ដោយៈ សុខុម
ក្រុងឡុងដ៍: ប្រទេសរុស្ស៊ី ក្រោមការដឹកនាំរបស់បុរសខ្លាំង វ៉្លាឌីមៀ ពូទីន បានបញ្ឆេះសង្គ្រាមចូលឈ្លានពាន ប្រទេសអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ។
ជាការឆ្លើយតប អង្គការបក្សសម្ព័ន្ធយោធា ដែលមានសហរដ្ឋអាមេរិកនៅពីក្រោយខ្នង និងបណ្ដាសម្ព័ន្ធមិត្តបានថ្កោលទោសរុស្ស៊ី យ៉ាងខ្លាំង និងបានដាក់ទណ្ឌកម្មធ្ងន់ធ្ងរ ជាបន្តបន្ទាប់ដូចទឹកបាក់ទំនប់។
ទណ្ឌកម្មធំៗបំផុតគួរឱ្យកត់សម្គាល់ រួមមាន ដូចជា ការបង្កកទុនបម្រុងអន្តរជាតិ ជាង១០០ពាន់លានដុល្លាររបស់ធនាគារកណ្ដាលរុស្ស៊ី ការកាត់ផ្ដាច់ប្រទេសរុស្ស៊ី ចេញពីប្រព័ន្ធទូទាត់ប្រាក់របស់សកលលោក SWIFT បម្រាមលើការនាំចូលប្រេង និងឧស្ម័នរុស្ស៊ី ការបង្កកទ្រព្យសម្បត្តិរបស់ថ្នាក់ដឹកនាំ និងក្រុមមហាសេដ្ឋីរុស្ស៊ី និងការដាក់សម្ពាធឱ្យក្រុមហ៊ុនអន្តរជាតិ និងប្រទេសនានាផ្ដាច់ទំនាក់ទាក់ទំនង ពាណិជ្ជកម្មជាមួយប្រទេសរុស្ស៊ីជាដើម។
លើសពីនេះ ក្រោយទទួលរងសម្ពាធ ប្រទេសស្វ៊ីសបានបង្ខំចិត្តទម្លាយព័ត៌មានសម្ងាត់ដ៏កម្រថា ក្រុមមន្ត្រី និងក្រុមមហាសេដ្ឋី រុស្ស៊ី មានប្រាក់តម្កល់នៅធនាគារនានារបស់ខ្លួន រហូតដល់ទៅជាង២០០ពាន់លានដុល្លារ។ បើព័ត៌មានដ៏សម្ងាត់នេះ ត្រូវបានលាតត្រដាងបែបនេះ គឺច្បាស់ណាស់ថា លុយមហាសាលទាំងនោះនឹងត្រូវបង្កកដោយស្វ័យប្រវត្តិ។
បើទណ្ឌកម្មជុំទិស និងធ្ងន់ធ្ងរដល់ម៉្លឹង ដែលពុំធ្លាប់មានក្នុងប្រវត្តិសាស្ត្ររបស់ពិភពលោក តើសេដ្ឋកិច្ចរបស់ប្រទេសរុស្ស៊ី មានស្ថានភាពបែបណាហើយពេលនេះ ក្រោយសង្គ្រាមឈ្លានពានអ៊ុយក្រែន ឈានចូលដល់ខែទី២?។
យោងតាមទីភ្នាក់ងារព័ត៌មាន Reuters ចុះផ្សាយនៅថ្ងៃសុក្រ ទី២៥ ខែមីនា នេះឱ្យដឹងថា តម្លៃរូបិយប័ណ្ណជាតិរូប៊ល (Ruble) របស់រុស្ស៊ី បានធ្លាក់ចុះយ៉ាងខ្លាំង ហើយមូលបត្របំណុល និងភាគហ៊ុនរបស់រុស្ស៊ី ត្រូវបានដកចេញពីសន្ទស្សន៍ផ្សារភាគហ៊ុនពិភពលោក។ ជាលទ្ធផល ពេលនេះពលរដ្ឋរុស្ស៊ី កំពុងជួបវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ដែលអាចនឹងបន្តអូសបន្លាយច្រើនឆ្នាំទៅមុខ។
យោងតាមធនាគារពិភពលោក (Wolrd Bank) ឱ្យដឹងថា នៅឆ្នាំ២០២០ ប្រទេសរុស្ស៊ី គឺជាសេដ្ឋកិច្ចធំបំផុតទី១១ របស់ពិភពលោក។
ទោះជាយ៉ាងណា យោងតាមលោក Jim O’Neill អតីតជំនាញសេដ្ឋកិច្ចនៅធនាគារអាមេរិក Goldman Sachs ឱ្យដឹងថា នៅដំណាច់ឆ្នាំ២០២២នេះ រុស្ស៊ី អាចធ្លាក់ចំណាត់ថ្នាក់មកនៅត្រឹមលេខ១៥ ដោយផ្អែកលើអត្រាប្តូរប្រាក់រូបិយប័ណ្ណរ៉ូប៊ល ត្រឹមដំណាច់ខែកុម្ភៈ។
ដូចនេះប្រទេសរុស្ស៊ី នឹងជួបវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ដោយជៀសមិនផុត។ ក្រុមអ្នកជំនាញសេដ្ឋកិច្ច ដែលត្រូវបានស្ទង់មតិដោយធនាគារកណ្តាលព្យាករណ៍ថា សេដ្ឋកិច្ចរុស្ស៊ី នឹងធ្លាក់ចុះ៨%នៅឆ្នាំនេះ ហើយអតិផរណានឹងហក់ឡើងខ្ពស់រហូតដល់២០%។
ការព្យាករណ៍ ដោយក្រុមអ្នកជំនាញសេដ្ឋកិច្ច នៅក្រៅប្រទេសរុស្ស៊ី បង្ហាញថា សេដ្ឋកិច្ចរុស្ស៊ី នឹងជួបវិបត្តិកាន់តែធ្ងន់ធ្ងរជាងនេះទៅទៀត។ តួយ៉ាង វិទ្យាស្ថានហិរញ្ញវត្ថុអន្តរជាតិ (Institute of International Finance) ព្យាករថា សេដ្ឋកិច្ចរុស្ស៊ី នឹងធ្លាក់ចុះ១៥%នៅក្នុងឆ្នាំ២០២២ នេះ។
ទន្ទឹមនេះយោងតាមសារព័ត៌មាន CNBC ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី១៤ ខែមីនា ឱ្យដឹងថា ក្រុមអ្នកជំនាញសេដ្ឋកិច្ច វិនិយោគិន និងអ្នកការទូតបានព្យាករណ៍ថា សេដ្ឋកិច្ចរុស្ស៊ី នឹងដើរថយក្រោយយ៉ាងតិច៣០ឆ្នាំ។
ពួកគេបានលើកឡើងថា សេដ្ឋកិច្ចរុស្ស៊ី នឹងដាំក្បាលចុះខ្លាំងជិតដល់កម្រិតអំឡុង សម័យសហភាពសូវៀត ដែលវានឹងធ្វើឱ្យកម្រិតជីវភាពរបស់ប្រជាជនរុស្ស៊ី ធ្លាក់ចុះយ៉ាងហោចណាស់៥ឆ្នាំ។
ប្រព័ន្ធហិរញ្ញវត្ថុ និងរូបិយប័ណ្ណរបស់រុស្ស៊ី កំពុងដួលរលំជាបណ្ដើរៗហើយ ដោយបង្ខំឱ្យវិមានក្រឹមឡាំង (រុស្ស៊ី) បិទផ្សារហ៊ុន និងពង្រឹងការប្រើប្រាស់រូបិយប័ណ្ណជាតិ នៅក្នុងព្រំដែនរបស់ខ្លួន។
ជាការពិតណាស់ កិច្ចខិតខំប្រឹងប្រែងរយៈពេល៤០ឆ្នាំរបស់ រុស្ស៊ី ក្នុងការកសាងសេដ្ឋកិច្ចដ៏រុងរឿង សម្បូរសប្បាយដោយផ្អែកលើទីផ្សារសេរី ដែលបានចាប់ផ្តើមចាប់តាំង ពីក្រោមការដឹកនាំរបស់អតីតមេដឹកនាំលោក មីកាអ៉ិល ហ្គោបាឆេវ (Mikhail Gorbachev) បានបរាជ័យរួចទៅហើយ៕ Reuters៕