ​ដែលមាន​សម​ត្ថ​ភាព​បាន​ពិគ្រោះ​យោបល់​ពី​អាទិភាព​និង​លទ្ធភាព ក្នុងការ​អភិវឌ្ឍ​ផែនការ​មួយ​នេះ ឲ្យ​កាន់​តែមាន​សក្ដានុពល និង​ការទទួលខុសត្រូវ និង​មានការ​ចូលរួម​ទ្រទ្រង់​ជា​លក្ខណៈ​ស្តង់ដារ​អន្តរជាតិ។

លោក​ឧកញ៉ា​បន្តថា “ដើម្បី​ឲ្យ​ការ​ចងក្រង​ជា​បណ្ដុំ​សហគ្រាស​ធុន​តូច និង​មធ្យម​កាន់​តែមាន​ប្រសិទ្ធភាព ខ្ញុំ​បាន​ចុះហត្ថលេខា ដើម្បី​ធ្វើ​កិច្ច​ជាមួយ​ស្ថាប័ន​អន្តរជាតិ​ធំ​ពីរ គឺ​អង្គការសហប្រជាជាតិ (UNDP) និង​អង្គការសហប្រជាជាតិ​ដើម្បី​អភិវឌ្ឍន៍​ឧស្សាហកម្ម (UNIDO) ដើម្បី​ធ្វើ​ឲ្យ​ប្រាកដថា អ្វីដែល​ពួកយើង​ធ្វើ​នឹង​ទទួលបាន​ប្រយោជន៍​ខ្ពស់ និង​មាន​ប្រសិទ្ធភាព​ខ្ពស់។

រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម លោក​គឹម ទូច​បាន​មានប្រសាសន៍​ឲ្យ​ដឹងផង​ដែរ​ថា ដើម្បីអោយ​ខ្សែសង្វាក់​ផលិតកម្ម​របស់​វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា​កាន់តែ​ប្រសើរឡើង មិនមែន​មានតែ​ជា​ការងារ​ក្រសួង​តែមួយ​ទេ តែ​ត្រូវមាន​ការចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ដូចជា​វិស័យ​ឯកជន ជាពិសេស​ពី​វិស័យនេះ​ផ្ទាល់​តែម្ដង។  លោក​បន្តថា វិស័យ​មួយ​នេះ​ប្រាកដជា​ពិបាក​រីកចម្រើន​ណាស់ បើ​មិនមាន​ការលើកទឹកចិត្ត​ពី​សំណាក់​រដ្ឋាភិបាល និង​ដៃគូ​ពាក់ព័ន្ធ​នានា ហើយ​បើសិនជា​វិស័យនេះ​មិនមាន​ការរីកចម្រើន​នោះទេ កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា ក៏​ពិបាក​នឹង​សម្រេចបាន​ទៅតាម​ផែនការ​នោះដែរ។

លោក​បន្តថា “ហេតុនេះ​ទើប​រដ្ឋាភិបាល ដែលមាន​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​តែងតែ​ជំរុញ  និង​លើកទឹកចិត្ត​រាល់​ការច្នៃប្រឌិត​នានា​របស់​សហគ្រិន ក្នុង​វិស័យ​សហគ្រាស​ធុន​តូច​និង​មធ្យម​កម្ពុជា”៕

LEAVE A REPLY

Please enter your comment!
Please enter your name here