ដោយៈគង់ សូរិយា
កំពតៈ ក្រុមហ៊ុនសុខាអូតែលបាន និងកំពុងត្រៀមខ្លួនស្វាគមន៍ ដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិនានា ដែលចង់ស្វែងយល់ពីទីតាំងរមណីយដ្ឋានភ្នំបូកគោ ដែលកំពុងអភិវឌ្ឍន៍ជាទីក្រុងឆ្លាតវៃ។
ប្រធានផ្នែកលក់ និងទីផ្សារនៃក្រុមហ៊ុនសុខាអូតែល សាយ សុភ័ត្រាបានមានប្រសាសន៍ឲ្យដឹងកាលពីដើមសប្តាហ៍នេះថា កន្លងមកភ្ញៀវទេសចរណ៍ ពិសេសភ្ញៀវទេសចរណ៍ជាតិ ពេលឡើងមកកំសាន្តនៅលើរមណីយ ដ្ឋានភ្នំបូកគោ ពួកគាត់បើករថយន្ត និងដើរក្រវិលចុះ ក្រវិលឡើង និងពេលខ្លះវង្វេងផ្លូវបន្តិចក៏បានធ្វើដំណើរចុះទៅវិញ ដោយមិនបានធ្វើដំណើរកំសាន្តនៅតាមរមណីយដ្ឋានបែបវប្បធ៌ម សាសនា ប្រវត្តិសាស្រ្ត និងធម្មជាតិនៅលើភ្នំនេះនៅឡើយទេ។
លោកបន្តថា “នៅលើរមណីយដ្ឋានភ្នំបូកគោ បើចង់ដើរសព្វកន្លែង និងអាចរីករាយជាមួយទេសភាពធម្មជាតិ និងអាកាសធាតុដ៏ត្រជាក់នេះ ភ្ញៀវទេសចរណ៍ អាចចំណាយពេលពីរថ្ងៃ ទើបអាចដើរកំសាន្តបានសព្វកន្លែង”។លោកបន្តថា “រមណីយដ្ឋាននេះ មានរមណីយដ្ឋានជាច្រើន រួមមាន វាលស្រែ១០០ វាលស្រែ៥០០ ព្រះវិហារសំពៅប្រាំ ទឹកជ្រោះពពកវិល កាស៊ីណូ ព្រះវិហារសាសនាគ្រឹះ ដែលបានបន្សល់ទុកតាំងពីសម័យអាណានិគមជាដើម”។
លោកសាយ សុភ័ត្រាបានបន្តឲ្យដឹងទៀតថា ដោយសារអាកាសធាតុល្អប្រសើរ ត្រជាក់ និងមានសីតុណ្ណភាពជាមធ្យម១៨អង្សារ បានផ្តល់ភាពអំ ណោយផលដល់អ្នកមានជំងឺសួត និងផ្លាស្មា ដែលបានមកសំរាកលំហែរនៅលើកំពូលភ្នំ ដែលមានកំពស់១០៧០ម៉ែត្រនេះ។ ទឡ្ហីករណ៍៍នេះ បានសរសេរបញ្ជាក់ថោយជនជាតិបារាំង ដែលបានមកទស្សនា និងស្រាវជ្រាវនៅទីនេះ។
លោកបន្តថា “ហេតុនេះ ក្រុមហ៊ុនសុខាសូមស្វាគមន៍ដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលចង់មកស្វែងយល់ពីរមណីយដ្ឋាននេះ ដែលព៌តមានពួកគាត់ អាចរកបាននៅក្នុងបរិវេណសណ្ឋាគារ និងកាស៊ីីណូលើកំពូលភ្នំនេះ”។ លោកបន្តថា “ជាមួយគ្នានេះ ក្រុមហ៊ុនក៏មានការផ្តល់សេវាកម្មមគ្គុទេសក៏ទេសចរណ៍ ដល់ភ្ញៀវជាតិ អន្តរជាតិដែលមកកំសាន្តនៅលើកំពូលភ្នំ ក៏ដូចជា ទីក្រុងបូកគោ”។
ទីក្រុងបូកគោបច្ចុប្បន្នបាន និងកំពុងអភិវឌ្ឍន៍ជាទីក្រុងថ្មីមួយ ដែលក្រុមហ៊ុននឹងអភិវឌ្ឍជាទីក្រុងឆ្លាតវៃ គ្របដណ្តប់លើផ្ទៃដី៣០,០០០ហិកតា ដែលរហូតមកទល់ពេលនេះ លំនៅដ្ឋាននៅក្នុងគំរោងបុរីចំនួន៣បាននិងកំពុងបញ្ចប់ និងកំពុងដំណើរការសាងសង់ ដែលរហូតមកទល់ពេលនេះក្រុមហ៊ុនបានវិនិយោគអស់ទឹកប្រាក់ ប្រមាណ៥០០លានដុល្លារអាមេរិករួចហើយ៕