ដោយៈគង់ សូរិយា
ព្រះសីហនុៈ ជាមួយនឹងដំណើរវិវត្តន៍កាន់តែប្រសើរ ព្រលានយន្តហោះក្រុងព្រះសីហនុបានទទួលជើងហោះហើរច្រើនជាងមុន ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយ។
អ្នកនាំពាក្យនៃរដ្ឋបាលខេត្តព្រះសីហនុ លោកឃាង ភារម្យ បានមានប្រសាសន៍ឲ្យដឹងតាមបណ្តាញតេឡេក្រាមកាលពីល្ងាចថ្ងៃទី២៤មិនាថា រហូតមកទល់ពេលនេះ អាកាសយានដ្ឋាន ខេត្តព្រះសីហនុទទួលបានការហោះហើរតភ្ជាប់ត្រង់ច្រើនជាងមុន ដោយបច្ចុប្បន្នមានអាកាសចរណ៍ហោះត្រង់ មកកាន់ព្រលាននេះចំនួនបីលើកក្នុងមួយសប្តាហ៍ និងមានការហោះហើរត្រង់ពីប្រទេសចិនផងដែរ ប៉ុន្តែចំនូនអ្នកដំណើរនៅមានកម្រិតនៅឡើយ។
លោកបន្តថា “ជាមួយនឹងការមកដល់របស់អ្នកដំណើរនេះ អ្នកវិនិយោគចិនបានវិលត្រលប់មកវិញបណ្តើរៗផងដែរ ប៉ុន្តែមិនទាន់មានចំនួនច្រើននៅឡើយ”។ លោកបន្តថា “ជាបញ្ហាគឺកម្ពុជាបានបើកចំហជើងមេឃ មិនមានការធ្វើចត្តាឡីស័ក ប៉ុន្តែរដ្ឋាភិបាលចិនបានបន្តរឹតបន្តឹងខ្លាំងនៅឡើយ”។
ក្រុងព្រះសីហនុ មានការរីកចម្រើនយ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយទំហំទុនវិនិយោគក្នុងវិស័យសំណង់គិតចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ទំហំទឹកប្រាក់ក្នុងវិស័យនេះ មានរហូតដល់ប្រមាណ៨០០០លានដុល្លារអាមេរិក។
លោកឧកញ៉ាលឹម ហេងអនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានមានប្រសាសន៍ថា អ្នកវិនិយោគចិនបាននិងកំពុងវិលត្រលប់មកវិញហើយ ហើយទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ នឹងកើនឡើងថែមទៀត ដោយសារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា ចិនបានចូលជាធរមាន ខណៈកិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្រិតតំបន់ កម្ពុជាបានផ្តល់សច្ចាប័នរូចហើយ។
លោកបន្តថា “សេដ្ឋកិច្ចកម្ពុជានឹងមានកំនើនខ្ពស់ ស្របពេលលំហូរទុនវិនិយោគ នឹងកើនឡើងខ្លាំងនាពេលខាងមុខនេះ ព្រោះកម្ពុជា នឹងក្លាយជាមូលដ្ឋានផលិតធំមួយ សម្រាប់នាំចេញដោយរួចពន្ឋទៅកាន់ទីផ្សារប្រទេសចិន”។
ប្រធានាធិបតីចិន លោកស៊ី ជីនពីងក្នុងកិច្ចសន្ទនាជាមួយសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាកាលពីសប្តាហ៍មុន បានសន្យាជម្រុញឲ្យអាកាសចរណ៍ចិន កាន់តែច្រើនហោះហើរមកកម្ពុជាឡើងវិញ។ ជាមួយគ្នានេះ លោកបានសន្យានាំចេញផលិតផលកសិកម្មពីកម្ពុជា ទៅកាន់ប្រទេសចិនឲ្យបានច្រើននាពេលខាងមុខផងដែរ៕