ដោយៈសុខុម
អន្តរជាតិ: សហរដ្ឋអាមេរិក កំពុងធ្វើការជាមួយអង្គការបក្សសម្ព័ន្ធយោធា NATO ដើម្បីត្រៀមប្រុងជើងការទប់ទល់ក្នុងករណីរុស្ស៊ី ប្រើប្រាស់អាវុធជីវសាស្ត្រឬអាវុធនុយក្លេអ៊ែរ ខណៈបណ្ដាប្រទេសអភិវឌ្ឍន៍ឈានមុខគេ របស់ពិភពលោក គ្រោងធ្វើការព្រមានប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ប្រឆាំងនឹងការដាក់ពង្រាយអាវុធបែបនេះ។
ខណៈការឈ្លានពានរបស់រុស្ស៊ី ចូលប្រទេសអ៊ុយក្រែន បានឈានចូលដល់ខែទី២ មន្ត្រីអាមេរិក ជាន់ខ្ពស់មួយរូបបានទម្លាយឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ ទី២៤ ខែមីនា ថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន កំពុងធ្វើការជាមួយបណ្ដាសម្ព័ន្ធមិត្តដើម្បីត្រៀមប្រុងជើងការ និងចាត់វិធានការទប់ស្កាត់ការប្រើប្រាស់អាវុធប្រល័យលោកពីសំណាក់រុស្ស៊ី ព្រមទាំងវិធានការវេជ្ជសាស្រ្ត និងវិធានការទប់ទល់ដទៃទៀតដើម្បីជួយដល់អ៊ុយក្រែន។
ការទម្លាយព័ត៌មាននេះធ្វើឡើង នៅពេលប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន បានជួបជាមួយថ្នាក់ដឹកនាំអង្គការ NATO ក្នុងទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក មួយថ្ងៃបន្ទាប់ពីទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បាននិយាយសម្រាលចំពោះហានិភ័យ នៃការវាយប្រហារដោយអាវុធនុយក្លេអ៊ែរ។
បណ្តាមេដឹកនាំនៃក្រុមប្រទេស G7 ដែលរួមមានកាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន អង់គ្លេស និងសហរដ្ឋអាមេរិក គ្រោងនឹងធ្វើការព្រមានថា ពួកគេនឹងបន្តផ្ដល់ “ផលវិបាកធ្ងន់ធ្ងរ” ដល់ប្រទេសរុស្ស៊ី តាមរយៈការអនុវត្តពេញលេញ និងពេញទំហឹងនូវទណ្ឌកម្ម ដែលបណ្ដាប្រទេសបានដាក់រួចហើយ ហើយត្រៀមអនុវត្តវិធានការបន្ថែមទៀត។
លោក ចូ បៃឌិន កំពុងស្ថិតនៅក្នុងទីក្រុងព្រុចសែល ដើម្បីចូលរួមកិច្ចប្រជុំកំពូលចំនួន៣ជាមួយអង្គការ NATO ក្រុមប្រទេស G7 និងសហភាពអឺរ៉ុប ខណៈក្រុមមេដឹកនាំពិភពលោក បានបង្ហាញសាមគ្គីភាព នៅក្នុងការប្រឆាំងនឹងការឈ្លានពានដោយរុស្ស៊ី ហើយព្យាយាមបង្កើនវិធានការ ដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ច៕ South China Morning Post៕