ដោយៈវឌ្ឍនៈ
ភ្នំពេញៈ ម៉ាឡេស៊ីជាប្រទេស ដែលមានការវិនិយោគច្រើនមួយនៅក្នុងប្រទេសកម្ពុជា ហើយគម្រោងនិងទឹកប្រាក់វិនិយោគ របស់ម៉ាឡេស៊ី នៅក្នុងប្រទេសកម្ពុជា ក៏បានកើនឡើងជាបន្តបន្ទាប់ផងដែរ។
ជាក់ស្ដែងគិតត្រឹមដំណាច់ខែកុម្ភៈ២០២២ គម្រោងវិនិយោគរបស់ម៉ាឡេស៊ី នៅកម្ពុជាមានចំនួន១៦២គម្រោង ដោយគិតជាទឹកប្រាក់មានចំនួនជាង៣,២ពាន់លានដុល្លារអាមេរិក ។នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅថ្ងៃទី២៤មីនា២០២២។
នៅក្នុងជំនួបជាមួយលោកHaji Ali Binmodhrustam អភិបាលរដ្ឋម៉ាឡេស៊ី នៃប្រទេសម៉ាឡេស៊ីនៅថ្ងៃទី ២៤ មីនា ២០២២ លោកនុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជម្រាបជូនពីកាលនុវត្តន៍ភាពវិនិយោគនៅកម្ពុជា ដល់វិនិយោគិននិងប្រតិភូម៉ាឡេស៊ី។
លោកក៏បានជម្រាបជូនអំពីច្បាប់ស្ដីពី ការវិនិយោគថ្មីនៃព្រះរាជាណាចក្រកម្ពុជា ទៅដល់ម៉ាស៊ីឡេដែលជាកត្តាទាក់ទាញ និងសម្រួល ដល់ការវិនិយោគរបស់វិនិយោគិនម៉ាឡេស៊ី និងវិនិយោគិនបរទេសផ្សេងទៀតផងដែរ ។
លោកHaji Ali Binmodhrustam អភិបាលរដ្ឋម៉ាឡេស៊ី នៃប្រទេសម៉ាឡេស៊ីបានសន្យា នឹងគៀរគរវិនិយោគិនម៉ាឡេស៊ីបន្ថែមមកវិនិយោគនៅក្នុងប្រទេសកម្ពុជា ដោយនឹងផ្ដល់នូវព័ត៌មានសំ ខា ន់ស្ដីពីការវិនិយោគរបស់កម្ពុជា ទៅកាន់វិនិយោគិនម៉ាឡេស៊ីផងដែរ ។
លោកនឹងជំរុញឱ្យវិនិយោគិនម៉ាឡេស៊ី ចូលមកសិក្សានិងស្វែងរកការវិនិយោគ នៅក្នុងប្រទេសកម្ពុជាបន្ថែម ដើម្បីជំរុញពាណិជ្ជកម្ម និងទំនាក់ទំនងវិនិយោគទៅវិញទៅមកផងដែរ។
លោកនុត អ៊ុនវ័ណរ៉ាក៏បានបង្ហាញពីការស្វាគមន៍ និងត្រៀមខ្លួន ក្នុងការសហការជាមួយវិនិយោគិនម៉ាឡេស៊ី ដែលចូលមកកម្ពុជា ដើម្បីស្វែងរកការវិនិយោគនានា ទៅតាមវិស័យខណៈសក្ដានុពលវិនិយោគនៅកម្ពុជា នៅមានធំធេងសម្រាប់វិនិយោគិន ក្នុងការដាក់ទុនរកប្រាក់ចំណេញ៕